Wednesday, August 20, 2025
Homeសង្គម និងជីវិតដេកចាំផ្ទះឱ្យប្អូន១យប់ ខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ដេកចាំផ្ទះឱ្យប្អូន១យប់ ខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវប្អូនថ្លៃពឹងឱ្យមកជួយដេកចាំផ្ទះឱ្យ ព្រោះរវល់ជូនប្រពន្ធទៅព្យាបាលជំងឺនៅភ្នំពេញ លុះព្រឹកឡើង មិនទាន់ឃើញក្រោកពីដំណេក សាច់ញាតិក៏ចូលទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះប្អូនថ្លៃឈ្មោះវ៉េត វាត ស្ថិតក្នុងភូមិកោះទៀវក ឃុំសំពៅពូន ស្រុកកោះធំ។

បុរសរងគ្រោះ ដែលដេកស្លាប់លើផ្ទះប្អូនថ្លៃ មានឈ្មោះឌល បូរ៉ា អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះជា ស្ងួន ត្រូវជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) តែងតែដេក សម្រាកនៅផ្ទះរបស់ខ្លួនជាប្រចាំ។ រហូតមកដល់យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដេកនៅផ្ទះប្អូនថ្លៃ ដែលស្ថិតនៅទល់មុខផ្ទះរបស់ខ្លួន ដោយសារប្អូនថ្លៃរវល់នាំប្រពន្ធទៅព្យាបាលជំងឺនៅភ្នំពេញ។ លុះព្រឹកឡើងបងប្អូន មិនឃើញជនរងគ្រោះបើកទ្វាចេញពីផ្ទះ នាំគ្នាផ្លោះរបងចូលទៅមើល ស្រាប់ឃើញជនរងគ្រោះដេកស្លាប់នៅលើកំរាលឥដ្ឋបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍សុំ អន្តរាគមន៍ពីសមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការមួយមានប៉ុស្តិ៍រដ្ឋបាលកោះទៀវក អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីធ្វើការពិនិត្យសាកសព ឃើញថាពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសផ្សេងឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺខ្យល់គរពិតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES