ភ្នំពេញ ៖ ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦ នឹងចូលមកដល់ នៅថ្ងៃអង្គារ ១២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ។ ទេវតាឆ្នាំមមី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ កបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបទុម (ឈូក) អាភរណៈទ្រង់មោរា ព្រះហស្តស្តាំ ទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេង ទ្រង់កៅទណ្ឌ ភក្សាហារ លោហិត (ឈាម) ជិះអស្សតរ (សេះ) ជាពាហនៈ។

សុភមស្តុ វរមង្គលាជយាតិរេក ព្រះបុទ្ធសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៩ ត្រឹមនឹងគណនាឆ្នាំមមី ឥឡូវនេះ សង្ក្រាន្ត នឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ពេលនោះ ព្រះអាទិត្យចរ ចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី តាមគោវិថី គឺផ្លូវកណ្តាល ទើបមានទេពធីតាមហាសង្ក្រាន្ត មួយព្រះអង្គ ជាមគ្គនាយិកា ដែលជាបុត្រីទីបី របស់កបិលមហាព្រហ្ម ព្រះនាម រាក្យសាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបទុម (ឈូក) អាភរណៈ ទ្រង់មោរា ព្រះហស្តស្តាំ ទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេង ទ្រង់កៅទណ្ឌ ភក្សាហារ លោហិត (ឈាម) ទ្រង់គង់ឈររំពៃលើខ្នងអស្សតរ (សេះ) ជាពាហនៈ ទើបនាំអស់ពួកនិករទាំងមួយសែនកោដិ ហោះឆ្ពោះទៅកាន់គុហារកែវ ឈ្មោះគន្ធមាលី ឯទីភ្នំកៃលាស ខេត្តហេមពាន្ត ដែលជាទីប្រតិស្ឋានទុកព្រះសិរសា នៃអង្គកបិលមហាព្រហ្ម ព្រះវរបិតា តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាល តាមផ្លូវព្រះអាទិត្យចរ ជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ។ រួចស្រេចស្តេចប្រជុំអស់ទេវបុត្រ ទេពធីតា ទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអន្តោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ មាត់គោឧសភរាជ ទាំង៧ ត្រជាក់ត្រជំក្សេមក្សាន្តព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្រ និមិត្តថ្វាយ ដើម្បីបន្ទោបង់នូវអពមង្គល ឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្តី ជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្ត តរៀងទៅ។
ពិធីសង្ក្រាន្ត ៣ថ្ងៃ ៖
-ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី
-ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវារៈកណ្តាល
-ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវារៈឡើងស័ក។
គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំមមី អដ្ឋស័ក ចុល្លសករាជ ១៣៨៨ មហាសករាជ ១៩៤៨ តទៅ។
ក្នុងឱកាសសង្ក្រាន្ត ទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលីការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថិយ ជាចិត្តអប្រិយ ជាប់ដោយគំនុំគុំកួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំ ឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ ប្រការ តាំងពីឆ្នាំថ្មីនេះ តរៀងទៅ។

រណ្តាប់ទទួលទេវតា ៖
រណ្តាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតាមួយ នៅខាងមុខផ្ទះ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ ៖ បាយសី ៩ថ្នាក់ មួយគូ បាយសី ៧ថ្នាក់ មួយគូ បាយសី ៥ថ្នាក់ មួយគូ បាយសី ៣ថ្នាក់ មួយគូ បាយសីប៉ាក ឆាម មួយគូ ស្លាធម៌ មួយគូ ទឹកអប់ មួយគូ (ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ) ចេកនួន ចេក ណាំវ៉ា ដាក់លើជើងពាន មួយគូ ផ្លែឈើ ១១មុខ រៀបដាក់ជើងពាន ១គូ ដូងឡៅ មួយគូ ទឹកស្អាត ពីរកែវ។
ស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះ នមស្ការព្រះរតន ត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរឭក លុះចប់ពិធីទទួលទេវតា ។
ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ តំណាងឲ្យព្រះរាជា ព្រះបរមរាជវាំង ចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ថ្នាក់ ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមាន ទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្អដែរ។ ចំពោះផ្លែឈើ សម្រាប់ប្រជារាស្ត្រ គួររៀបឲ្យបានត្រឹម ៣ឬ៥មុខ ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួង ពីលើ គ្រប់តង្វាយ នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។

ទំនាយជោគជតារាសីអ្នកកើតឆ្នាំមមី ៖
លោកអ្នកកើតឆ្នាំមមី ពង្សទេវតាស្រី នាមជាសត្វសេះ ធាតុ ភ្លើង ទន្សាកំណើត នៅថ្ងៃសៅរ៍សិរីធ្លាក់មកពីដៃស្ដាំរបស់ព្រហ្ម មូលព្រលឹងនៅនឹងដើមចេក។ កាលណាទៅរស់នៅកន្លែងណាទីណា ឲ្យយករំសេវ ឬដីខ្សាច់ ទៅដាក់ពូនគល់ចេក រកដើមចេក មកដាំទុកខាងជើង និងខាងលិចផ្ទះដែលខ្លួនរស់នៅ ទើបនឹងមានសិរីមង្គល រស់នៅត្រជាក់ត្រជំ ជាសុខ ។
មនុស្សកើតឆ្នាំមមី រមែងជាមនុស្សមានឫកពាក្រអឺតក្រទម តែសន្តានចិត្តល្អ ជាទីពឹងពាក់ ពុំនាក់អាស្រ័យនៃញាតិមិត្តបាន ។ ពាក្យសម្តីនិយាយ ច្រើនគ្រោតគ្រាត មិនសូវទន់ភ្លន់។ សត្រូវច្រើនកើតបានដោយសារតែសម្តីរបស់ខ្លួន ។ ជាមនុស្សមានវាសនាខ្ពស់ មិនអាចអ្នកណាប៉ុនប៉ងពាធាបានឡើយ ។
កាលពីនៅតូច ច្រើនលំបាកវេទនា តែដល់ចូលវ័យចាស់ នឹងក្លាយជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានសតិបញ្ញាឈ្លាសវៃ ប៉ិនប្រសប់ក្នុងការរកស៊ី យល់នូវជម្រៅគ្រប់ល្បិចកលរបស់មនុស្ស ។ ចូលចិត្តភ្លេងភ្លាត់ និងល្បែងផ្សេងៗ បើផ្លាស់លំនៅទៅទីដទៃ ល្អប្រសើរជាងនៅក្នុងទីកន្លែងកំណើត ។
មុខរបរដែលស័ក្តិសមនឹងមនុស្សកើតឆ្នាំមមី ៖ ពេទ្យ គ្រូហ្ម អ្នកវិទ្យាសាស្ត្រ មេធាវី និងជាអ្នកជំនួញជួញដូរ ។ បើធ្វើការងារដែលយកកម្លាំងកាយទៅប្តូរ ដូចជា ធ្វើស្រែចម្ការ ច្បារដំណាំ នឹងបានផលជាមធ្យម ។
ថ្ងៃជាសិរីមង្គល សម្រាប់អ្នកកើតឆ្នាំមមី ៖
ថ្ងៃដែលជាសិរីមង្គល ដើម្បីជ្រើសរើសសម្រាប់ប្រើក្នុងពិធីសំខាន់ៗ របស់ខ្លួន ដូចជារៀបអាពាហ៍ពិពាហ៍ លើករាសី បុណ្យទានធំៗ ពិធីជាមង្គលផ្សេងៗដែលទាក់ទងនឹងសុវត្ថិភាពសេចក្តីចម្រុងចម្រើនរុងរឿងក្នុងជីវិត ត្រូវ តែចាប់ផ្តើមឡើងជាដំបូង គឺថ្ងៃ ៖ ១-ថ្ងៃសៅរ៍ ២-ថ្ងៃអាទិត្យ ៣-ថ្ងៃអង្គារ ៤-ថ្ងៃពុធ។
ការជ្រើសរើសគូស្រករ សម្រាប់មនុស្សកើតឆ្នាំមមី ៖
-បើប្រុស គួរជ្រើសរើស គូស្រករដែលមានឆ្នាំកំណើត ៖ ឆ្នាំវក និងឆ្នាំច
-បើប្រុស មិនគួរជ្រើសរើស គូស្រករដែលមានឆ្នាំកំណើត ៖ ឆ្នាំជូត និងឆ្នាំថោះ
-បើស្រី គួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើត ៖ ឆ្នាំថោះ និងឆ្នាំវក
-បើស្រី មិនគួរជ្រើសរើសគូស្រករដែលមានឆ្នាំកំណើត ៖ ឆ្នាំឆ្លូវ ឆ្នាំខាល និងឆ្នាំកុរ ៕
ខៀវទុំ