Friday, April 10, 2026
Homeសង្គម និងជីវិតប្តីមកដល់ផ្ទះឃ្លាន វ៉ៃប្រពន្ធសន្លប់ ខឹងវក់លេងបៀ អត់ដាំបាយស៊ី

ប្តីមកដល់ផ្ទះឃ្លាន វ៉ៃប្រពន្ធសន្លប់ ខឹងវក់លេងបៀ អត់ដាំបាយស៊ី

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ចេះតែកើតរឿងរកាំរកូស ឈ្លោះប្រកែកគ្នាជាញឹក ញាប់ ដោយសារស្ត្រីជាប្រពន្ធ ចូលចិត្តលេងបៀ មិនសូវនឹកនារឿងបាយទឹកប្តីនិងកូន ហើយបុរសជាប្តី តែណែនាំ ស្តីបន្ទោសដែរ តែប្រពន្ធមិនស្តាប់ ម៉្ងៃៗរវល់តែវក់លេងបៀ លុះចុងក្រោយ បុរសជាប្តី បានត្រឡប់មកដល់ផ្ទះ ឃ្លានបាយ ក៏បើកឆ្នាំង បំណងដួសបាយស៊ី តែមិនឃើញមានបាយ​ ក៏ផ្ទុះកំហឹង ឈានដល់ហិង្សា វាយប្រពន្ធរហូតដល់សន្លប់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីអំពើហិង្សា ប្តីវាយប្រពន្ធសន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល ៩យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលវាយប្រពន្ធសន្លប់ មានឈ្មោះ រក្សា អាយុ ៣០ឆ្នាំ មុខរបររើសអេតចាយ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានកូនតូច ចំនួន២នាក់ ក្នុងបន្ទុក ស្នាក់នៅបន្ទប់ជួល ជាន់ទី២ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែក ក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងប្តីប្រពន្ធខាងលើ ឈ្លោះគ្នាតឹងសរសៃក តែមិនដឹងថាឈ្លោះរឿងអ្វីទេ ស្រាប់តែបន្តិចក្រោយមក ឃើញបុរសជាប្តី ស្ទុះទៅវាយប្រពន្ធ ទាំង កំរោល ដោយប្រើកៅអីជ័រ វាយសន្ធាប់ បណ្តាលឱ្យស្ត្រីជាប្រពន្ធ សន្លប់ស្តូកតែម្តង។

តាមប្រភពយុវតីម្នាក់ដែលស្នាក់នៅបន្ទប់ជួលក្បែរស្ត្រីរងគ្រោះ បានបង្ហើបប្រាប់ថា ប្តីប្រពន្ធខាងលើ កន្លងមកឧស្សាហ៍ទាស់សម្តីគ្នាណាស់ គ្រាន់តែមិនមានអំពើហិង្សាដូចលើកនេះឡើយ។ ប្តីប្រពន្ធទាំងពីរ មានការងារធ្វើរៀងខ្លួន ដោយបុរសជាប្តី ប្រកបរបរដើររើសអេតចាយ ចំណែកប្រពន្ធ ក៏ចេញទៅធ្វើការងារដែរ ប៉ុន្តែស្ត្រីជាប្រពន្ធ ឱ្យតែត្រឡប់មកពីធ្វើការវិញ តែងលេងបៀ ជាប្រចាំ ទើបធ្វើឱ្យប្តីខឹង ព្រោះលុយរកបានមិនសល់ ណា មួយប្រពន្ធវក់លេងបៀ មិនសូវគិតគូររឿងបាយទឹកប្តីនិងកូន ទើបប្តី ចេះតែស្តីបន្ទោស និងណែនាំប្រពន្ធ ឱ្យឈប់លេងល្បែង តែប្រពន្ធមិនស្តាប់ ធ្វើឱ្យកើតជាជម្លោះជាញឹកញាប់ តែកន្លងមក បុរសជាប្តី មិនដែលប្រើហិង្សាលើប្រពន្ធទេ។

ប្រភពដដែល បន្តថា លុះមកដល់យប់កើតហេតុ ពេលបុរសជាប្តី​ មកដល់ផ្ទះ ឃ្លានបាយ ក៏ទៅបើកឆ្នាំង ដើម្បីដួសបាយស៊ី តែមិនឃើញមានបាយ មានតែបាយកក ១ដុំ​ក្រៀមផ្អេះ ឯម្ហូបក៏មិនឃើញមាន​ ក៏ដើរទៅហៅប្រពន្ធដែលកំពុងអង្គុយលេងបៀ​ ជាមួយអ្នកជិតខាង ឱ្យដាំ បាយ តែប្រពន្ធនិយាយថា “ចុះឯងនៅផ្ទះ មិនដាំហូបទៅ!” ធ្វើឱ្យបុរសជាប្តី ខឹងសម្បា រហូតផ្ទុះហិង្សា ស្ទុះដាល់ប្រពន្ធ វាយតប់ជាច្រើនដៃ រួចទាញកៅអីជ័រ វាយប្រពន្ធថែមទៀត រហូតដល់ស្ត្រីជាប្រពន្ធ ដួលសន្លប់ស្តូកតែម្តង។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ បានជួយរឺតច្របាច់​ សង្គ្រោះបឋាម និងទំនាក់ទំនងហៅរថយន្តសង្គ្រោះ ​មកដឹកស្ត្រីរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកបុរសជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES