Sunday, February 15, 2026
Homeសង្គម និងជីវិតថ្ងៃភ្ជាប់ពាក្យ សង់រោងរួច រុះវិញ កូនក្រមុំ-កូនកំលោះឈ្លោះគ្នា

ថ្ងៃភ្ជាប់ពាក្យ សង់រោងរួច រុះវិញ កូនក្រមុំ-កូនកំលោះឈ្លោះគ្នា

ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់គូស្នេហ៍មួយគូ ដែលបានស្រលាញ់គ្នាដោយចិត្តនិងចិត្ត គ្មានអ្នកណាបង្ខំ រហូតឈានដល់ព្រមព្រៀងកំណត់ថ្ងៃភ្ជាប់ពាក្យនឹងគ្នា។ លុះដល់ថ្ងៃកំណត់ ខាងចុងភៅ ដេគ័រ និងរោង បានមករៀបចំដំឡើងរោង ជិតរួចរាល់ទៅហើយ បែរជាត្រូវឪពុកម្តាយកូនក្រមុំ មកប្រាប់ឱ្យរុះរោងចេញវិញ ដោយសារតែកូនកំលោះ និងកូនក្រមុំ កំពុងឈ្លោះគ្នាបែកផ្សែង ហើយសម្រេចរំសាយពិធីភ្ជាប់ពាក្យនេះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិពោធិ៍ជ្រែក ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

យោងតាមឃ្លីបវីដេអូ ដែលបង្ហោះតាមបណ្តាញសង្គម ដោយខាងចុងភៅ និងអ្នកសង់រោងពិធីភ្ជាប់ពាក្យនោះ បុរសម្នាក់ដែលជាអ្នករៀបចំដេគ័រ និងសង់រោងពិធីភ្ជាប់ពាក្យ បាននិយាយដូច្នេះថា “រោងក៏ដំឡើងហើយ កំពុងរៀបដំឡើង ឥឡូវរុះចេញវិញ កូនប្រុស កូនស្រី គេឈ្លោះគ្នា អីវ៉ាន់ខាងដេគ័រ គេមកហើយ ១រ៉ឺម៉ក ពិស្ណុការក៏រៀបហើយ ឥឡូវគេរៀបយកទៅផ្ទះវិញ ថ្ងៃទី១២ ខែ០២ ឆ្នាំ២០២៦ បងប្អូនធ្លាប់ជួបទេ? ខ្ញុំជួប ១រោងហើយ ឥឡូវរោងកំពុងតែលើកមកខាង ឥឡូវផ្អាកសិន អីវ៉ាន់ខ្ញុំដាក់មកដេគ័រហើយ ប្រុងនឹងរៀបឥឡូវហើយ តែឪពុកម្តាយកូនក្រមុំថា គេអត់ព្រមនឹងគ្នាម៉េចទេ ជួបហើយ ជួបរបស់ពិតមួយហើយ…”។

ជុំវិញករណីខាងលើ «នគរធំ» មិនអាចទាក់ទងសាមីខ្លួនកូនក្រមុំ និងកូនកំលោះ រួមទាំងឪពុកម្តាយតាំងសង ខាង ដើម្បីសុំការបកស្រាយបំភ្លឺពីមូលហេតុសម្រេចរំសាយពិធីភ្ជាប់ពាក្យខាងលើនេះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES