ខេត្តរ្តតនគិរី ៖ ការសិក្សាស្រាវជ្រាវជីវៈចម្រុះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វព្រៃសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិ វីរជ័យ។ ឧទ្យានជាតិនេះ ស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជាដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃ គ្រប់ប្រភេទ។


តាមរយៈកិច្ចសហការរវាងអង្គការសត្វព្រៃនិងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិ ស្ថានខេត្តរតនគិរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទ ដូចជា ៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកល្មួន ១ប្រភេទ។ សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើ នេះមាន ២ប្រភេទ ជាសត្វជិតផុតពូជបំផុត ៥ប្រភេទ ជាសត្វជិតផុតពូជ និង១៣ប្រភេទ ជាសត្វងាយរងគ្រោះ។

ដោយឡែក កំណត់ត្រាវីដេអូ បានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាព និងភាពសម ស្របនៃទីជម្រកធម្មជាតិ តំបន់ឧទ្យានជាតិ វីរជ័យ។

ប្រភេទសត្វកម្រសំខាន់ៗជាច្រើន រួមមាន ៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត៕




