Wednesday, May 1, 2024
Homeសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រងអាជីវកម្មខ្សាច់

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រងអាជីវកម្មខ្សាច់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច កំណត់គោលការណ៍គ្រប់គ្រងអាជីវកម្មខ្សាច់ ដោយប្រគល់ភារកិច្ចជូនក្រសួងរ៉ែនិងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាង លើការធ្វើអា ជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំ រហូតដល់ការចេញអាជ្ញាបណ្ណ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៧២ សសរ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្តីពីការកំណត់គោលការណ៍គ្រប់គ្រង និងការធ្វើអាជីវកម្មធនធានខ្សាច់ បានសម្រេច ដូចខាងក្រោម ៖

ប្រការ១.- ត្រូវបានប្រគល់ភារកិច្ចជូនក្រសួងរ៉ែនិងថាមពល ជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ដោយគិតចាប់ពីពេលដាក់ពាក្យស្នើសុំ រហូតដល់ការចេញអាជ្ញាបណ្ណ។ រាល់អាជ្ញាបណ្ណទាំងអស់ ក្រសួងរ៉ែនិងថាមពល ត្រូវចម្លងជូនក្រសួង ស្ថាប័ន ពាក់ព័ន្ធ។

ប្រការ២.- ការផ្តល់អាជ្ញាបណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទ ត្រូវអនុវត្តចំពោះតំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងផ្អែកតាមលទ្ធផលវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ប្រការ៣.- ក្រសួងធនធានទឹកនិងឧតុនិយម ដោយសហការជាមួយក្រសួងរ៉ែនិងថាមពល ត្រូវកំណត់តំបន់ធនធានខ្សាច់ជា ៣ (បី) តំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាលើជលវិទ្យានិងជលគតិ ដូចខាងក្រោម ៖

១- តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម។

២- តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស។

៣- តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម។

តំបន់ទាំង៣ (បី) ខាងលើ ត្រូវមាននិយាមការឱ្យបានច្បាស់លាស់។

ប្រការ៤.- ក្រសួងបរិស្ថាន ត្រូវធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយមានការចូលរួមពីក្រសួងរ៉ែនិងថាមពល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងធនធានទឹកនិងឧតុនិយម។ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើឡើងដោយ គោរពតាមបទដ្ឋានបច្ចេកទេស និងត្រូវកំណត់រយៈ ពេលអតិបរមានៃការផ្តល់សេវានិងតម្លៃសេវាឱ្យបានសមរម្យ។

ប្រការ៥.- អាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ ត្រូវមានសុពលភាពកំណត់ រយៈពេល២ (ពីរ) ឆ្នាំ និងពុំអនុញ្ញាតឱ្យចេញអាជ្ញាបណ្ណបណ្តោះអាសន្នជាដាច់ខាត។

ប្រការ៦.- ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំឱ្យមានយន្តការចែករំលែកព័ត៌មាន និងយន្តការឆ្លើយតបបន្ទាន់ចំពោះ ការរកឃើញការបូមខ្សាច់អនាធិបតេយ្យ ខុសពេលវេលា និងខុសពីការកំណត់ក្នុងអាជ្ញាបណ្ណ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ អាចរាយការណ៍អំពីការបូមខ្សាច់អនាធិបតេយ្យ មកក្រសួងរ៉ែនិងថាមពល គ្រប់ពេលវេលា។

ប្រការ៧.- គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ អនុវត្តភារកិច្ចរបស់ខ្លួន ក្នុងការត្រួតពិនិត្យនិងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់។ ក្នុងករណីមានភាពអនាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេស គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ផ្តល់អនុសាសន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីក្រសួងរ៉ែនិងថាមពល ចាត់វិធានការជាបន្ទាន់។

ប្រការ៨.- សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ២០ សសរ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកំណត់គោលការណ៍ធ្វើអាជីវកម្មខ្សាច់ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៩.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងប្រធានគណៈកម្មាធិការគ្រប់គ្រង ធនធានខ្សាច់ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕

RELATED ARTICLES