Saturday, August 2, 2025
Homeសេដ្ឋកិច្ចជាតិផ្លូវកៅស៊ូ ៤ពាន់ម៉ែត្រ តភ្ជាប់២ឃុំ ក្នុងស្រុកអូររាំងឪ សម្រេចបាន៨០ភាគរយ

ផ្លូវកៅស៊ូ ៤ពាន់ម៉ែត្រ តភ្ជាប់២ឃុំ ក្នុងស្រុកអូររាំងឪ សម្រេចបាន៨០ភាគរយ

ខេត្តត្បូងឃ្មុំ ៖ តំណាងអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យគម្រោងស្តារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ដែលមានប្រវែង ៤០០០ម៉ែត្រ តភ្ជាប់ពីឃុំទួលសូភី ទៅឃុំគងជ័យ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

គម្រោងនេះ ចាប់ផ្តើមស្ថាបនានិងស្តារ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគិតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្រេចបាន ៨០ភាគរយហើយ តាមគម្រោង នឹងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។

ចំពោះគម្រោងមួយនេះ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ប្រើប្រាស់ថវិកាជំពូក២១ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាសេនាធិការ។

បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ ត្រង់ចំណុចទីកន្លែងសំខាន់ៗរួចមក លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រ សួងអភិវឌ្ឍជនបទ បាន លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ក្នុងនាមជាសេនាធិការផ្ទាល់ ឱ្យរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញ ការងារសាង សង់ ការងារស្តារឡើងវិញ ដើម្បីកែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវតាមមូលដ្ឋាន ប្រែក្លាយឱ្យគ្រប់ភូមិតាមទីជនបទទាំងអស់មានផ្លូវតភ្ជាប់ និងជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម ចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកស្រី ឯក គន្ធវារី ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កងកម្លាំង នៃបញ្ជាការដ្ឋានវិស្វកម្ម កង ទ័ពជើងគោក និងអ្នក ពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ អនុវត្តសម្រេចតាមផែនការ ក្នុងទំហំ៨០ភាគរយ ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ក្នុងកិច្ចការងារ ស្តារកំណាត់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៤០០០ម៉ែត្រ តភ្ជាប់ពីឃុំទួលសូភី ទៅឃុំគងជ័យ ក្នុងស្រុកអូររាំងឪ។

លោកស្រី បញ្ជាក់បន្ថែមថា នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវនៅជនបទ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងផ្តល់ភាពងាយស្រួល ដល់ការដឹកជញ្ជូនផ្សេងៗ៕

RELATED ARTICLES