Sunday, August 3, 2025
Homeសង្គម និងជីវិតមកលេងប្តីកងទ័ព ចំពេលសង្គ្រាម ប្រពន្ធកាន់កាំភ្លើងប្តី បាញ់ចោរសៀម

មកលេងប្តីកងទ័ព ចំពេលសង្គ្រាម ប្រពន្ធកាន់កាំភ្លើងប្តី បាញ់ចោរសៀម

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ បានឡើងទៅសួរសុខទុកប្តីដែលជាវីរកងទ័ពជួរមុខ កំពុងឈរជើងការពារទឹកដី នៅតំបន់ប្រាសាទតាក្របី លុះទៅដល់ ស្រាប់តែផ្ទុះសង្គ្រាមឈ្លានពានរបស់ចោរសៀម ទើបត្រូវជាប់នៅក្នុងសមរភូមិ ជាមួយប្តី។ បន្ទាប់មក ក្រោយពីប្រយុទ្ធជាមួយចោរ សៀម ២ថ្ងៃ បុរសជាប្តី មានបញ្ហាសុខភាព មិនអាចកាន់កាំភ្លើងបាន ទើបស្ត្រីជាប្រពន្ធ បានទាញកាំភ្លើងបាញ់ចោរសៀមឈ្លានពាន ដោយគ្មានខ្លាចញញើត។ស្ត្រីជាវីរនារីក្លាហាននេះ មានស្វាមីឈ្មោះឡាយ រ៉ា អាយុ៦២ឆ្នាំ ជាវីរៈកងទ័ព ឈរជើងនៅសមរភូមិស្លាបខាងស្តាំ ប្រាសាទតាក្របី។

គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការចែករំលែកនូវរូបភាពមួយសន្លឹក បង្ហាញពីសកម្មភាពវីរនារីជួរមុខម្នាក់ កាន់កាំភ្លើងអាកា បាញ់តបទៅកាន់ទាហានចោរសៀមឈ្លានពាន នៅក្នុងសមរភូមិ ជំនួសប្តីដែលមានបញ្ហាសុខភាព ដើម្បីការពារទឹកដី ទាំងដែលខ្លួនមិនមែនជាកងកម្លាំងយោធា។

វីរនារីក្លាហាន វ័យ៣៧ឆ្នាំ បានរៀបរាប់ប្រាប់ថា តាមពិតគាត់មិនមែនជាយោធាទេ តែមានប្តីជាយោធា ហើយដំបូងឡើយ គាត់បានឡើងទៅជួរមុខ ដើម្បីសួរសុខទុក្ខប្តីដែលកំពុងឈរជើងនៅស្លាបខាងស្តាំ ប្រាសាទតាក្របី លុះគ្រាន់តែទៅដល់ ស្រាប់តែផ្ទុះសង្គ្រាម ចោរសៀមឈ្លានពាន បើការវាយប្រហារមកលើទីតាំងឈរជើងរបស់ប្តីគាត់ ទើបគាត់ជាប់នៅក្នុងលេណដ្ឋាន (ត្រង់សេ) ជាមួយប្តីតែម្តង ដោយដំបូង គាត់មានការភ័យខ្លាចដែរ ព្រោះមិនមែនជាទាហាន ហើយក៏មិនធ្លាប់ឆ្លងកាត់សមរភូមិបែបនេះដែរ ប៉ុន្តែដោយសារមានប្តីនៅក្បែរ ឈរកាន់អាវុធ ប្រយុទ្ធតតាំងជាមួយចោរសៀមឈ្លានពាន យ៉ាងអង់អាច ទើបធ្វើឱ្យគាត់បាត់អស់ការភ័យខ្លាច មានភាពកក់ក្តៅក្នុងចិត្ត និងស្ម័គ្រស្លាប់ជាមួយប្តី និងវីរកងទ័ពផ្សេងទៀត នៅជួរមុខតែម្តង។

វីរនារីក្លាហានរូបនេះ បានបន្តថា ក្រោយពីឆ្លងកាត់សង្គ្រាមរយៈពេល ២ថ្ងៃ ប្តីរបស់គាត់ដែលមានជំងឺប្រចាំកាយ ទឹកនោមផ្អែម បានកើតមានបញ្ហាសុខភាព ហើមជើង ដោយសារគាត់ពាក់ស្បែកជើងយោធា ឈរក្នុងលេណ ដ្ឋាន ត្រាំទឹក អស់រយៈពេល៤៨ម៉ោង ដោយមិនបាន សូម្បីតែធ្មេចភ្នែកសោះ។ នៅពេលឃើញប្តី កើតមានបញ្ហាសុខភាព មិនអាចឈរកាន់អាវុធបាញ់តតាំងជាមួយចោរសៀម បានបែបនេះ បានធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុខភាពប្តីយ៉ាងខ្លាំង ពិសេសកាន់តែបារម្ភខ្លាំងបំផុតនោះ គឺបាត់បង់ទឹកដី ហេតុនេះ ទើបគាត់បានសុំឲ្យប្តី បង្រៀនបាញ់កាំភ្លើង ។ លុះប្តីបង្រៀនភ្លាម គាត់ក៏សម្រេចចិត្តទាញកាំភ្លើងពីប្តី ឈរបាញ់ តតាំងជាមួយនឹងខ្មាំងសៀមតែម្តង ដោយសុខចិត្តលះបង់ជីវិតក្នុងសមរភូមិ ជាមួយប្តី។

វីរនារីខាងលើ បានបញ្ជាក់ថា ក្រោយពីបទឈប់បាញ់ចូលជាធរមាន នៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការរបស់ប្តីគាត់ ដោយដឹងថាប្តីគាត់មានបញ្ហាសុខភាព ក៏បានហៅប្តីគាត់ទៅសួរនាំពីអាការ និងបានសម្រេចឱ្យគាត់នាំប្តីទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស ទើបគាត់បានជិះម៉ូតូដឹកប្តី ចុះពីសមរភូមិ ទៅព្យាបាលរបួស និងត្រូវបានកម្លាំងសង្គ្រោះ ដឹកបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយពេលនេះ អាការប្តីរបស់គាត់បានធូរស្រាលឡើងវិញហើយ។

ដោយមើលឃើញពីភាពអង់អាចក្លាហានរបស់ឪពុកម្តាយបែបនេះ កូនស្រីរបស់វីរកងទ័ព និងវីរនារីខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “ពេលនេះប៉ា និងម៉ាក់ មានសុវត្ថិភាពហើយ តែប៉ាខ្ញុំ ទឹកស៊ីជើងរបស់គាត់ ឥឡូវប៉ា នៅពេទ្យសៀមរាប ម៉ាក់គឺជានារីក្លាហាន ម៉ាក់ហ៊ានកាន់កាំភ្លើងបាញ់ ពេលប៉ាឈឺជើង បាញ់មិនកើត ម៉ាក់អ្នកបាញ់ជំនួស ម៉ាក់មិនមែនជាទាហានទេ តែម៉ាក់ហ៊ានកាន់កាំភ្លើងបាញ់ ដោយមិនខ្លាច ម៉ាក់ជានារីក្លាហាននិងរឹងមាំ ប៉ា ជាវីរបុរសរបស់កូន។ កូនសូមជូនពរឱ្យប៉ា ឆាប់ជាសះស្បើយ បានត្រឡប់មកផ្ទះយើងវិញ ម៉ាក់ ទៅលេងប៉ា ចំពេលបាញ់គ្នាជាមួយចោរសៀម…”៕

RELATED ARTICLES