Sunday, August 3, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីអប់រំ ណែនាំពិនិត្យលទ្ធភាពបើកសាលាតាមព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីអប់រំ ណែនាំពិនិត្យលទ្ធភាពបើកសាលាតាមព្រំដែនកម្ពុជា-ថៃ

ខេត្តព្រះវិហារ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យនាយកសាលានៅតាមព្រំដែនកម្ពុជា-ថៃ ពិនិត្យលទ្ធភាពបើកដំណើរការសាលារៀនឡើងវិញ ក្នុងករណីតំបន់នោះមានលក្ខខណ្ឌអំណោយផលគ្រប់គ្រាន់។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងសិស្សានុសិស្សនៅវិទ្យាល័យភ្នំដែក ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា ការសម្រេចបញ្ជូនកូនៗទៅសាលារៀន គឺជាសិទ្ធិសម្រេចរបស់ក្រុមគ្រួសារ ព្រោះក្រសួង មិនបានបង្ខិតបង្ខំនោះទេ ក្នុងកាលៈទេសៈនេះ។ យ៉ាងណាមិញ ក្រសួងនៅតែជំរុញសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងស្វ័យសិក្សាឱ្យអស់ពីលទ្ធភាព ជាពិសេស សិស្សដែលកំពុងត្រៀមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដើម្បីទទួលបាននិទ្ទេសល្អបំផុត ដែលខ្លួនប្រាថ្នាចង់បាន ឈោងចាប់អនាគតដ៏ភ្លឺស្វាង និងចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ឱ្យរឹងមាំនិងរីកចម្រើន។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ និងភាគី ពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាគាំទ្រដល់ការសិក្សារបស់សិស្សក្នុងគ្រាដ៏លំបាកនេះ។ លោកថ្លែងថា “ក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពាន របស់ថៃនេះ បានធ្វើឱ្យអគារសិក្សាមួយចំនួន ខូចខាត និងសាលារៀនចំនួន ៦០៥បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផល ប៉ះពាល់ ក្នុងនោះមានគ្រូបង្រៀនប្រមាណ ៦៥០០នាក់ត្រូវជម្លៀសខ្លួន”។

ឆ្លៀតពេលសំណេះសំណាល ក្រសួងបាននាំយកនូវសម្ភារៈសិក្សាជាច្រើន និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលទទួលបានពីសប្បុរសជន និងជាការឧបត្ថម្ភផ្ទាល់ពីក្រសួង ជូនដល់មន្ទីរអប់រំ ដើម្បីបែងចែកបន្តទៅដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាប្រមាណ ២០ ដែលរងប៉ះពាល់។

ជាមួយគ្នានេះ ក្រសួងបាននាំយកនូវសៀវភៅសិក្សាគោលជូនដល់មន្ទីរ ដើម្បីចែកចាយបន្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែល ស្នាក់នៅជាមួយឪពុកម្តាយនៅទីតាំងសុវត្ថិភាព អាចបន្តធ្វើស្វ័យសិក្សា ខណៈកំពុងរង់ចាំការដោះស្រាយសម្របសម្រួលនានាពីសំណាក់រាជ រដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាពត្រឡប់ទៅលំនៅឋានវិញ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង ក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងជំរុញការជួសជុលសាងសង់អគារសិក្សា និងសាលារៀនដែលរងការខូតខាតពីសង្គ្រាម ឱ្យបានឆាប់រហ័ស ដើម្បីត្រៀមសម្រាប់ការបើកវេសនកាលនៅដើមខែវិច្ឆិកា ខាងមុខនេះ និងបន្តផ្តល់ជូនសៀវភៅសិក្សាគោលបន្ថែមទៀត ក៏ដូចជាបន្តកៀរគរស្វែងរកការឧបត្ថម្ភជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួង សម្រេចថា នឹងរៀបចំនៅទីរួមខេត្តព្រះវិហារ តាមការគ្រោងទុក។ ដូច្នេះសូមមន្ទីរ យកចិត្តទុកដាក់ត្រៀមរៀបចំកន្លែងស្នាក់នៅ និងកន្លែងប្រឡង ហើយចំពោះសិស្សដែលកំពុងភៀសខ្លួនទៅខេត្តផ្សេង ក្រសួង អនុញ្ញាតឱ្យប្រឡងនៅទីតាំងនោះតែម្តង។

បើតាមលោកកាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា យ៉ាងហោចណាស់សាលារៀនចំនួន៧ នៅតាមបណ្តោយព្រំដែន រងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ចោរសៀមឈ្លានពាន ខណៈក្រសួង ត្រៀមជួសជុលឡើងវិញឆាប់ៗខាងមុខនេះ៕

RELATED ARTICLES