ភ្នំពេញ ៖ រថយន្តប្រភេទដឹកទំនិញធុនធំ ចំនួន១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុករយៈ ពេលមួយឆ្នាំ ដោយអនុលោមតាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្តីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការ ពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះ យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើ បណ្តាញផ្លូវថ្នល់។

គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយាន- យន្តដឹកលើសទម្ងន់ កម្រិតកំណត់បានអនុវត្ត ច្បាប់ស្តីពីផ្លូវថ្នល់ និងសេចក្តីជូនដំណឹងស្តីពីការ ពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយាន- យន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ ផ្លូវថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រក្សាទុករថយន្ត រយៈពេលមួយឆ្នាំចំនួន ១៤៣គ្រឿង ដែលជារថយន្តដឹកជញ្ជូនលើស ទម្ងន់ លើសពី២០ភាគរយ នៃទម្ងន់អនុញ្ញាត។ រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ ទុក ដោយក្រុមការងារក្រសួង ចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត លើសទម្ងន់ ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅ ដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីង អចល័តទូទាំងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានមានប្រសាសន៍ ក្នុងពេលចុះពិនិត្យ វឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២១ នោះថា ក្រសួងនឹងចាត់ វិធានការណ៍តាមនីតិវិធី ដោយគ្មានយោគ-យល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃ ការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹង ការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិន ឱ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។ ក្រសួង នៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយ មិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នក មាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទាំនោះ ធ្វើឱ្យខូចផ្លូវ ដូចគ្នា។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យ បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរព ច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សា ទ្រព្យសម្បត្តិ ជាតិ យើងឱ្យបានគង់វង្ស និងប្រើប្រាស់បាន យូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែង រកថវិកាមកសាងសង់ដោយ លំបាក និងបានទទូចថា សូមកុំប្រថុយប្រថាន ដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច មុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាង ប្រទេស ជាតិមាតុភូមិរបស់យើង ឱ្យកាន់តែរីកចម្រើន ថែមទៀត ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាថ្មីម្តងទៀត ក្រសួងសាធារណការ រំលឹក ជូនដល់ម្ចាស់រោងចក្រស៊ីម៉ងត៍ ដូចជា រោងចក្រ ស៊ីម៉ងត៍ ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ ក្រុមហ៊ុន ដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួង នឹងបន្តអនុវត្តតាមច្បាប់ និងសេចក្តីជូនដំណឹង ខាងលើ យ៉ាងតឹងបំផុត ដោយគ្មានការលើក លែងឡើយ។ ដូចនេះ សូមម្ចាស់រោងចក្រស៊ីម៉ងត៍ ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹក ជញ្ជូន ម្ចាស់រថយន្ត ធុនធ្ងន់ និងអ្នកបើកបរ រថយន្តធុនធ្ងន់ទាំងអស់ គោរពច្បាប់ និងអនុវត្ត ឱ្យបានត្រឹមត្រូវ តាមខ្លឹមសារ នៃសេចក្តីជូន ដំណឹងខាងលើ”៕