
ភ្នំពេញៈ ប្រធានគណបក្សជំនាន់ថ្មី លោកមាជសុវណ្ណារ៉ា ដែលធ្លាប់ជួបសម្ភាសន៍ជាមួយមេដឹកនាំខ្មែរក្រហម កាលនៅជាអ្នកកាសែត ជាង៣០ឆ្នាំមុន បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្ត ដែលកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមភូមិសាស្រ្តនយោបាយ ដោយលោកបានលើកឡើងថា ៥៦ឆ្នាំកន្លងមកនេះ ជាបទពិសោធន៍ឈឺចាប់ សោកនាដកម្ម មិនអាចបំភ្លេច កម្ពុជាមិនត្រូវដើរជាន់ដានប្រវត្តិសាស្រ្តជាថ្មីឡើងវិញនោះទេ ជាពិសេសឈប់ចាញ់ល្បិចបរទេស មកកម្ទេចខ្មែរគ្នាឯង ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា “ ៥៦ឆ្នាំកន្លងផុតទៅ កម្ពុជាធ្លាក់ចូលភ្លើងសង្រ្គាម ក្នុងអន្លង់ភូមិសាស្រ្តនយោបាយមហាអំណាច ដែលកម្ពុជា មិនត្រូវដើរជាន់ដានជាថ្មីឡើងវិញ?!
នៅទីបញ្ចប់អតីតមេដឹកនាំកំពូលទាំង២រូប នៃអតីតរបបខ្មែរក្រហម សុទ្ធតែអះអាងប្រាប់ខ្ញុំ,មាជ សុវណ្ណារ៉ា ដែលអំឡុងកាលឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩នោះ ក្នុងនាមជាអតីតអ្នកកាសែតបរទេស និងជាអ្នកសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្រ្តផងនោះ ដោយពួកគាត់និយាយថា«យើងមិនគួរណាចាញ់បោកកលល្បិចយួន?» !
សមមិត្ត នួន ជា និង សមមិត្ត ខៀវ សំផន ជាជនបដិវត្តន៍នៃរបបមហាអស្ចារ្យ មហាលោតផ្លោះ ដើម្បីចង់ប្រែកម្ពុជាជាប្រទេសមួយស្អាតស្អំ គ្មានពុករលួយ គ្មានជនសក្តិភូមិ ឱ្យសង្គមប្រែក្លាយទៅជារបបមូលធននិយម។ ប៉ុន្តែនៅទីបំផុតមនោគមន៍វិជ្ជារបស់ពួកគេ ត្រូវបរាជ័យដោយការជ្រៀតជ្រែកពីមនោគមន៍វិជ្ជានៃលទ្ធិម៉ៅនិយម និងលទ្ធិហូនិយម ដែលនៅទីបញ្ចប់កម្ពុជាត្រូវជៈឥទ្ធិពលក្នុងភ្លើងសង្រ្គាមនៃភូមិសាស្រ្តនយោបាយរវាងប្លុកកុម្មុយនីស្ត (សូវៀត~ចិន) និងប្លុកលោកសេរី(សហរដ្ឋអាមេរិក) បណ្តាលឱ្យកម្ពុជាជាសមរភូមិប្រយុទ្ធឆ្លងកាត់នៃសង្រ្គាមវៀតណាម ក្នុងអំឡុងចុងទសវត្ស៦០ និងទសវត្សឆ្នាំ៧០ ដែលកម្ពុជាមានជម្លោះបែកបាក់ផ្ទៃក្នុងជាតិដោយការផ្តួលរំលំខ្មែរគ្នាឯង ពីរបបសង្គមរាស្រ្តនិយម ដឹកនាំដោយសម្តេចសីហនុ បន្ទាប់មកអតីតរបបសាធារណៈរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ មានអាមេរិកនៅពីក្រោយ រួចបន្តមកអតីតរបបខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត~ នួន ជា~ខៀវ សំផន មានចិន~យួន នៅពីក្រោយ និងចុងក្រោយអតីតរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដឹកនាំដោយសមមិត្ត ប៉ែន សុវណ្ណ~ហេង សំរិន~ ជា សុីម~ ហ៊ុន សែន ដែលមានរដ្ឋបាលក្រុងហាណូយ នៅពីក្រោយ ។

នយោបាយចាត់តាំងដែលមានសក្តានុពលរបស់អង្គការជានណា?
– ខ្មែរវៀតមិញ មកពីណា កើតនៅពេលណា?
– ខ្មែរសីហនុនិយម មកពីដើមចមអ្វី កើតនៅពេលណា?
– មន្រ្តីរដ្ឋការចាស់របស់របបលន់ នល់ សាធារណរដ្ឋខ្មែរ ហេតុអ្វីត្រូវដួលរលំ?
– អ្នកនៅក្នុងជួរខ្មែរក្រហម ការកកើតមានឡើង មកពីបុព្វហេតុអ្វី ដោយមានការជ្រៀតជ្រែកពីនរណា? ហើយដើម្បីអ្វី? សូមយុវជនជំនាន់ថ្មី ឬអ្នកជំនាន់ក្រោយ តាមដានប្រវត្តិសាស្រ្ត ចៀសវាងអនាគតកម្ពុជា របស់បងប្អូន កូនក្មួយ ដើរទៅមុខធ្លាក់ក្នុងរណ្តៅចាស់ ដែលនាំឱ្យខ្មែរបែកបាក់ ដែលនាំឱ្យខ្មែរ នឹងអាចធ្លាក់ជាអាណានិគមបរទេសដោយមិនដឹងខ្លួន?
នៅទីបញ្ចប់អតីតមេដឹកនាំកំពូលទាំង២រូប នៃអតីតរបបខ្មែរក្រហម សុទ្ធតែអះអាង ប្រាប់ខ្ញុំ, មាជ សុវណ្ណារ៉ា ដែលអំឡុងកាលនោះ ជាអតីតអ្នកកាសែតបរទេស និងជាអ្នកសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្រ្តផងនោះ ដោយពួកគាត់និយាយថា «យើងមិនគួរណាចាញ់បោកកលល្បិចយួន?» ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា ការដែលលោករំលេចឬរំលឹកឡើងវិញពី៥៦ឆ្នាំ នៃសង្រ្គាមភូមិសាស្រ្តនយោបាយ ពីសម័យសាធារណរដ្ឋខ្មែរ ដល់សម័យខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ និងសម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ដោយសារតែមិនចង់ឲ្យអ្នកជំនាន់ថ្មី អ្នកជំនាន់ក្រោយ រដ្ឋាភិបាលបក្សកាន់អំណាចបច្ចុប្បន្ន ភ្លេចនូវដានចាស់ប្រវត្តិសាស្ត្រដែលធ្វើឲ្យងាយធ្លាក់ចូលទៅក្នុងអន្លង់ រណ្ដៅនៃសង្គ្រាមជាថ្មី ។ អ្វីដែលចង់ឃើញ គឺសូមឲ្យអ្នកដឹកនាំ អ្នកនយោបាយជំនាន់ថ្មី អ្នកបន្តវេនទាំងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល សូមកុំភ្លេចខ្លួន ដើរតាមខ្សែញាក់បរទេស លម្អៀងទៅរកមហាអំណាច ឬប្រទេសណាមួយ ដែលធ្វើឱ្យកម្ពុជា ងាយនឹងរងគ្រោះនៅក្នុងភូមិសាស្ត្រនយោបាយ ។ ដូច្នេះកម្ពុជា ត្រូវឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស គោរពនូវអ្វីដែលរដ្ឋធម្មនុញ្ញបានអនុម័ត ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំថា ដោយសារតែកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមចេញពីមនោគមន៍វិជ្ជាកុម្មុយនីស្ត ប្លុកកុម្មុយនីស្ត និងប្លុកសេរី នៃភូមិសាស្រ្តនយោបាយ ទាក់ទងទៅនឹងអតីតសង្រ្គាមឥណ្ឌូចិន នៃសង្រ្គាមយួនខាងជើង និងយួនខាងត្បូងហ្នឹងហើយ ដែលអ្វីធ្វើឲ្យកម្ពុជារងគ្រោះ ប៉ះពាល់ពីសង្រ្គាមឥណ្ឌូចិនហ្នឹង គឺដោយសារតែយើងឃើញហើយ ក្នុងសម័យសង្គមរាស្រ្តនិយម ថាតើហេតុអីបានជាកម្ពុជាផ្ដល់ទឹក ផ្ដល់ដីឲ្យទៅយួនយៀកកុង យួនខាងជើងមកចូលក្នុងប្រទេសកម្ពុជា? ហើយពួនសម្ងំកងទ័ព ឬក៏លាក់អាវុធនិងស្បៀង ក្នុងការច្បាំងជាមួយយួនខាងត្បូង ដែលមានកងទ័ពអាមេរិកនៅពីក្រោយ? តាមអ្វីដែលយើងគ្រប់គ្នាជាប្រវត្តិសាស្រ្តបានដឹង គឺផ្លូវលំហូជីមិញ ពីខេត្តរតនគិរី មកដល់ខេត្តកំពត ហាទៀង ហ្នឹង គឺថា ដល់ទៅ១២៧០គីឡូម៉ែត្រ ។ អ៊ីចឹងហើយយើងដឹងហើយ គឺភូមិសាស្រ្ត អ្វីដែលរាលដាល គឺថា សង្រ្គាមនៅក្នុងប្រទេសកម្ពុជា ដោយសារតែអាមេរិក គេតាមកម្ទេចសត្រូវនៃដៃគូសម្ព័ន្ធមិត្តយោធារបស់កងទ័ពអាមេរិក គឺកងទ័ពយួនខាងត្បូង ។ អ៊ីចឹងងាកមកក្នុងប្រទេសកម្ពុជា ដោយសារតែបញ្ហាទប់ស្កាត់យួនយៀកកុងរាប់ម៉ឺននាក់មិនបានហ្នឹងហើយ គឺត្រូវបានប្រវត្តិសាស្រ្តសរសេរថា សម្ដេចសីហនុ គឺចង់ឲ្យលោកសេនាប្រមុខលន់ នល់ ក៏ដូចជាឪពុកមា ព្រះបិតុលា សិរីមតៈ ហ្នឹង ឲ្យបង្កើតនូវការដូររបត់នយោបាយបង្កើតរដ្ឋប្រហារ ប្ដូររបបពីអតីតរបបសង្គមរាស្រ្តនិយម ដឹកនាំដោយព្រះបរមរតនកោដ្ឋ ជាព្រះប្រមុខរដ្ឋ ជាមេដឹកនាំកំពូលនៃសង្គមរាស្រ្តនិយមហ្នឹង ឲ្យក្លាយទៅជារបបសាធារណរដ្ឋ ហើយដេញយួនយៀកកុង យួនខាងជើង ចេញពីទឹកដីនៃប្រទេសកម្ពុជា ។ អ៊ីចឹងអាហ្នឹងជាបញ្ហានៃការរីករាលដាលនៃសង្រ្គាម ប៉ុន្តែក្រោយពីឥទ្ធិពលមនោគមន៍វិជ្ជាម៉ៅនិយម ហើយក៏ដូចជាមនោគមន៍វិជ្ជាកុម្មុយនីស្ត លទ្ធិហូ ជីមិញ គឺថា ខ្មែរក្រហមត្រូវបានបង្កើតឡើងតាមរយៈខ្មែរក្រហមដែលគាំទ្រដោយចិនកុម្មុយនីស្ត ហើយខ្មែរក្រហមដែលគាំទ្រដោយយួនខាងជើង ។ អ៊ីចឹងហើយបានឲ្យមានការអំពាវនាវពីព្រះបរមរតនកោដ្ឋ ឲ្យចូលព្រៃម៉ាកគី ដើម្បីផ្ដួលរំលំរបបសាធារណរដ្ឋ ដែលចោទថាជាចក្រពត្តិមានអាមេរិកាំងនៅពីក្រោយអ៊ីចឹងទៅ ក៏វាបង្កើតឲ្យមានសង្រ្គាមជាបន្តបន្ទាប់ ពីមួយជំនាន់ នៃអតីតរបបសង្គមរាស្រ្តនិយម មកជំនាន់របបសាធារណរដ្ឋខ្មែរ ហើយខ្មែរក្រហមក៏បានផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ ដោយសារសង្រ្គាមវៀតណាម ត្រូវបានបញ្ចប់ ហើយគេឯកភាពជាតិគ្នា នៃយួនខាងត្បូង និងយួនខាងជើង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ។ ឯកម្ពុជាកាន់តែមានសង្រ្គាមបែកបាក់ផ្ទៃក្នុងខ្មែរគ្នាឯងហ្នឹង គឺមានរបបខ្មែរក្រហម ដែលគាំទ្រដោយចិន និងគាំទ្រដោយយួនពីក្រោយហ្នឹង ក៏កាន់អំណាចរហូតដល់មានការបែកបាក់ផ្ទៃក្នុង នៃខ្មែរក្រហម ប៉ុល ពត នួន ជា ខៀវ សំផន ជាមួយនឹងរដ្ឋាភិបាលក្រុងហាណូយ ក៏របបហ្នឹងត្រូវបានដួលរលំ ដោយការមកឈ្លានពានដោយកងទ័ពយួន អ្នកខ្លះថាមករំដោះ ថ្ងៃ៧ មករា ១៩៧៩អីហ្នឹង គឺមានអតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយក្រោយមករបបអតីតរដ្ឋកម្ពុជា ដែលមានយួនលើកបន្តុប យួននៅពីក្រោយអីហ្នឹង គឺថា ច្បាំងរាំងជលជាមួយអតីតចលនាតស៊ូត្រីភាគី សីហនុនិយម សឺន សាន ខៀវ សំផន នៅឯព្រំដែនប្រទេសសៀមភាគខាងលិច ភូមិភាគពាយព្យអីហ្នឹង គឺពីព្រំដែននៃខេត្តកោះកុង រហូតទៅដល់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងចម្បាំងរាំងជលគ្នាហ្នឹងបន្តមក អ៊ីចឹងបានខ្ញុំរំលេច៥៦ឆ្នាំហ្នឹង ចង់និយាយថា ពីឆ្នាំ១៩៧០ នៃការដួលរលំរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខលន់ នល់ វាមានផ្កាភ្លើង នៃភ្នក់ភ្លើងសង្គ្រាម រាលដាលពីសង្គ្រាមវៀតណាម សង្រ្គាមឥណ្ឌូចិន និងបន្តបនទាប់មកហ្នឹងហើយ ដែលខ្ញុំអត់ចងឲ្យអ្នកជំនាន់ថ្មី អ្នកជំនាន់ក្រោយ ហើយរដ្ឋាភិបាលបក្សកាន់អំណាចបច្ចុប្បន្នហ្នឹង ភ្លេចនូវដានចាស់ប្រវត្តិសាស្ត្រដែលធ្វើឲ្យងាយចូលចូលទៅក្នុងអន្លង់រណ្ដៅនៃសង្គ្រាមជាថ្មីឡើងវិញ ដូចយើងឃើញសភាពជាក់ស្តែងហើយថា សង្គ្រាមនៅមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែន រុស្ស៊ី ង្គ្រាមនៅស៊ីរី ក៏ដូចជាសង្គ្រាមថ្មីៗនេះ សង្រ្គាមរវាងអ៊ីរ៉ង់និងប្រទេសអ៊ីស្រាអែល ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ សុទ្ធតែជាអ្វីដែលយើងមើលឃើញនូវមេរៀននិងបទពិសោធន៍ ពិសេសគឺសង្គ្រាមរាំងជល់ជាមួយនឹងការរំលោភឈ្លានពានពីអធិបតេយ្យភាព បូរណភាពទឹកដី នៃប្រទេសសៀម គឺកាលពីខែកក្កដា និងខែធ្នូ ឆ្នាំពីរពាន់ម្ភៃប្រាំ សុទ្ធតែយើងត្រូវតែប្រុងប្រយ័ត្នហើយមានភាពឆ្លាតវៃពង្រឹងសេដ្ឋកិច្ច ឯកភាពជាតិខ្មែរនិងធ្វើយ៉ាងម៉េចកុំឲ្យជាតិបែកបាក់ ផ្ទៃក្នុងជាតិខ្លួនឯង ទំនើបកម្មយោធាអីជាដើមហ្នឹង ពោលគឺថា យើងកុំធ្វេសប្រហែស ហើយកុំឲ្យធ្លាក់ទៅក្នុងនៃអន្លង់មហាអំណាចភូមិសាស្រ្តនយោបាយណាមួយ ដែលមិនចូលបក្សសម្ព័ន្ធ ដែលរដ្ឋធម្មនុញ្ញធានាការពារដោយសេរីពហុបក្ស ដោយសមតុល្យនៃអំណាច ហើយជាពិសេសគឺប្រទេសដែលជាប្រទេសចុះហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១ ដែលធ្វើឲ្យកម្ពុជា ដែលជាអតីតកុម្មុនីស ប្ដូរមកសេរី ពហុបក្សឡើងវិញ ពីឆ្នាំ១៩៩៣ ដែលមានរដ្ឋធម្មនុញ្ញល្អឥតខ្ចោះ អនុលោកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្ភៃបីតុលាចាមរយកៅសិបមួយហ្នឹងហើយ គឺថាអត់ទេដែលជាប្រទេសម្ចាស់ហត្ថលេខីរួមទាំងប្រទេសជិតខាងកម្ពុជា គឺថាមិនអាចរំលោភអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាបានឡើយ គ្មានបរទេសណាអាចមករំលោភបំពានបាន ហើយថែមទាំងជួយកសាងអភិវឌ្ឍប្រទេសកម្ពុជាទៅទៀត ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសម្ភៃបីតុលាឆ្នាំរយកៅសិបមួយ ប្រទេសកម្ពុជាក្លាយជារបបសេរីពហុបក្ស គោរពនូវគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ។ អ៊ីចឹងសរុបមកវិញ គឺថា ប្រទេសសៀម បានល្មើសនឹងច្បាប់អន្តរជាតិ ក្នុងនាមអតីតប្រទេសចុះហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បែរជាត្រូវបានមករំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដី ធ្វើសង្គ្រាមបង្កើតនូវឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មព័ន្ធប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មិនត្រឹមតែជាជម្លោះព្រំដែន វាទៅជាជម្លោះឈ្លានពានអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា ។ អ៊ីចឹងអាហ្នឹងហើយដែលជាការប្រុងប្រយ័ត្ន ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល ប្រមុខនៃគណបក្សជំនាន់ថ្មី យើងត្រូវតែមានការប្រុងប្រយ័ត្នជាស្មារតីដាស់តឿន ស្មារតីជាតិនិយម ជាការបង្ហាញនូវការឯកភាពជាតិគ្នា ដើម្បីភាពខ្លាំងរឹងមាំនៃកម្ពុជា មានសេដ្ឋកិច្ចខ្លាំង ទំនើបកម្មយោធា និងកងឯកភាពផ្ទៃក្នុងជាតិ ។ អាហ្នឹងហើយជាជាមេរៀនថ្មីសម្រាប់អ្នកជំនាន់ថ្មី អ្នកជំនាន់ក្រោយ ហើយមិនយកនិន្នាការនយោបាយឬក៏ភាគីខ្មែរណាជាសត្រូវ ដែលកម្ពុជាត្រូវតែរឹងមាំ កម្ពុជាត្រូវតែឯកភាពជាតិ មិនអាចឲ្យបរទេសណាមួយជ្រៀតជ្រែកដោយសារតែយើងបែកបាក់ផ្ទៃក្នុង គឺថា គេនឹងមើលងាយមើលថោកពីគុណតម្លៃ សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ។ អ៊ីចឹងហើយកម្ពុជាក្នុងនាមជាប្រទេសតូច ប្រទេសក្រ ប្រទេសមាន ប្រទេសមហាអំណាច ប្រទេសទន់ខ្សោយយ៉ាងណាក៏ដោយ ប៉ុន្តែយើងជាសមាជិកនៃអង្គការសហប្រជាជាតិ យើងត្រូវតែឈរលោកក្នុងជំហរស្មើមុខស្មើគ្នា ជាប្រទេសជាសមាជិកមួយ ដែលមិនអាចរដ្ឋបរទេស ឬក៏មហាអំណាច ឬក៏ប្រទេសជិតខាងណាមករំលោភបំពាន បង្កនូវអនាធិបតេយ្យ ធ្វើឲ្យកម្ពុជារងគ្រោះក្នុងអ្វីដែលបាត់បង់នូវឯករាជភាព អព្យាក្រឹត ដែលធានាការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា ។ នេះជាអ្វីដែលខ្ញុំចង់រំលេចឡើង ហាសិបប្រាំមួយឆ្នាំហ្នឹង គឺថាកុំឲ្យកម្ពុជាដើរធ្លាក់ទៅក្នុងដានចាស់ ដានប្រវត្តិសាស្ត្រដែលធ្វើឲ្យកម្ពុជាចូលចិត្ត ធ្វើឲ្យកម្ពុជាទទួលនូវភ្នក់ភ្លើងសង្គ្រាម វិនាសកម្ម សោកនាដកម្ម រហូតដល់ឲ្យខ្មែរបាត់បង់អាយុជីវិត យើងឃើញឆ្លងកាត់របបខ្មែរក្រហមមក ឆ្លងកាត់របបអតីតសាធារណរដ្ឋខ្មែរស្លាប់ប៉ុន្មានសែននាក់? ឆ្លងកាត់អតីតរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ យើងស្លាប់អស់ជិតពីរលាននាក់ ដោយសារដាច់បាយក្រហាយទឹក វ៉ៃនិងត្បូងចប បង្អត់អាហារ ធ្វើទារុណកម្មជីវិតមនុស្ស ហូបអត់គ្រប់គ្រាន់ គ្រុនចាញ់អីហ្នឹង ហើយមកឆ្លងរបបយួនទៀត គឺរបបអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលខ្មែរយើងស្លាប់ប៉ុន្មាននាក់នៅតាមព្រំដែន ចម្បាំងផង គ្រុនចាញ់ផង ដើរជាន់មីនផង យុទ្ធនាការកប្រាំ កេណ្ឌ កាប់សម្លាប់កម្ពុជាអីជាដើមហ្នឹង គឺថាយើងរងគ្រោះហើយរងគ្រោះទៀត “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងសរុបមកវិញ គឺថា នេះជាបំណងប្រាថ្នារបស់ខ្ញុំ មាជ សុវណ្ណារ៉ា ក៏ដូចជាគណបក្សជំនាន់ថ្មី ដែលជាបក្សក្រៅរដ្ឋាភិបាលនៃគូប្រកួតប្រជែង ប៉ូលថ្មី នៃអ្នកជំនាន់ថ្មី ឈាមថ្មីគំនិតថ្មី ដើម្បីចូលរួមប្រកួតប្រជែងគ្នាជាមួយនឹងអ្នកបន្តវេន អ្នកជំនាន់ថ្មី នៃបក្សកាន់អំណាច ប្រកួតតែគោលនយោបាយ តែយើងអត់យកខ្មែរណា និន្នាការ បក្សណាជាសត្រូវទេ បើទោះបីបបក្សខុសគ្នា ទស្សនៈផ្ទុយគ្នា តែយើងតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្ត្រជាធំ យើងសត្រូវគោលនយោបាយតែរយៈពេលដប់បួនថ្ងៃ នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងសត្រូវគោលនយោបាយម្ភៃមួយថ្ងៃ នៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៧-២០២៨ ប្រាំឆ្នាំម្ដង ។ អ៊ីចឹងសរុបមកវិញ នេះជាបំណង អ្វីដែលគណបក្សជំនាន់ថ្មី មើលឃើញថាសូមឲ្យអ្នកដឹកនាំ ឬក៏អ្នកនយោបាយជំនាន់ថ្មី អ្នកបន្តវេនទាំងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល សូមកុំភ្លេចខ្លួន សូមកុំដើរ តាមខ្សែញាក់បរទេសឲ្យយើងមានការលម្អៀងទៅរកមហាអំណាចណាមួយ ឬក៏ប្រទេសណាមួយ ដែលធ្វើឲ្យកម្ពុជាមិនឯករាជ្យ ដែលកម្ពុជាមិនចូលបក្ខសម្ព័ន្ធ ក្នុងនាមជាប្រទេសអព្យាក្រឹត្យ ប្រទេសដែលធានាការពារដោយរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងគឺថាកម្ពុជាមិនអាចធ្វើអ្វីដែលឱ្យធ្លាក់ទៅក្នុងដានប្រវត្តិសាស្រ្ត ឲ្យមានបង្កវិនាសកម្ម និងអន្តរាយ ហិនហោច ហានិភ័យសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការនូវសន្តិភាពពិត សន្តិភាពដែលមាន មានសេរីភាព មានយុត្តិធម៌ សន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវវាចា គឺថា នេះជាអ្វីដែលកម្ពុជា ជំនាន់ថ្មីចង់បាន ។ និយាយជារួម គឺថា កម្ពុជាអត់ចង់ឃើញមនោគមន៍វិជ្ជាកុម្មុយនីស្តផ្តាច់ការអីទេ ព្រោះវាជាការដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា ។ អ៊ីចឹងហើយខ្ញុំចង់ឃើញកម្ពុជា ចង់ឃើញអ្នកនយោបាយ អ្នកដឹកនាំអីហ្នឹង គឺថា ដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សេរីភាពនៃការនិយាយស្តី បញ្ចេញមតិ ប្រទេសប្រជាធិបតេយ្យ ដែលយកប្រជាពលរដ្ឋជាធំ ពលរដ្ឋជាម្ចាស់ឆ្នោត ម្ចាស់ប្រទេស ។ អ៊ីចឹងយើងអនុវត្តតាមគោលការណ៍អ្វីដែលចែងដោយរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យសេរីពហុបក្ស ។ អ៊ីចឹងយើងធ្វើទៅ យើងធ្វើឲ្យសមតុល្យតុល្យភាពនៃអំណាច គឺគោរពនីតិរដ្ឋ ស្ថាប័នជាតិ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ ដែលគ្មានការជ្រៀតជ្រែកពីថ្នាក់ដឹកនាំ ឬក៏សម្ពាធអ្នកនយោបាយណាក្រៅតែពីយើងពង្រឹងនូវនយោបាយការបរទេស មានមិត្ត តែគ្មានសត្រូវ ។ អ៊ីចឹងនយោបាយការបរទេសយើង គឺថា យើងមិនលម្អៀងទៅរកមហាអំណាចណាមួយ ដែលធ្វើឱ្យកម្ពុជាងាយនឹងរងគ្រោះនៅក្នុងភូមិសាស្ត្រនយោបាយ នៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាមេរិក ។ អ៊ីចឹងហើយគឺថា កម្ពុជាត្រូវឈរលើគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស ហើយគោរពនូវអ្វីដែលរដ្ឋធម្មនុញ្ញបានអនុម័ត សម្រាប់ជាការអនុវត្តនៅក្នុងការគោរពនីតិរដ្ឋ “ ៕