Monday, March 23, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសាលាអន្តរជាតិ ភ្លើងឆេះយីហោ

សាលាអន្តរជាតិ ភ្លើងឆេះយីហោ

ភ្នំពេញ ៖ ស្លាកយីហោសាលាអន្តរជាតិ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចសាលាអន្តរជាតិប៊ឺខឹលី (BERKELEY INTERNATIONAL SCHOOL) ស្ថិតនៅផ្ទះលេខ ២២អា ផ្លូវ២៧៣ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ ភ្លើងបានទុស្សេឆេះស្លាកយីហោសាលា ដែលស្ថិតនៅជាន់លើ ខណៈដែលសាលាបានចាក់សោ ព្រោះជាថ្ងៃអាទិត្យ (ឈប់សម្រាក) ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល ហៅរថយន្តពន្លត់ភ័យ ចុះជួយអន្តរាគមន៍។ ខណៈនោះ ភ្លើងបានឆេះស្លាកយីហោ សាលា ហើយធ្លាក់មកក្រោម និងឆេះរាលដាលទៅខ្សែភ្លើងម៉ាស៊ីនត្រជាក់ថែមទៀត ប៉ុន្តែទោះបីជាយ៉ាងណា ភ្លើងពុំឆេះរាលដាលធ្ងន់ឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង ជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេ លា លោកបានដឹកនាំបញ្ជា ផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ការិយា ល័យរាជធានីភ្នំពេញ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

សំណង់ខាងលើនេះ ជាប្រភេទអគារថ្មបេតុង ទំហំ ២២ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ឆេះខូចខាតស្លាកអក្សរឈ្មោះសាលា ចំនួន១ផ្ទាំង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅម៉ោង៥និង៤០នាទីល្ងាច ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន  បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES