ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានយកសត្វតោឈ្មោលមកចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បានចុះធ្វេីការដកហូតយក សត្វតោ ឈ្មោលនេះ។ ហេតុការណ៍នេះ បានធ្វេីឡេីងកាលពីព្រឹកថ្ងៃអាទិត្យទី២៧ ខែ មិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ប្រភពព័ត៌មានបានឱ្យដឹងថា «ដោយសារមានប្រជាពលរដ្ឋជិត ខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោ នៅក្នុងផ្ទះវីឡាខាងលេី ពីសំណាក់បុរសជនជាតិចិន ទេីបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វេីការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដេីម្បីបញ្ជូនទៅថែរក្សាទុក»។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ក៏មានការសហការជាមួយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន។

នាយខណ្ឌរដ្ឋបាលព្រៃឈេីរូបនេះ បន្តថា ប្រជាពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទ សត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបាន ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់។ បន្ថែមពីនេះ លោកនាយខណ្ឌរដ្ឋបាលព្រៃឈេី បានគូសបញ្ជាក់យ៉ាងដូច្នោះថា «ចំពោះសត្វតោឈ្មោលមួយ ក្បាលនោះនឹងធ្វេីការប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដេីម្បីចិញ្ចឹម បីបាច់បន្ត។ ចំពោះជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅធ្វេីការណែនាំឈប់ឱ្យចិញ្ចឹម សត្វព្រៃបែបនេះបន្តទៀត»។

គួរបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូច រហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕
