ខេត្តកោះកុង ៖ បុរសម្នាក់ ឃើញបុរសម្នាក់និយាយឌឺដងលែបខាយ ញ៉ែដាក់ប្រពន្ធរបស់ខ្លួនធ្វើឱ្យមានចិត្តប្រចណ្ឌ កើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ទប់កំហឹងមិនជាប់ ក៏ទាញកាំបិត ចាក់ប្រហារទៅលើបុរសដែលញ៉ែប្រពន្ធខ្លួន ចំនួន ៥កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។
ករណីអំពើហិង្សាដោយចេតនា ផ្តើមចេញពីភ្លើងប្រចណ្ឌខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៤០នាទី ព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបទុមសាគរ។
ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល ផាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករនេសាទ មានលំនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបទុមសាគរ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ៅ ហ៊ិន ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបទុមសាគរ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះផល ផាត បានកើតមានចិត្តប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹង ជនរងគ្រោះ និងឧស្សាហ៍ឃើញជនរងគ្រោះ ចេះតែនិយាយលែបខាយដាក់ប្រពន្ធរបស់ខ្លួនមិនឈប់សោះ រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ ក៏បានរករឿងសួរនាំជនរងគ្រោះ ទើបធ្វើឱ្យកើតជាជំលោះ និងបានស្ទុះទាញកាំបិតចាក់ប្រហារទៅលើជនរងគ្រោះចំនួន៥កាំបិត បណ្តាលឱ្យ រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីសង្គ្រោះភ្លាមៗ។
ដោយឡែក ជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅអនុវត្តតាមនីតិវិធី៕