ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះ ២ខែ បានទៅយកចេញ (រំលូត) ប៉ះពេទ្យអត់បច្ចេកទេស ទើបធ្វើឱ្យធ្លាក់ឈាមមិនឈប់ រហូតដល់បុរសជាប្តី សម្រេចបីប្រពន្ធចេញពីបន្ទប់ជួល បំណងទៅរកពេទ្យ ឱ្យជួយសង្គ្រោះ តែបានត្រឹមពាក់កណ្តាលផ្លូវ ប្រពន្ធក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សពស្ត្រីរងគ្រោះខាងលើ មានឈ្មោះស្រីល័ក្ខ អាយុជាង ២០ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅខេត្តតាកែវ មានប្តីឈ្មោះ មាំង អាយុ ២៥ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើត ហេតុ។
តាមប្រភពព័ត៌មាន ពីស្ត្រីជាអ្នករស់នៅក្បែរខាងបន្ទប់ជួល របស់ស្ត្រីរងគ្រោះខាងលើ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ ទើបនឹងដឹងថាខ្លួនមានផ្ទៃ ២ខែ តែដោយសារជីវភាពទីទ័លក្រខ្វះខាត រកបំពេញក្រពះតែ២នាក់ប្តីប្រពន្ធសឹងមិនគ្រប់ផង ទើបគិតថាអត់មានលទ្ធភាពចិញ្ចឹម ក៏សម្រេចចិត្តទៅយកទារកនោះចេញ (រំលូត)។

ប្រភបដដែលបន្តថា បន្ទាប់ពីទៅយកទារកក្នុងផ្ទៃចេញរួមក ទំនងជាទៅរកប៉ះគ្រូពេទ្យអត់ជំនាញ ទើបធ្វើឱ្យនាងចេះតែចុកពោះ និងធ្លាក់ឈាមទាំងដុំៗ មិនឈប់សោះ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយសារតែឃើញប្រពន្ធស្រែកចុកពោះខ្លាំង ណាមួយឃើញ ធ្លាក់ឈាមកាន់តែច្រើន ទើបបុរសជាប្តី បានរៀបចំយកប្រពន្ធទៅមន្ទីរពេទ្យ តែដោយសារគ្មានមធ្យោបាលធ្វើដំណើរផ្ទាល់ខ្លួន កុំថាឡើយម៉ូតូ សូម្បីតែកង់កញ្ចាស់១ជិះក៏គ្មានផង ណាមួយដោយសារគ្មានលុយជួលម៉ូតូកង់បីជិះផង ទើបបុរសជាប្តីសម្រេចបីប្រពន្ធរបស់ខ្លួនចេញពីបន្ទប់ជួលស ដើរសំដៅទៅកាន់មន្ទីរពេទ្យតែម្តង តែអកុសល ខណៈបីប្រពន្ធដើរមកដល់ពាក់កណ្តាលផ្លូវ ចំណុចផ្លូវ២០០២ ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បាន ដាច់ខ្យល់ស្លាប់បាត់ទៅ ទើបបុរសជាប្តី បានដាក់សពប្រពន្ធចុះនៅលើផ្លូវលំ និងធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់ សមត្ថកិច្ចឱ្យ ចុះមកកន្លែងកើតហេតុភ្លាមៗតែម្តង ។

ក្រោយពេលសមត្តកិច្ចចុះមកដល់ ក៏បានយកខ្សែចងព័ទ្ធជុំវិញសព ដើម្បីទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ឱ្យចុះមកយកសំណាក រកវិជ្ជមាន កូវីដ-១៩ ជាមុនសិន។
បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួច ក៏បានបញ្ជាក់ថាសាកសព គឺអវិជ្ជមានកូវីដ-១៩ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕