Thursday, June 19, 2025
Homeតារាខ្មែរឈឹម អារិយ៉ា ប្ដីស្លាប់ដោយសារកូវីដ

ឈឹម អារិយ៉ា ប្ដីស្លាប់ដោយសារកូវីដ

ស្វាមីតារាសម្ដែងឈឹម អារិយ៉ា គឺលោករស់ ឧស្សាហ៍ ដែលជាអតីតមន្រ្ដីផ្កាយ២ ធ្លាប់មានមុខងារជាអគ្គនាយករងប្រចាំនាយកដ្ឋានមួយនៅក្រសួងមហាផ្ទៃនោះបានទទួលមរណភាពទៅហើយនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះដោយសារជំងឺកូវីដ-១៩។មរណភាពរបស់ប្ដីអ្នកនាងឈឹម អារិយ៉ា នេះកើតឡើងក្រោយពីម្ដាយរបស់លោកនិងត្រូវជាម្ដាយក្មេករបស់អ្នកនាងអរិយ៉ា គឺអ្នកស្រីហេង ប៊ុនធឿន ទើបតែទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩ដែរកាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ ឥឡូវស្រាប់តែអារិយ៉ា ត្រូវបាត់បង់ប្ដីជាទីស្រលាញ់ទៀតដែលធ្វើឲ្យនាងទុក្ខជាន់ទុក្ខហើយមិនអាចទប់ទឹកភ្នែកបានឡើយ។

ក្រុមតារាសម្ដែងជាច្រើនបានផ្ញើរសារំលែកទុក្ខដល់ឈឹម អារិយ៉ា ជាបន្ដបន្ទាប់ខណៈដែលពេលនេះនាងត្រូវរស់នៅជាស្រ្ដីមេម៉ាយដោយចំណងស្នេហាជាង១ឆ្នាំនេះពួកគេបន្សល់ចំណងដៃកូនប្រុសម្នាក់។អារិយ៉ា មិនលើកទូរស័ព្ទនោះទេទើបមិនអាចសុំការបំភ្លឺបន្ថែមបានឡើយ។ចំណែកតារាសិល្បៈរួមអាជីពបានព្យាយាមលើកទឹកចិត្តនាងតាមរយៈសារនៅលើបណ្ដាញសង្គមជាហូហែរ បើទោះជាដឹងថាពេលនេះនាងពិបាកទទួលយកព្រោះមិនដល់១សប្ដាហ៍ផងត្រូវបាត់បង់ទាំងម្ដាយក្មេកនិងស្វាមីព្រមគ្នា ធ្វើឲ្យនាងតក់ស្លុតជាខ្លាំងក្ដី។

គូរបញ្ជាក់ថាតារាសម្ដែងវ័យ២៥ឆ្នាំឈឹម អារិយ៉ា បានរៀបការជាមួយលោករស់ ឧសហ្សាហ៍ អាយុ៤១ឆ្នាំដែលជាពោះម៉ាយកូន២ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ហើយនាងក្លាយទៅជាជំទាវទាំងវ័យក្មេងមុនពេលដែលស្វាមីនាងត្រូវបានដកពីតួនាទី។ក្រោយមានស្វាមីអារិយ៉ា ដែលលេចធ្លោតាមរយៈរឿង”កន្ទោងខៀវ”នោះបានរយាលពីអាជីពសម្ដែងហើយនាងងាកទៅមើលមុខជំនួញរបស់ប្ដីរកស៊ីលក់ឡាន និងបើកហាងបញ្ចាំ។

ប៉ុន្ដែគូរឲ្យស្ដាយពេលនេះអារិយ៉ា បានជួបទុក្ខធំធ្វើឲ្យក្លាយជាស្រ្ដីមេម៉ាយត្រឹមអាយុទើបតែ២៥ឆ្នាំហើយកូនប្រុសរបស់នាងដែលទើបមានវ័យជាង១ខួបនោះត្រូវព្រាត់ឪពុកជារៀងរហូតផងដែរ។អារិយ៉ា ធ្លាប់និយាយថាស្វាមីរបស់នាងជាបុរសល្អម្នាក់បើទោះជាគាត់ធ្លាប់មានប្រពន្ធកូនក្ដី ប៉ុន្ដែមុនរៀបការជាមួយនាងលោកឧស្សាហ៍ បានលែងលះដាច់ស្រេចតាមផ្លូវច្បាប់ជាមួយប្រពន្ធដើមហើយកូនទាំង២បានទៅភរិយាមុន។

នាងថាស្វាមីមិនហាមឃាត់នាងលេងសិល្បៈនោះទេ ប៉ុន្ដែរូបនាងផ្ទាល់ចង់រកស៊ីធ្វើជំនួញជាមួយស្វាមីច្រើនជាងផ្ដោតលើការងារសិល្បៈដូចកាលនៅលីវ។បើតាមព័តមានពីតារាជិតដិតអារិយ៉ា បានបង្ហើបឲ្យដឹងថាពេលនេះអារិយ៉ា កំពុងតែរៀបចំបុណ្យសពឲ្យប្ដីតាមវិធានរបស់ក្រសួងសុខាភិបាល ប៉ុន្ដែពួកគេបានតែតេទូរស័ព្ទរំលែកទុក្ខនិងផ្ញើរសារពីចម្ងាយប៉ុណ្ណោះព្រោះតែលោករស់ ឧស្សាហ៍ ទទួលរមណភាពដោយសារតែកូវីដ អីចឹងមិនធ្វើកម្មវិធីបុណ្យធំដុំនោះទេមានតែក្រុមគ្រួសារនិងអ្នកជិតដិតប៉ុណ្ណោះដែលចូលរួម៕

RELATED ARTICLES