Saturday, March 21, 2026
Homeតារាខ្មែរខេមរៈ សិរីមន្ដ រុញក្មួយ ជំនួសប្អូនស្រី

ខេមរៈ សិរីមន្ដ រុញក្មួយ ជំនួសប្អូនស្រី

ភ្នំពេញ ៖ ខេមរៈ សិរីមន្ដ ឬខែម ប៊ុនថៃ បានរុញក្មួយប្រុសរបស់លោកម្នាក់ទៀត ឲ្យចាប់អាជីពចម្រៀងដូចខ្លួនដែរ នោះគឺលោក ខេមរៈ តួឯក ដែលចេញបទបើកឆាកដំបូង «ចង់លេបថ្នាំបំបាត់នឹកគេ» នៅក្រុមហ៊ុន GST Agency ។ លោកប៊ុនថៃ បានសរសើរក្មួយប្រុសរបស់លោកថា ច្រៀងបានពីរោះ ប៉ុន្ដែលោកថា ចង់ឲ្យទស្ស និកជនជាអ្នកដាក់ពិន្ទុ វាយតម្លៃទៅចុះ។ លោកថា តាំងពីប្អូនស្រី ជាទីស្រលាញ់ ខេមរៈ ស្រីពៅ បានលាចាកលោកទៅ  ត្រកូលខេមរៈ មានតែលោកម្នាក់ទេ ដែលចាប់អាជីពចម្រៀង តែពេលនេះ ត្រកូលលោក មានក្មួយរបស់លោកម្នាក់ទៀតហើយ បានប្រឡូកក្នុងវិស័យមួយនេះ ។ ប៉ុន្ដែសិរីមន្ដ មិនទាន់ចេញអន្ដរាគមន៍ឲ្យក្មួយចូលច្រៀងនៅ Galaxy ជាមួយលោកទេ បើទោះជានៅផលិតកម្មនេះ អ្នកណាក៍ដឹងថា ឥទ្ធិពលរបស់លោក ចង់យកតារាណាឲ្យចូលច្រៀង ក៏ថៅកែ OK ។

លោកខេមរៈ សិរីមន្ដ និងក្មួយប្រុស

គួរបញ្ជាក់ថា ខេមរៈ សិរីមន្ដ ក្រៅពីគាំទ្រក្មួយប្រុស ឲ្យចាប់អាជីពចម្រៀងដូចលោកដែរនោះ ថ្មីៗនេះដែរ សិរីមន្ដ ក៏នាំក្មួយស្រីរបស់ខ្លួន ថត MV បទសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ តាមរយៈបទ «ប្ដីខ្មែរ» ខណៈមានព័តមានថា លោកថៃ នឹងឲ្យកូនប្រុសច្បងរបស់ខ្លួនខេមរៈ មន្ដស្នេហ៍ ដែលមានអាយុ ១១ឆ្នាំ នោះនឹងចូលច្រៀងនៅពេលដែលរូបគេពេញវ័យ។ប្រភពថា បើសិរីមន្ដ ចង់ឲ្យក្មួយប្រុសល្បីឆាប់នោះ គ្រាន់តែលោកផលិតបទចម្រៀង ច្រៀងឆ្លងឆ្លើយជាមួយក្មួយនោះ ច្បាស់ជាមានអ្នកចាប់អារម្មណ៍លឿនជាងនេះមិនខាន ។

លោកខេមរៈ សិរីមន្ដ និងខេមរៈ ស្រីពៅ

សូមរំលឹកថា ខេមរៈ ស្រីពៅ ដែលជាប្អូនពៅរបស់ខេមរៈ សិរីមន្ដ បានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ពោលគឺ ៧ឆ្នាំទៅហើយ ដែលលោកសិរីមន្ត លែងបានច្រៀងដៃគូជាមួយប្អូន តែប្អូនស្រីជីទួតមួយ របស់ខេមរៈ សិរីមន្ដ គឺកញ្ញាអ៊ិត ជូលីណា (អ៊ិត សុភាឧហ្សាហ៍) ដែលច្រៀងស្ទីលខេមរៈ ស្រីពៅ និងពេលខ្លះស្ដាប់ទៅច្រឡំគ្នានោះ នៅតែបន្ដអាជីពចម្រៀង មកដល់សព្វថ្ងៃ ដែលមានការគាំទ្រនិងលើកទឹកចិត្តពីលោកសិរីមន្ត ផងដែរ។

 មជ្ឈដ្ឋានមហាជន កត់សម្គាល់ថា ការដែលលោកខែម ប៊ុនថៃ អាយុ៤១ឆ្នាំ ឲ្យក្មួយប្រុសចាប់អាជីពចម្រៀង នាពេលនេះ គឺនៅពេលដែលលោកមានវ័យជ្រេបន្ដិចទៅហើយ តែលោកនៅតែធ្វើជាតារាចម្រៀងដដែល បើទោះជាក្រោយឡើងឧកញ៉ាភ្លាមៗ កាលពីដើមឆ្នាំ២០២២ មានអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីមួយចំនួន ស្នើឲ្យលោកគួរតែឈប់ច្រៀង ដើម្បីកុំឲ្យពិបាកឡើងអក្សរ ច្របូកច្របល់ ច្រៀងផង ធ្វើឧកញ៉ាផងក៏ដោយ។ ប៉ុន្ដែលោក សិរីមន្ត អត់ព្រមស្ដាប់តាមយោបល់នោះឡើយ។ មិនត្រឹមតែមិនឈប់ច្រៀងទេ ប៉ុន្ដែថ្មីៗនេះ សិរីមន្ដ ថែមទាំងតែង ខ្លួនកាន់តែចម្លែកៗទៀតផង ។

ក្រៅពីខេមរៈ សិរីមន្ដ តារាដែលគាំទ្រឲ្យក្មួយ ចាប់អាជីពសិល្បៈ ដូចខ្លួនដែរ មានដូចជា មាស សុខសោភា (មានក្មួយស្រី មាស សុខដារីនី), ចន ច័ន្ទលក្ខិណា (ក្មួយស្រី មាន សូនីតា)និងព្រំ រដ្ឋា (ក្មួយស្រី សិទ្ធី នីកា) ជាដើម  ។ សម្រាប់លោកតួឯក គេជឿថា ការចាប់ដៃច្រៀងជាមួយលោកប៊ុនថៃ ហើយមានលោកខេមរៈ ភារុណ ចេញមុខនិពន្ធបទចម្រៀងឲ្យច្រៀងដូចសិរីមន្ដ ដែរ ទើបអាចទៅរួច ព្រោះរយៈពេល ២២ឆ្នាំនេះ លោកថៃ ច្រៀងបទល្បីៗ សឹងតែទាំងស្រុង ចេញពីការនិពន្ធរបស់បងប្រុសលោក រហូតមានការលើកឡើងថា អាជីពសិរីមន្ដ  ទៅមុខឬថយក្រោយ នៅលើកណ្ដាប់ដៃលោកភារុណ ជាអ្នកកំណត់ទៀតផង៕

RELATED ARTICLES