មាស សុខសោភា ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាការចុះកុងត្រាច្រៀងនៅផលិតកម្មរាម ត្រឹមតែរយៈពេល១ឆ្នាំនោះគឺជាភាពវៃឆ្លាតបំផុតសម្រាប់នាងព្រោះអតីតតរាថោន រូបនេះរងចាំមើលថាតើព្រាប សុវត្ថិ ចេញពីហង្សមាសទៅចូលGalaxyនោះធ្លាក់ឬឡើង?



បើសិនជាព្រាប សុវត្ថិ នៅតែល្បីហើយខ្លាំងដូចមុននោះសោភា នឹងពិចារណាទៅចូលGalaxy ដែរប៉ុន្ដែបើព្រាប សុវត្ថិ ធ្លាក់ចុះនោះនាងអាចនឹងពិចារណាចូលហង្សមាសនៅពេលខាងមុខប្រសិនបើការឈជើងនៅរាម មិនទទួលបានជោគជ័យ។ប៉ុន្ដែអំឡុងពេលដែលសោភា ទើបឈរជើងនៅរាម បានជាង៤ខែនេះគេនៅតែមិនទាន់ឃើញតារាចម្រៀងសំនៀងផ្អែមរូបនេះធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងបទចម្រៀងមួយបទណាទេ ហេតុនេះហើយនៅសល់តែ៨ខែទៀតបើគ្មានបទផ្ទុះទៀតគេជឿថាអតីតតារាចម្រៀងថោន រូបនេះនឹងពិចារណាពីអនាគតរបស់ខ្លួនជាមិនខានឡើយ ព្រោះនាងជាតារាចម្រៀងលំដាប់ឈានមុខគេនៅGrade A ហេតុនេះហើយប្រាកដជាមិនបណ្ដោយឲ្យធ្លាក់ចុះឬខ្ទាតចេញពីតំណែងជាអ្នកចម្រៀងស្រីនាំមុខគេនោះឡើយ។



ថ្វីត្បិតតែមាស សុខសោភា ច្រៀងនៅរាម មិនទាន់បានកន្លះឆ្នាំមែន ប៉ុន្ដែដោយសារតែសន្ទុះនាងមិនទាន់ខ្លាំងក្លាដូចមុនទើបមានផលិតកម្មដល់ទៅ៣រងចាំត្រងតារាចម្រៀងវ័យ៤០ឆ្នាំរូបនេះ។ផលិតកម្មដែលចង់បានសោភា ធ្វើជាសមាជិករបស់ខ្លួននោះគឺនៅតែជាផលិតកម្មហង្សមាស,Galaxy និងអតីតទ្រនុំចាស់របស់សោភា គឺថោន។ហង្សមាសធ្លាប់បរាជ័យចរចារយកសោភា មកធ្វើជាតារារបស់ខ្លួនរយៈពេលជាង១០ឆ្នាំមកហើយតែទីបំផុតនៅតែក្វែងគំនិតគ្នាដដែលព្រោះសោភា ចង់ច្រៀងដោយគ្មានកុងត្រា ចំណែកហង្សមាសចង់ចុះកុងត្រា៥ឆ្នាំ ខណៈដែលការបរាជ័យក្នុងការនាំយកសោភា ទៅហង្សមាសនៅឆ្នាំ២០២០នេះលេចឭថាផលិតកម្មធំនេះមិនបានផ្ដល់តំណែងធំឲ្យលោកមាស សុខរតនៈ ដែលជាបងប្រុសរបស់សោភា ទៅតាមការចង់បានរបស់តារាចម្រៀងល្បីរូបនេះទេ។ដោយឡែកGalaxy វិញសោភា ធ្លាប់ប្រាប់ថាផលិតកម្មមួយនេះមិនដែលទាក់ទងនាងនោះទេ ហើយតាមព័តមានថាអ្នកចាត់ការទូទៅរបស់Galaxyចង់លើកតែតន់ ច័ន្ទសីម៉ា ទើបមើលរំលងតារាជើងខ្លាំងរូបនេះ។



ប៉ុន្ដែបើGalaxy ពិតជាចង់ប្រជែងទីផ្សារចម្រៀងមែននោះម្ចាស់ផលិតកម្មមួយនេះប្រាកដជាត្រូវការមាស សុខសោភា ដើម្បីយកទៅចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាមិនខានព្រោះច័ន្ទសីម៉ា មិនអាចច្រៀងឆ្លងឆ្លើយគ្រប់បទជាមួយព្រាប សុវត្ថិ នោះឡើយ។ដោយឡែកផលិតកម្មថោន វិញត្រូវបានលោកករុណា ពេជ្រ ដែលជាអតីតអ្នកចាត់ការទូទៅនៅថោន និងជាតារាចម្រៀងមានឥទ្ធិពលម្នាក់នៅថោន បានបញ្ជាក់ថាទោះជាពេលនេះសោភា មិនមែនជាតារាថោន ទៀតក្ដី ប៉ុន្ដែនៅថ្ងៃក្រោយបើសោភា ចង់មកច្រៀងនៅថោន វិញពេលណាក៍បានដែរគឺផលិតកម្មមួយនេះស្វាគមន៍នាងជានិច្ច។



ខណៈដែលមាស សុខសោភា នៅតែមានហាងឆេងក្នុងការចង់បានពីផលិតកម្មធំៗនោះតាមព័តមានថាថៅកែរាម ចង់បន្ថែមចំនួនកុងត្រាឲ្យសុខសោភា បន្ដនៅជាមួយផលិតកម្មថ្មីនេះរយៈពេលយូឆ្នាំថែមទៀតផងហើយរាម ក៍បានស្វែងរកអ្នកនិពន្ធល្បីៗថែមទៀតនិពន្ធបទចម្រៀងឲ្យសោភា ច្រៀង។ប៉ុន្ដែក្នុងនាមជាតារាចម្រៀងល្បីល្បាញម្នាក់ទស្សនិកជនជឿរថាសោភា នឹងមិនបណ្ដោយឲ្យជាប់ចំណងច្រើនឆ្នាំមួយរាម ឡើយព្រោះបើកេរ្ដិ៍ឈ្មោះរបស់នាងពិតជាស្រុតចុះមែន គេជឿរថាតារាចម្រៀងល្បីល្បាញរូបនេះនិងផ្ដោតទៅលើការចូលរួមជាមួយផលិតកម្មណា១ក្នុងចំោម៣ខាងលើជាមិនខានបើទោះជាការទៅរាម មិនមែនដើម្បីច្រៀងតែជាការទៅដើម្បីរកស៊ីលក់ផលិតផលច្រើនជាងក្ដី។



សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមុនចុះកុងត្រានៅរាម រយៈពេល១ឆ្នាំនេះក្នុងអាជីពចម្រៀងរបស់នាងធ្លាប់ច្រៀងកុងត្រាតែម្ដងគត់នោះគឺរយៈពេល១ឆ្នាំដែរអំឡុងពេលដែលនាងច្រៀងនៅសាន់ដេ។នាងថាចង់ធ្វើការនៅកន្លែងមួយដែលមានសិទ្ធិសេរីភាពច្រើនជាងការជាប់កុងត្រា។ដោយឡែកស្វាមីរបស់សោភា លោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្មផ្ទាល់ខ្លួនCamtrax វិញចាំជួយសោភា ជាបន្ទាន់ផងដែរប្រសិនណានាងច្រៀងនៅរាម មិនល្បីដូចមុននោះ៕ ហ៊ឹម វិចិត្


