តារាចម្រៀងមាស សុខសោភា បានដើរចេញពីផលិតកម្មថោនរយៈពេលជាង១ឆ្នាំទៅហើយដើម្បីទៅចូលរួមជាមួយផលិតកម្មរាម ដែលនាងទើបឈជើងបានជិត៤ខែនេះ ខណៈដែលអ្នកគាំទ្រសោភា មានការលើកឡើងខុសៗគ្នាខ្លះលើកឡើងថាអ្នកចម្រៀងសំនៀងផ្អែមរូបនេះហាក់ចុះខ្សោយជាងមុនហើយបើនៅតែប្រឈមគ្មានបទផ្ទុះបែបនេះទៀតច្បាស់ជានាងត្រូវបានគេផាត់ចេញក្នុងចំណោមតារាចម្រៀងល្បីៗជូរមុខជាមិនខានឡើយ តែមួយចំនួនទៀតថាកូវីដផ្ទុះពេកទើបធ្វើឲ្យសោភា មិនហ៊ានបញ្ចេញបទបុកលើទីផ្សារព្រោះខ្លាចខុសពេលវេលា។ទោះជាយ៉ាងណាក្នុងកុងត្រារយៈពេល១ឆ្នាំពេលនេះសោភា នៅសល់ពេល៦ខែទៀតដើម្បីបញ្ចេញសម្ថភាពឲ្យFan ទាំងឡាយផ្ដល់ទំនុកចិត្តដល់នាងឡើងវិញ។


អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសលោកនូ ស៊ឹប នៅតែមានជំនឿរចិត្តថាសម្ថភាពរបស់សុខសោភា ទោះជានាងទៅដល់ផលិតកម្មណាក៍នៅតែល្បីដែរ។តារាជើងចាស់រូបនេះបន្ថែមថាសុខសោភា ជាអ្នកចម្រៀងម្នាក់ដែលផលិតកម្មណាក៍ចង់បាននាង ហើយការទៅដល់រាម នេះលោកជឿរថាសោភា នៅតែល្បីដូចមុនដដែល។

មាស សុខសោភា បានចេញបទចម្រៀងបើកឆាកនៅរាម ជាបន្ដបន្ទាប់ ប៉ុន្ដែបទចម្រៀងទាំងនោះហាក់នៅមិនទាន់មានបទណាផ្ទុះខ្លាំងដូចនាងច្រៀងនៅផលិតកម្មមុនៗឡើយ បើទោះជានាងរកបានដៃគូថ្មីជាប្រុសក្មេងដួង វីរៈសិទ្ធិ ក្ដី តែបទខ្លះហាក់មិនទាន់ត្រូវចិត្តអ្នកស្ដាប់ទេ។


Composerម្នាក់នៅហង្សមាសបានឲ្យដឹងថាការចូលច្រៀងនៅផលិតកម្មថ្មីទើបបាន៤ខែមិនអាចវាយតម្លៃចំពោះតារាខ្លាំងម្នាក់ថានៅតែល្បីល្បាញទៀតឬយ៉ាងណាបាននោះទេ ព្រោះជាទូទៅការឡង់សេតារាចម្រៀងម្នាក់គេត្រូវការពេលវេលាដល់ទៅ៥ឆ្នាំទើបគ្រប់គ្រាន់។អ្នកធ្វើភ្លេងរូបនោះបន្ថែមថាសុខសោភា ជាតារាលំដាប់Grade A អីចឹងមុននឹងទៅផលិតកម្មណាគេគិតច្បាស់លាស់ណាស់ មិនមែនចេះតែប្រថុយនោះទេ។ប៉ុន្ដែលោកនៅតែមើលឃើញថាផលិតកម្មរាម ធ្វើបទចម្រៀងមិនមែនដើម្បីប្រជែងទីផ្សារចម្រៀងជាមួយផលិតកម្មណានោះទេគឺគេធ្វើជាលក្ខណៈព័ណសំបុររបស់គេ ហេតុនេះហើយយើងមិនទាន់ដឹងថាការធ្វើបទបែបស្លូតៗទាំងនោះត្រូវចិត្តយុវវ័យសម័យនេះដែរឬអត់?

មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មជាច្រើនមកហើយដូចជានាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែរ,U2 ឬCB ,M ,សាន់ដេ និងថោន មុននិងមកទើរនៅទ្រនុំចុងក្រោយរាម នេះ។តារាចម្រៀងដែលត្រូវគេផ្ដល់រហ័សនាមថាជារាជនី សម្លេងផ្អែម រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងដោយមានទំនុកចិត្តថាFanរបស់នាងមានការទុកចិត្តថានាងទៅដល់ផលិតកម្មណាក៍ល្បីដែរ ហើយសម្រាប់រូបនាងផ្ទាល់គិតថាសម័យនេះទៅហើយទោះជាច្រៀងមិនបាច់មានផលិតកម្មក៍នៅតែល្បីអីចឹងមិនបារម្ភរឿងផ្លាស់ប្ដូរផលិតកម្មនេះទេ។

ចំណែកអ្នកគ្រប់គ្រងផ្នែកសម្លេង(Sound)របស់ផលិតកម្មរាម លោកSpy ធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័តមានយើងថាបទចម្រៀងរបស់មាស សុខសោភា ផលិតឡើងដោយសម្រិតសម្រាំងបំផុតគឺយកគុណភាព មិនមែនបរិមាណឡើយព្រោះគោលដៅរបស់ផលិតកម្មដើម្បីយកបទចម្រៀងទាំងនោះទៅប្រកួតប្រជែងជាមួយប្រទេសជិតខាង។លោកបន្ថែមថារាម បានធ្វើបទចម្រៀងឲ្យសុខសោភា ជាច្រើនបទសម្រាប់ត្រៀមចេញ។


ថ្វីត្បិតតែទាំងមាស សុខសោភា និងក្រុមការងាររាម សុទ្ធតែប្ដេជ្ញាថានឹងវាយលុកទីផ្សារចម្រៀងឲ្យកក្រើក ហើយលោកដួង វីរៈសិទ្ធ សន្យាថានឹងនឹងចាប់ដៃជាមួយសុខសោភា រួមទាំងនិពន្ធបទចម្រៀងឲ្យនាងច្រៀងក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថាសុខសោភា ទៅរាម មិនមែនទិសដៅធំដើម្បីច្រៀងឲ្យល្បីថែមទៀតនោះទេ តែនាងទៅចង់បង្កើតមុខរបរថ្មីនិងលក់ផលិតផលច្រើនជាង៕ ហ៊ឹម វិចិត្រ
