Wednesday, June 18, 2025
Homeតារាខ្មែរអ៊ីវ៉ា ថាលែងប្រាប់រឿងប្ដូរផលិតកម្ម

អ៊ីវ៉ា ថាលែងប្រាប់រឿងប្ដូរផលិតកម្ម

អ្នកចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ធ្លាប់វាចារថានាងត្រូវបានផលិតកម្មហង្សមាស និងថោន ពេញចិត្តតែទីបំផុតនាងសម្រេចចិត្តមិនទៅរួមរស់ជាផលិតកម្មទាំង២ដោយសុខចិត្តជ្រកនៅទ្រនុំចាស់សាន់ដេជាបន្ដទៅទៀត។ទោះជាយ៉ាងណាអ៊ីវ៉ា ច្រៀងនៅសាន់ដេដោយគ្មានការកុងត្រានោះទេ ហើយនាងត្រូវបានថៅកែផ្ដល់សិទ្ធិឲ្យយ៉ាងពិសេសតាមរយៈបទចម្រៀង១នាងពេញចិត្តចាំច្រៀង បើមិនពេញចិត្តអាចបដិសេធការថតសម្លេងបាន។

តែក្រោយអ៊ីវ៉ា បន្ដរួមរស់នៅជាមួយសាន់ដេនេះមានព័តមានថាផលិតកម្មGalaxyក៍បានពេញចិត្តសម្ថភាពស្រីស្អាតនេះដែរព្រោះថាពេលនេះអតីតអ្នកនិពន្ធសាន់ដេលោកយឹម តាស្រង់ ដែលធ្លាប់សរសេរបទចម្រៀងឲ្យអ៊ីវ៉ា ច្រៀងដែរនោះបានក្លាយទៅជាអ្នកចាត់ការទូទៅរបស់Galaxyហេតុនេះហើយបានជាអ៊ីវ៉ា អាចនឹងទៅជ្រកនៅទ្រនុំថ្មីនេះនាពេលខាងមុខដែរជាមិនខាន។

យ៉ាងណាក្នុងជំនួបផ្ទាល់ជាមួយអ៊ីវ៉ា តារាចម្រៀងកូនកាត់ចិនថានាងសូមមិននិយាយរឿងផ្លាស់ប្ដូរផលិតកម្មទៀតឡើយ។អ៊ីវ៉ា ថាពេលនេះនាងជាតារាសាន់ដេហើយពីមុនធ្លាប់មានផលិតកម្មហង្សមាសនិងថោន ចង់ឲ្យទៅចូលរួមមែន ប៉ុន្ដែនាងមិនចង់និយាយទុកជាមុនរឿងផ្លាស់ប្ដូរផលិតកម្មនេះទៀតទេព្រោះថាបទចម្រៀងរបស់នាងនៅសាន់ដេនៅតែបន្ដចេញជាធម្មតា។ដោយឡែកលោកអ៊ូ វ៉ាវ ឪពុករបស់អ៊ីវ៉ា ធ្លាប់ប្រាប់ថាអ៊ីវ៉ា បានចាត់ទុកសាន់ដេដូចជាឪពុកម្ដាយទី២អីចឹងព្រោះបើគ្មានផលិតកម្មនេះទេកូនស្រីគាត់ក៍គ្មានគេស្គាល់ដូចរសព្វថ្ងៃដែរ។

អ៊ីវ៉ា ថាផលិតកម្មធំមិនប្រាកដថាទៅចូលរួមហើយជោគជ័យនោះទេព្រោះនៅទីនោះមានតារាចម្រៀងច្រើន។ចណែកGalaxyវិញកន្លងមកនាងធ្លាប់ទៅច្រៀងConcertsឲ្យនៅប្រទេសកូរ៉េដែរ តែរឿងចូលផលិតកម្មនេះឬមានការទាក់ទងយ៉ាងណានោះនាងមិនអាចនិយាយបានឡើយ។

អ៊ីវ៉ា បានទុកបេះដូងឲ្យនៅទំនេរជិត៧ឆ្នាំហើយក្រោយនាងប្រេះឆាស្នេហ៍ជាមួយលោកថៅកែ”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាប ។យ៉ាងណាថ្មីៗនេះឪពុកនាងលោកវ៉ាវ បានប្រកាសថាស្វែងរកកូនប្រសារតាមរយៈបុរសណាស្រលាញ់កូនស្រីលោកពិតអាចចូលចែចូវបាន។តែពេលនេះលោកវ៉ាវ មិនទាន់រកបានកូនប្រសារត្រូវចិត្តនោះទេ ខណៈដែលអ៊ីវ៉ា ថាឆ្នាំនេះនាងមានវ័យ២៨ឆ្នាំហើយអីចឹងត្រូវការ២ឆ្នាំទៀតដើម្បីឲ្យគ្រប់អាយុ៣០ឆ្នាំទើបនាងគិតគូរឿងរៀបការ៕

RELATED ARTICLES