តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម បានដើរចេញពីថោន ចូលGalaxy ជិត១ឆ្នាំទៅហើយដែលជម្រកទី២នេះខេម មិនទាន់មានសន្ទុះខ្លាំងដូចកាលនៅផលិតកម្មចាស់ឡើយ។អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះស្រាប់តែមានតារាចម្រៀងល្បីឈ្មោះម្នាក់នៅថោន បានប្រាប់អ្នកយកព័តមានយើងនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ នេះថាការចាកចេញរបស់ខេម ទៅGalaxy នោះខុសពីព្រាប សុវត្ថិ ចេញពីហង្សមាសទៅផលិតកម្ម១នេះ។តារាដែលស្នើសុំមិនឲ្យដាក់ឈ្មោះនោះបានបង្ហើបឲ្យដឹងថាក្រោយខេម ដើរពីថោន ហើយបាននិយាយដៀមដាមដាក់ថៅកែថោនរហូតផ្ទុះទៅជាជម្លោះធំនោះធ្វើឲ្យតារាថោន មួយចំនួនរហូតមកដល់ពេលនេះគឺនៅតែមិនសប្បាយចិត្តជាមួយខេម នោះទេរហូតមានអ្នកខ្លះចងគំនុំទៀតផង។តារារូបនោះបានឲ្យដឹងទៀតថាកាលពីឆ្នាំ២០១៧ មុនពេលដែលតារាចម្រៀងខេមរៈ សិរីមន្ដ ចូលហង្សមាសនោះថ្នាក់ដឹកនាំថោន បានដាក់គោលដៅចង់យកសិរីមន្ដ មកថោន ឲ្យខាងតែបានដើម្បីពង្រឹងផលិតកម្មឲ្យកាន់តែរឹងមាំគឺត្រូវតែប្រម៉ែប្រម៉ូលធនធានល្អៗមកឲ្យបានកាន់តែច្រើនកាន់តែល្អ។


ប៉ុន្ដែពេលនោះតារាជាច្រើននៅថោន បានប្រឆាំងដោយសម្អាងថានៅថោន មានតួឯកហើយនោះគឺលោក”ខេម “។តារាដែលជិតស្និតថៅកែថោនឯកឧត្តមវ៉ា សុធា ថែមទាំងបានឲ្យយោបល់ម្ចាស់ផលិតកម្មរូបនេះថាសូមកុំយកតារាណាមកប៉ៈពាល់ប្រជែងជាមួយខេម ទៀតផងព្រោះខ្លាចខេម មិនសប្បាយចិត្តហើយក្រោយមកលោកថៅកែក៍ព្រមស្ដាប់។ប៉ុន្ដែនៅពេលដែលខេម ដើរចេញពីថោន ហើយវាយប្រហាថៅកែបែកផ្សេងនោះទើបអ្នកដែលធ្លាប់រំលឹកថៅកែថាសូមកុំយកអ្នកចម្រៀងណាមកប៉ៈពាល់ផ្លូវអារម្មណ៍ខេម នោះពួកគេគក់ទ្រួងនិងដឹងកំហុសគ្រប់គ្នារហូតមកដល់ពេលនេះមានតារាថោន មួយចំនួននៅតែមិនពេញចិត្តសកម្មភាពរបស់លោកខេម ឡើយ។


តែបើក្រឡេកទៅមើលលោកព្រាប សុវត្ថិ ដើរចេញពីហង្សមាសទៅGalaxy វិញទោះជាធ្វើឲ្យថៅកែមិនពេញចិត្តមែន ប៉ុន្ដែការដែលព្រាប សុវត្ថិ និយាយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ហង្សមាសនោះធ្វើឲ្យហង្សមាសនិងតារាចម្រៀងមួយចំនួននៅផលិតកម្មធំនេះនៅតែគោរពព្រាប សុវត្ថិ បើទោះជារូបភាពពីខាងក្រៅនោះមិនអាចវាយតម្លៃបានទាំងស្រុងថាជាការពិត១០០%ក្ដី តែគ្មានតារាចម្រៀងហង្សមាសណាចងគំនុំជាមួយព្រាប សុវត្ថិ ដូចតារាថោន ជាមួយខេម នោះទេ។


គូរំលឹកថាអំឡុងពេលដែលខេម ផ្ទុះជម្លោះជាមួយថៅកែថោន នោះស្រាប់តែមានតារាចម្រៀងផលិតកម្មនេះចេញមកវាយប្រហានិងរិះគន់ខេម ព្រមៗគ្នាតែម្ដងដោយក្នុងនោះថែមទាំងមានតារាខ្លះហ៊ានទាំងថា មុនចូលថោន ខេម គ្មានសូម្បីតែកង់កញ្ចាស់ជិះតែពេលល្បីមានរថយន្ដទំនើបជិះនិងផ្ទះធំនៅស្រាប់តែខេម វាយប្រហារថោន មិនដកដៃទៅវិញទើបធ្វើឲ្យអ្នកចម្រៀងមួយចំនួននៅថោន លែងនិយាយស្ដីរកខេម ទៀតផង។យ៉ាងណាមហាជនចាប់អារម្មណ៍ថារឿងតារាចម្រៀងចេញពីផលិតកម្មឈ្លោះគ្នាជាមួយថៅកែនោះមិនមែនមានតែខេម ម្នាក់នោះទេព្រោះកន្លងមកថៅកែKH លោកគឹម ហេង ក៍ធ្លាប់ប្ដឹងតារាចម្រៀងកែ សុវណ្ណារ៉េត ហៅហ្សូណូ រហូតឡើងតុលាការផងដែរពេលដែលតារាកូន១រូបនោះដើរចោលលោកទាំងជាប់ចំណង។


អ្នកស្រឌី សាវ៉េត បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថារឿងតារាចម្រៀងផុតកុងត្រាបន្ដនៅផលិតកម្មចាស់ទៀតឬទៅផលិតកម្មថ្មីជារឿងធម្មតា។ប៉ុន្ដែចំណុចសំខាន់តារាចម្រៀងល្បីម្នាក់ត្រូវសិក្សារឲ្យបានហ្មត់ចត់ថាបើនៅយ៉ាងម៉េចហើយបើទៅតើនឹងមានការប្រែប្រួលយ៉ាងណាដែរព្រោះការឈជើងឬជ្រើសរើសផលិតកម្មជារឿងសំខាន់១ដែរ។

ខេម មិនអាចទាក់ទងបានទេនៅរសៀលនេះ។ប៉ុន្ដែក្នុងជំនួបផ្ទាល់ជាមួយខេម កន្លងមកលោកសូមមិននិយាយរឿងរ៉ាវទាំងឡាយណាដែលទាក់ទងថោន ឡើយ។គេកត់សម្គាល់ថាតារាចម្រៀងសំនៀងស្អករូបនេះហាក់នៅទ្រឹងពេលដែលលោកព្រាប សុវត្ថិ ទៅដល់Galaxy ដែរតែអ្វីដែលខេម កំពុងមានក្ដីសុខបំផុតនោះគឺមានបណ្ដូលចិត្តដែលជាអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា នៅនែបនិត្យកាយ៉ាជារៀងរាល់ថ្ងៃ បន្ទាប់ពីខេម បានផ្ដាច់ស្នេហ៍តារាសាច់សខ្ចីម្នាក់មកពីខេត្តកំពតកណ្ដាលផ្លូវ។ទោះជាយ៉ាងណាចំណងស្នេហ៍ថ្មីនេះខេម ធ្លាប់ប្រាប់ថាលោកមិនទាន់កំណត់ថ្ងៃរៀបការទេក្រោយភ្ជាប់ស្នេហ៍ជាមួយស្រីកា រយៈពេល៥ឆ្នាំមក៕ហ៊ឹម វិចិត្រ
