ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានឡើងតណ្ហាធ្វើសកម្មភាពចូលបន្ទប់នារីម្នាក់ដែលកំពុងដេកលើគ្រែ ប៉ងចាប់រំលោភ ខណៈដែលកំពុងតែស្រាតខោដោះអាវចេញ ភ្លាមនោះប្តីរបស់នារីរងគ្រោះកំពុងងូតទឹកក្នុងបន្ទប់ទឹក បានចេញមកចាប់រួចប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍ប្រុសល្មោភកាមចូលរំលោភប្រពន្ធគេដល់ក្នុងបន្ទប់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់មួយកន្លែងរបស់សាលាវិចិត្រសិល្បៈ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះផាន រ៉ន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងបរិវេណសាលាវិចិត្រសិល្បៈ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ក.ល.ណ អាយុ២៧ឆ្នាំ មុខរបរមេផ្ទះស្នាក់នៅក្នុងការដ្ឋានសំណង់សាលាវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ តែពុំបានបិទទ្វារនោះទេ ខណៈដែលប្តីកំពុងងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែជនល្មោភកាមបានដើរចូលមកចាប់នាងកំពុងដេកនៅលើគ្រែ រួចសម្រាតខោអាវចេញប៉ងរំលោភ ប៉ុន្តែភ្លាមនោះ ប្តីរបស់នាងបានមើលមកពីបន្ទប់ទឹកឃើញជនល្មោភកាមកំពុងតែវក់វីជាមួយប្រពន្ធរបស់ខ្លួន ក៏បានចាប់ជនជនសង្ស័យប្រគល់ឲ្យប៉ូលិសមូលដ្ឋានចាត់ការតាមច្បាប់តែម្តង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យល្មោភកាមបានសារភាពថា មុនពេលកើតហេតុ រូបគេទើបមកពីផឹកស្រា ហើយពេលដើរកាត់បន្ទប់នារីរងគ្រោះ ស្រាប់តែឃើញនាងកំពុងដេកលើគ្រែ ក៏ចាប់ផ្តើមមានអារម្មណ៍ចង់រួមភេទ ដោយគិតថា មិនមានអ្នកណាមើលឃើញរូបគេចាប់នាងរំលោភឡើយ ប៉ុន្តែមិនបានចាប់អារម្មណ៍ថាប្តីរបសើនាងនៅក្នុងបន្ទប់ទឹកនោះ ខណៈដែលស្រាតខោដោះអាបហៀបនឹងរំលោភហើយនោះ បែរជាប្តីរបស់នាងចេញពីបន្ទប់ទឹកចាប់រូបគេតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ៕