Tuesday, March 24, 2026
Homeព័ត៌មានសិល្បៈប៉េងប៉ោង ម្តាយឈឺធ្ងន់ ប្រកាសលក់ផ្ទះ ជាបន្ទាន់

ប៉េងប៉ោង ម្តាយឈឺធ្ងន់ ប្រកាសលក់ផ្ទះ ជាបន្ទាន់

ភ្នំពេញ ៖ តារាសម្តែង អ្នកស្រី មឿន និមល ហៅប៉េងប៉ោង កូនស្រីតារាកំប្លែង លោក ម៉ៅ សាមឿន ហៅវីតាមីនសេ បន្ទាប់ពីលោកឪពុក បានចែកឋានដោយជំងឺមក ពេលនេះអ្នកស្រីកំពុងជួបទុក្ខធំម្ដងទៀត រហូតប្រកាសលក់ផ្ទះ ជាបន្ទាន់ ដើម្បីយកប្រាក់ទៅព្យាបាលម្ដាយដែលកំពុងឈឺធ្ងន់ សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

 អ្នកស្រី មឿន និមល បានបង្ហោះរូបភាពអ្នកម្ដាយកំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ នៅលើគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ភ្ជាប់ជាមួយសំណេរប្រកាសលក់ផ្ទះ ថា “នាងខ្ញុំ ប៉េង ប៉ោង ត្រូវការលក់ផ្ទះ ជាបន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺរបស់អ្នកម្ដាយដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត សូមពុកម៉ែ បងប្អូន ជួយទិញផ្ទះនាងខ្ញុំផង ។ លេខទូរស័ព្ទរបស់នាងខ្ញុំ 012 55 38 65/098 42 91 65“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ អ្នកស្រី មឿន និមល ហៅប៉េងប៉ោង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា ផ្ទះដែលអ្នកស្រីប្រកាសលក់នេះ មានទំហំ ៨ម៉ែត្រ គុណនឹង១២ម៉ែត្រ (សាច់ផ្ទះ) ប្រវែងសាច់ដី ៨ម៉ែត្រ គុណនឹង១៦ម៉ែត្រ (ជាប្រភេទផ្ទះល្វែង ពីរល្វែងជាប់គ្នា) សិ្ថតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកស្រីប៉េងប៉ោង បន្តថា ពីមុន មានចរចាទិញ ក្នុងតម្លៃជាង ២០ម៉ឺនដុល្លារ មិនព្រមលក់ តែពេលនេះ អ្នកស្រី សម្រេចលក់បន្ទាន់ ក្នុងតម្លៃចរចា ត្រឹមតែ ១៨ម៉ឺនដុល្លារ ។ អ្នកស្រីបន្តថា ផ្ទះនេះ ជាមរតករបស់ឪពុក (តារា កំប្លែង វីតាមីនសេ) ដែលនៅពេលទទួលមរណភាពអស់រយៈពេល ៨ឆ្នាំកន្លងមកនេះ បានបន្សល់ទុកផ្ទះនេះ ឲ្យកូនៗ សម្រាប់រស់នៅ ដោយកូនៗគិតថា មិនលក់មិនដូរទេ ប៉ុន្តែចុងក្រោយ កូនៗបានពិភាក្សាគ្នា ដាច់ចិត្តលក់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ ដែលកំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរកាល់ម៉ែត ព្រោះក្រៅពីផ្ទះនេះ អ្នកស្រី និងបងប្អូន គ្មាននៅសល់ទ្រព្យសម្បត្តិអ្វីផ្សេងទេ លុយកាក់នៅក្នុងខ្លួន ក៏គ្មាន ហើយអ្វីដែលកាន់តែពិបាកបន្ថែ មទៀតនោះ ក្នុងនាមជាអ្នកសិល្បៈដែលធ្លាប់តែទទួលបានការគាំទ្រពីទស្សនិកជន ក៏មិនទាន់អាចចូលលេងសិល្បៈវិញបាន ព្រោះអ្នកស្រី មានជំងឺដំបៅបាតភ្នែកទាំងសងខាង អស់រយៈពេលជិត១ឆ្នាំមកហើយ ពេលនេះ ក្រោយវះកាត់ភ្នែកខាងឆ្វេង អាចមើលបានប្រហែល ៦០% ឯខាងស្ដាំ នៅមើលមិនទាន់បាន (ត្រូវពន្លឺថ្ងៃ អត់បាន) ត្រូវបន្តយកចិត្តទុកដាក់ថែទាំនិងការព្យាបាលពីគ្រូពេទ្យបន្តទៀត ។ ដូច្នេះហើយ ទើបនៅពេលម្ដាយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ អស់រយៈពេល ៣ថ្ងៃមកនេះ អ្នកស្រីមិនបានទៅមើលថែ ជាប់ជាប្រចាំ ទេ គឺប្រគល់ភារកិច្ចឲ្យប្អូនប្រុស មើលថែ ។

អ្នកស្រី ប៉េងប៉ោង និយាយថា ទោះបីជាមានអ្នកមើលថែ និងមានការខិតខំព្យាយាមយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ក៏អ្នកម្ដាយរបស់អ្នកស្រី នៅតែមិនទាន់អាចនិយាយបាន ដៃខាងស្ដាំ លើកអត់រួច មិនអាចកម្រើកបាន ប្រឈមនឹងការស្លាប់មួយចំហៀងខ្លួន (ត្បៀតសរសៃឈាម) រាងកាយចុះខ្សោយ ឈាមនៅសល់ តែ៤ (ខ្វះឈាម) ជាតិស្ករឡើងដល់ ៣០០ជាង ។ មិនតែប៉ុណ្ណោះ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ រកឃើញថា មានជំងឺក្រពះ ធ្ងន់ផងដែរ ។ ដូច្នេះហើយ ត្រូវការព្យាបាលរយៈពេលយូរ និងអាចអស់ថ្លៃព្យាបាលច្រើន ដែលអ្នកស្រីនិងបងប្អូន ត្រូវតែត្រៀមប្រាក់ទុកឲ្យហើយ បើទោះបីឆ្លងកាត់ការព្យាបាល រយៈពេល ៣ថ្ងៃ មកនេះ មិនបានបូកសរុបថ្លៃចំណាយទាំងអស់ក៏ដោយ ។ ចំពោះការត្រៀមបា្រក់ទុក នៅចំពោះមុខនេះ អ្នកស្រីថា មានតែការលក់ផ្ទះនេះហើយ គ្មានជម្រើសអ្វីក្រៅពីហ្នឹងទេ ហើយក្រោយពីលក់ផ្ទះនេះហើយ ក្រុមគ្រួសារអ្នកស្រី ក៏ប្រ ឈមនឹងការគ្មានផ្ទះ រស់នៅដែរ ព្រោះក្រៅពីផ្ទះដែលប្រកាសលក់នេះ អ្នកស្រីគ្មានផ្ទះផ្សេង និងគ្មានប្រាក់សម្រាប់ទិញឬសង់ផ្ទះថ្មីទៀតទេ ។ ប៉ុន្តែយ៉ាងណា ក្រុមគ្រួសារ បងប្អូនអ្នកស្រី សង្ឃឹមថា ក្រោយលក់ផ្ទះនេះដាច់ ប្រាក់មួយចំណែក សល់ពីការព្យាបាលម្ដាយ នឹងអាចយកយកទៅទិញផ្ទះ នៅជាយក្រុង តម្លៃថោកល្មម ដើម្បីរស់នៅបន្ត ។

 ក្នុងន័យនេះ អ្នកស្រី ប៉េងប៉ោង បញ្ជាក់ថា ក្នុងនាមជាកូន ក្រៅពីបាត់បង់ឪពុក អស់រយៈពេល ៨ឆ្នាំមកហើយ អ្នកស្រី ពិតជាមិនចង់ឲ្យបាត់បង់ម្ដាយម្នាក់ទៀតទេ បើទោះបីម្ដាយស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ និងបើទោះបីដឹងថា មនុស្សម្នាក់ៗ មិនអាចគេចផុតពីសេចក្ដីស្លាប់ក៏ដោយ ក៏ក្នុងពេលដែលគាត់នៅមានជីវិត ត្រូវតែខំព្យាបាលគាត់ ឲ្យអស់ពីលទ្ធភាព និងធនធានដែលមាន ព្រោះទោះយ៉ាងណា នៅមានម្ដាយហៅ ក៏វាប្រសើរជាងអត់ដែរ ដែលនេះជាទឹកចិត្តរបស់កូនៗគ្រប់រូបៗ មិនថា តែអ្នកស្រីទេ គឺអ្នកដទៃផ្សេងទៀត ក៏សុទ្ធតែចង់បានដូចគ្នានេះ ។ ដូច្នេះលុយ ផ្ទះ មិនសំខាន់ជាងជីវិតអ្នកមានគុណទេ បើត្រូវការសង្រ្គោះជីវិតម្ដាយហើយ ចាំបាច់ត្រូវតែលក់ផ្ទះ ឬបើមានប្រាក់នៅសល់ ក៏ត្រូវតែយកទៅចំណាយទុកក្នុងការព្យាបាលដែរ មិនអាចលាក់ទុកបានទេ ។

អ្នកស្រី មឿន និមល ហៅប៉េងប៉ោង បាននិយាយថា “កើនសមាជិក ប្រសើរជាងបាត់សមាជិក គ្មានកូនមួយ ណាដែលចង់បាត់បង់ម្ដាយទេ ព្រោះអស់ត្រកូល (ឪពុក) មួយហើយ ទោះយ៉ាងណាក៏យើងចង់ឲ្យគាត់ (ម្ដាយ) នៅរស់នៅក្បែរកូន ។ នេះជាអ្វីដែលខ្ញុំនិយាយចេញពីចិត្តខ្ញុំ ហើយនៅពេលខ្ញុំមានបញ្ហា ពាក្យគេថា ខ្ញុំអ៊ីចេះ ខ្ញុំអ៊ីចុះ ខ្ញុំទទួលយកអត់បានដែរ សុខចិត្តលក់កេរឪពុកខ្ញុំ ប៉ុន្តែខ្ញុំមិនសុំគេទេ ខ្ញុំនិយាយត្រង់! ខ្ញុំនៅតែប្រកាសអ៊ីចឹង ខ្ញុំនៅតែថា ខ្ញុំនៅមានទ្រព្យ អ្វីដែលខ្ញុំអាចដោះដូរ ខ្ញុំនៅតែដោះដូរ ។ បានន័យថា ក្រៅពីពពាយនាយលក់ផ្ទះនេះ ខ្ញុំមិនមានចេតនាចង់ឲ្យគេមើលឃើញអាណិតជួយខ្ញុំទេ ប៉ុន្តែអានេះជាទឹកចិត្តរបស់សប្បុរសជន ក៏ដូចជាបងប្អូនសិល្បករ សិល្បការិនី បើគាត់គិតថា គាត់ជួយរំលែកទុក្ខខ្ញុំបាន ក៏ខ្ញុំទទួលយកដែរ ខ្ញុំមិនមែនបដិ សេធទេ ហើយអរគុណដល់ពួកគាត់ដែរ ដែលស្រលាញ់ខ្ញុំកន្លងមក ក្រុមគ្រួសារខ្ញុំ និងជួយរំលែកដល់ការចាយ វាយ ក៏ដូចជាការចំណាយផ្សេងៗ ដែលយើងមិនទាន់បានទូទាត់ជាមួយនឹងពេទ្យ ។ អាហ្នឹងខ្ញុំចង់និយាយអ៊ីចឹង ខ្ញុំមិនមែនថា បដិសេធទាំងស្រុងទេ ហើយខ្ញុំមិនចង់ឲ្យគេនិយាយថា អ្នកសិល្បៈយើង ឲ្យតែមានបញ្ហាធំ ត្អូញអ៊ីចេះ ត្អូញអ៊ីចុះ វាប៉ះទង្គិចផ្លូវចិត្តដែរ” ។

 ជាចុងក្រោយ អ្នកស្រី ប៉េងប៉ោង ក៏លើកទឹកចិត្តដល់កូនគ្រប់រូប បន្តមើលថែឪពុកម្ដាយឲ្យបានល្អ ដោយកុំគិតថា មានឪពុកម្ដាយចាស់ជរា និងឈឺធ្ងន់ គឺជាបន្ទុកនៅក្នុងគ្រួសារ ។ ជាមួយនេះ អ្នកស្រីសូមជូនពរទស្សនិកជន ជួបប្រទះតែសុខភាពល្អគ្រប់គ្នា ហើយអ្នកស្រីនៅចង់ប្រាប់ពួកគាត់ថា អ្នកស្រីមិនបោះបង់ចោលសិល្បៈដែលបានខំកសាងកេរ្តិ៍ឈ្មោះបោះសំឡេង អស់ជាច្រើនឆ្នាំកន្លងមកទេ គឺនៅពេលដែលសុខភាពភ្នែករបស់អ្នកស្រី បានល្អប្រសើរ ក៏ដូចជាជំងឺម្ដាយរបស់អ្នកស្រីបានធូរស្បើយ អ្នកស្រីនឹងចូលលេងកំប្លែង និងសម្តែង បម្រើអារម្មណ៍ពួកគាត់វិញ ៕ កុលបុត្រ

RELATED ARTICLES