ភ្នំពេញ ៖ ក្រោយស្ងប់ស្ងាត់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ដោយផ្តោតតែលើការងារសិល្បៈ មួយរយៈធំមក ស្រាប់តែថ្មីៗនេះ តារាចម្រៀង មាស សុខសោភា ភរិយាតាសក់សភ្នំត្បែង បានចេញមកចែករំលែកនូវចំណេះដឹង និងការ ពន្យល់ធម៌របស់ខ្លួន ដោយលើកយកអត្ថន័យនៃពាក្យថា “ព្រហ្មចារី” មកបកស្រាយ ដោយតារាចម្រៀងរូបនេះ អះអាងថា មនុស្សជាច្រើន នៅពេលនិយាយដល់ពាក្យ “ព្រហ្មចារី” គឺសំដៅទៅលើតែផ្លូវម៉្យាង គឺ «សន្ទះទ្វារ មាសរបស់ស្ត្រី» តាមពិតមិនមែនបែបនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ តារាចម្រៀង មាស សុខសោភា បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នូវរូបថតរបស់ខ្លួន ចំនួន៤សន្លឹក ភ្ជាប់ជាមួយរមួយសំណេរថា “មនុស្សនៅលើលោកនេះ សឹងតែ ៩៩ភាគរយ ទៅហើយ ដែលនៅមានការភ័ន្តច្រឡំអំពីព្យាង្គនីមួយៗ ដូចជា ព្យាង្គ (ព្រហ្មចារី) តើព្រហ្មចារី មានអត្ថន័យបែបណា? មនុស្សគ្រប់គ្នា តែងតែយល់ថា ព្យាង្គ ៣ម៉ាត់នេះ គឺសំដៅទៅលើតែផ្លូវម៉្យាងគត់ គឺសន្ទះទ្វារមាស របស់ស្ត្រី តាមពិត ព្យាង្គ ព្រហ្មចារី គឺមិនមែនសំដៅទៅលើរឿងបែបនោះទេ…”។

តារាចម្រៀង មាស សុខសោភា បានបកស្រាយថា “(ព្រហ្មចារី) សំដៅទៅលើទៅទង្វើគុណធម៌របស់ស្ត្រី ដែលមានភក្តីភាពបរិសុទ្ធ ស្មោះត្រង់ ទន់ភ្លន់ មានសំឡេងពីរោះ មានការបដិបត្តិខ្លួនប្រកបដោយធម៌ មានសីលបរិ សុទ្ធក្នុងខ្លូន ជាស្ត្រីគ្រប់លក្ខណ៍ មានស្វាមីភក្តិចំពោះស្វាមី ឬចៅហ្វាយនាយ ជាស្ត្រីដែលគោរពស្រលាញ់ស្វាមី ស្មោះអស់ពីដួងចិត្ត គោរពព្រះអរិយ ស្មោះអស់ពីដួងហឫទ័យ ជាស្តីដ្រែលមានដួងចិត្តត្រជាក់ជ្រាលជ្រៅ គួរជា ទីគោរពយ៉ាងក្រៃលែង…”។

បន្ទាប់មក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ តារាចម្រៀង មាស សុខសោភា បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញពីការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប និងការចូលរួមទស្សនាព្រឹត្តិការណ៍សមរាត្រីអង្គរ (Angkor Equinox) ថ្ងៃរះចំកំពូលកណ្តាលប្រាង្គប្រាសាទអង្គរវត្ត ដោយមានវត្តមានស្វាមីថ្មី របស់អ្នកនាង គឺលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ផងដែរ។

គួររំលឹកថា ក្រោយពេលលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានចេញមកប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីថ្មីរបស់តារាចម្រៀង មាស សុខសោភា រួចមក តារាចម្រៀង មាស សុខសោភា ក៏បានចេញមកទទួល ស្គាល់ និងហៅតាសក់សភ្នំត្បែង ថាជាប្តីពេញៗមាត់ផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជនថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថា នាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ៕ ដារិទ្ធ

