ភ្នំពេញ ៖ ឆ្លើយតបទៅអតីតប្រពន្ធដើម និងអ្នករិះគន់មួយចំនួនដែលថា ដោយសារនាងចូលចិត្តថតស្រាតបង្ហោះក្នុងហ្វេសប៊ុក ប្តីហាមមិនស្តាប់ទើបប្តីវាយដំជាំសាច់ បែកមុខមាត់ រហូត១៣០ដង ជាពិសេស ស្ត្រីជាអតីតប្រពន្ធដើម ហៅអតីតប្តីថា ប្រុសខូចជួបស្រីខូចនោះ នាងថៃ ស្រីនាង បន្ទាប់ពីបានប្រកាសដកពាក្យបណ្តឹងរឿងប្តីវ៉ៃ១៣០ដង និងព្រមរួមស្នេហ៍ជាមួយប្តីអត់ខាន់ស្លាជាថ្មីវិញនោះ នៅពេលនេះ នាងបានបញ្ចោញរូបភាពផ្អែមស្នេហ៍ជាមួយប្តី ដោយបញ្ជាក់ថា ដោយសារតែនាងនិងប្តីមានអនុស្សារីយ៍កន្លងមកច្រើនពេក ធ្វើឱ្យនាងពិបាកក្នុងការសម្រេចចិត្ត បែកពីប្តីដែលចូលចិត្តប្រើហិង្សារូបនេះ។ ជាមួយនេះ នាងក៏ស្នើសុំឱ្យអ្នកដែលរិះគន់នាងមិនល្អនោះ មើលសម្លៀកបំពាក់នាងពេលនៅជាមួយប្តីផង តើសិចស៊ីដូចពេលនាងថតផ្សាយលក់ផលិតផលតាមបណ្តាញសង្គមហ្វេសប៊ុក ដែរឬទេ? នាងបញ្ជាក់ថា បើនាងមិនល្អ មិនមែនប្តីស្រឡាញ់ខ្លាំងរហូតប្រចណ្ឌ និងអាចនៅជាមួយគ្នាបាន២ឆ្នាំមកនេះទេ ព្រោះរូបភាពសិចស៊ី គ្រាន់តែជាការលក់ដូរផលិតផលរបស់នាងតែប៉ុណ្ណោះ។

នាងថៃ ស្រីនាង អាយុ៣៨ឆ្នាំ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ថា “ខ្ញុំខុស ត្រង់ខ្ញុំសិចស៊ី តើមែនទេ…? ចឹងរឿង២ហ្នឹង គេពិតជាយកមកស៊ីសងគ្នាតើមែនទេ សុំសួរទៅអ្នកតុលាការ fb ទាំងបីរូបនេះផង ព្រោះល្ងង់មិនយល់ពីច្បាប់ ហើយពាក្យដែលលោកខ័ណ្ឌ ច័ន្ទសុផល បំផ្លើសថា ខ្ញុំផ្តល់ព័ត៌មានលេងសើច អ្នកឯងយកអីមកសំអាងក្នុងករណីនីមួយៗ អ្នករងរបួស មានសិទ្ធិក្នុងការដាក់ពាក្យ ឬដកពាក្យបាន តែបណ្តឹងអាជ្ញា គឺជារឿងផ្សេង តើអ្នកជាតុលាការ ឬជាអ្នកតែស្ករ ឱ្យប្រាកដ ដើម្បីឱ្យខ្លួនឯងល្បី…! ខ្ញុំមើលទៅសមត្ថភាពការងាររបស់អ្នកនៅមិនទាន់យល់ សូមបញ្ជាក់ពីតួនាទីរបស់អ្នកផង ព្រោះខ្ញុំមិនបានស្គាល់អ្នកច្បាស់ ដូចអ្នកស្គាល់ខ្ញុំ និងអ្នកដឹងរឿងខ្ញុំច្បាស់ជាងខ្ញុំទៅទៀត សូមអរគុណទុកជាមុន”។

ជាមួយនេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នាងថៃ ស្រីនាង បានសរសេរថា “ដោយសារតែអនុស្សារីយ៍ពួកយើងកន្លងមកច្រើនពេក ធ្វើឱ្យខ្ញុំពិបាកក្នុងការសម្រេចចិត្ត តែខ្ញុំសង្ឃឹមថា ពេលវេលាអាចជួយខ្ញុំបាន សូមមើលសម្លៀកបំពាក់ខ្ញុំនៅជាមួយប្តីខ្ញុំផង បើខ្ញុំមិនល្អ មិនមែនអាចនៅជាមួយគ្នា ២ឆ្នាំទេ នាងៗសូមមនុស្សមួយចំនួន បើកែខួរឡើងថា រូបភាពសិចស៊ី គ្រាន់តែជាការលក់ដូររបស់ខ្ញុំ តែប៉ុណ្ណោះ”។

គួរបញ្ជាក់ថា ការបញ្ចោញប្រតិកម្មឆ្លើយតបរបស់ស្រីស្អាត ថៃ ស្រីនាង ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នាងបានទម្លាយរឿងប្តីអត់ខាន់ស្លា ឈ្មោះទឹម សាវុធ អាយុជាង៤០ឆ្នាំ មុខរបរជាអនុប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានវ៉ៃដំលើរូបកាយនាង១៣០ដង ព្រោះតែការប្រចណ្ឌ។ បន្ទាប់មក នារីរងគ្រោះរូបនេះ ក៏បានដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនបុរសជាប្តីនេះទៀតផង។ ប៉ុន្តែក្រោយមក ដោយសារបុរសជាប្តីអង្វរសុំទោសនាង ទើបនាងព្រមដកពាក្យបណ្តឹងវិញ និងព្រមរួមស្នេហ៍ជាថ្មី ដោយសារនាងនិងប្តីបានស្រលាញ់គ្នាពិតប្រាកដ មិនអាចបែកគ្នាបាន។

នាងថៃ ស្រីនាង បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ថា “នាងខ្ញុំសុំអភ័យទោសផង សម្រាប់រឿងរ៉ាវកាលពីថ្ងៃ ០៨ ០៧ ២០១៩ ដោយខ្ញុំខឹងច្រលោតពេក បានផុសរូបក្នុងបណ្តាញសង្គមfb តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹង វិញហើយ ព្រោះគាត់បានសុំទោស និងសន្យា ថា ឈប់ឱ្យមានរឿងបែបនេះទៀតហើយ។ ម៉្យាងទៀត ខ្ញុំមិនចង់ឱ្យគាត់បាត់បង់កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរិតឆេវឆាវ និងប្រចណ្ឌខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថា បងប្អូនក្នុង fb និងថ្នាក់ដឹកនាំអធ្យាស្រ័យ និងអភ័យទោសឱ្យយគាត់ ព្រមទាំងនាងខ្ញុំផងទាំងពីរ បានស្រលាញ់គ្នាពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូនយល់អារម្មណ៍ពួកខ្ញុំផងចុះ”។

ដោយឡែក ស្ត្រីជាអតីតប្រពន្ធដើមរបស់លោកទឹម សាវុធ ដែលបានលែងលះគ្នាដាច់ស្រេចហើយនោះ បន្ទាប់ពីបានឃើញព័ត៌មានស្តីពីអតីតប្តី ទឹម សាវុធ ត្រូវស្រីស្នេហ៍បកអាក្រាតរឿងវ៉ៃដំនាង១៣០ដងនោះ ស្ត្រីរូបនេះបានសរសេរបញ្ចោញយោបល់ (Comment) ថា “អស់កែហើយ ប្រុសខូចជួបស្រី ខូច”។ ជាមួយនេះ ដោយសារតែមានព័ត៌មានមួយចំនួនមិនច្បាស់លាស់ ប៉ះពាល់ដល់គាត់ដែលជាកូនស្រីអតីតអភិបាលខេត្តកំពង់ឆ្នាំង ទើបគាត់សម្រេចចិត្តចេញប្រតិកម្មឆ្លើយបំភ្លឺ ដោយបកអាក្រាតពីអតីតប្តីនេះថា ជាព្រានលាក់ក្រចក មានចិត្តមិនស្មោះ មានស្រីញីច្រើន ទើបគាត់ជាអតីតប្រពន្ធ សម្រេចចិត្តលែងក្បាលចោល។

ស្ត្រីជាអតីតប្រពន្ធដើមបានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ថា “ខ្ញុំសុំស្រាយបំភ្លឺរឿងខ្លះ ប៉ុន្មានថ្ងៃនេះ មានសារព័ត៌មានរឿងទឹម សាវុធ វាយតប់ស្រីស្នេហ៍លក់ឡេ ថៃ ស្រីនាង ខ្ញុំឃើញសារព័ត៌មានខ្លះ សរសេរខុស អត់សូវដឹងរឿងខ្ញុំផង សរសេរដូចច្បាស់ណាស់ ខ្ញុំសុំកុំសរសេរអីឱ្យប៉ះពាល់ក្រុមគ្រួសារខ្ញុំ ជាពិសេសខ្ញុំនិងឪពុកខ្ញុំ ដែលគាត់ជាអតីតចៅហ្វាយខេត្តកំពង់ឆ្នាំង។ ខ្ញុំបានរៀបការជាមួយទឹម សាវុធ នេះ នៅឆ្នាំ២០០៤ គាត់នេះជាអនុបណ្ឌិតផ្នែកជលផល មកពីដាណឺម៉ាក។ ទឹម សាវុធ នេះជាអតីតប្រធានជលផលខេត្តកំពត និងបន្ទាប់មកដូរទៅសៀមរាប ខ្ញុំនិងគាត់បានកូនស្រីម្នាក់ ហើយសារព័ត៌មានខ្លះបានសរេសរថា គាត់នេះវាយដំច្រំធាក់សូម្បីប្រពន្ធដើមកូនចៅហ្វាយខេត្ត រាប់មិនអស់។ ខ្ញុំចង់បកស្រាយថា គាត់នេះមានហេតុផលអីមកធ្វើបាបខ្ញុំជាប្រពន្ធដែលជួយទំនុកបម្រុងគាត់ រ៉ាប់រងបញ្ហាខ្លះជំនួសប្តី ជួយបុណ្យស័ក្តិប្តី ទឹម សាវុធ នេះ រស់នៅមួយខ្ញុំ មិនហ៊ានជាមួយគ្រួសារខ្ញុំទេ ខ្ញុំរៀបការជាមួយគាត់ហ្នឹង ១៣ឆ្នាំ បើវាយទាត់ខ្ញុំដូចបាវខ្សាច់នោះ តើខ្ញុំទ្រាំបានទេ? មួយប្រពន្ធ មួយស្រី បើផ្ទះខ្ញុំមានឪពុកម្តាយ បងប្អូន និងអង្គរក្សយាមផ្ទះ ពេលដែលសាវុធ នេះទៅធ្វើការនៅខេត្ត ខ្ញុំមិនដែលបានទៅរស់នៅខេត្តតាមទេ បុគ្គលនេះមិនចេះនិយាយពីរោះទេ ខ្ញុំមិនសូវដែលមានជម្លោះជាមួយប្តីនេះទេ ដោយខ្ញុំពេលខឹង ខ្ញុំអត់ដែលនិយាយរកទេ ចឹងមិនសូវមានហិង្សាជាមួយបុគ្គលនេះទេ ពេលមួយដែលមានការយល់ច្រលំ បុគ្គលទឹម សាវុធ នេះ ដើរលេងយប់ហួសម៉ោង ខ្ញុំមិនចូលចិត្តបញ្ជាអង្គរក្សឱ្យបិទទ្វារផ្ទះ មិនឱ្យចូលសាវុធ នេះ បានប្រើហិង្សា វាយឡានប្អូនខ្ញុំដែលនៅក្រៅរបង ក៏មានគេបង្វែរថា សាវុធ នេះប្រើហិង្សាលើខ្ញុំ ពេលហ្នឹងក្នុងនាមខ្ញុំជាកូនអ្នកមានពូជអំបូរដែរ តើខ្ញុំអាចឱ្យសាវុធ ហ្នឹង វាយធ្វើបាបខ្ញុំទេ? ខ្ញុំរស់នៅ១៣ឆ្នាំ ខ្ញុំគ្រាន់ជាមនុស្សដែលរស់នៅមួយប្តីនេះ ដោយលំបាកក្នុងចិត្ត ហើយមិនសូវនិយាយរកទេ និយាយតែពេលមានការត្រូវនិយាយទេ ខ្ញុំរស់នៅមួយគាត់ហ្នឹងដោយមិនចុះសម្រុង ចរិតគេជាមនុស្សដែលមិនខ្វល់ពីប្រពន្ធកូន ដោយចូលចិត្តដើរលេងច្រើន ខ្ញុំក៏ទ្រាំមិនបាន ក៏សុំលែងលះដាច់ស្រេច ចឹងសុំសារព័ត៌មាន សរសេរតែបុគ្គលបានហើយ កុំយកកិត្តិយសគ្រួសារខ្ញុំទៅពាក់ព័ន្ធអី”។

ស្ត្រីជាអតីតប្រពន្ធដើម បានសរសេរបន្ថែមថា “ខ្ញុំសូមឆ្លើយតបនឹងរឿងខ្លះថា ខ្ញុំសរសេរព័ត៌មានការពារជនដៃដល់ ទឹម សាវុធ ឬក៏ថាជួយសម្រាលទោសអតីតស្វាមី។ ខ្ញុំមិនបានជួយទេ ខ្ញុំគ្រាន់តែចង់បំភ្លឺការពារគ្រួសារខ្ញុំទេ ម្សិលមិញ ខ្ញុំសរសេរមានការបកស្រាយមិនទាន់គ្រប់គ្រាន់ ទើបមានការរិះគន់ថា ខ្ញុំជួយសម្រាលទោសគេ មានព័ត៌មានខ្លះឆាតសួរខ្ញុំថា ចុះបងឯងម៉េចបានលើកទឹកចិត្តឱ្យទឹម សាវុធ ទៅវាយថៃ ស្រីនាង លើកទី១៣១ចឹង បងឯង បើលើកក្រោយ គេជ្រុលសម្លាប់ថៃ ស្រីនាង ទៅតើធ្វើម៉េច? បងឯងចឹងឱ្យទឹម សាវុធ ដើរធ្វើបាបស្រីមែន? មួយទៀតថា ខ្ញុំរុញព័ត៌មានថែម ខ្ញុំឆ្លើយថា ខ្ញុំគ្រាន់ការពារកិត្តិយសគ្រួសារខ្ញុំ ហើយចង់ទឹម សាវុធ វាយអ្នកណា ទាត់ប្រពន្វទីមួយ ទីពីរអី ក៏ខ្ញុំមិនដឹងដែរ ម្សិលមិញខ្ញុំចេញបំភ្លឺ តែមិនគ្រប់គ្រាន់ ធ្វើឱ្យមហាជនរិះគន់ថា ខ្ញុំគ្មានបំភ្លឺអីពីការលែងលះទឹម សាវុធ ឱ្យច្បាស់លាស់ ខ្ញុំឆ្លើយ ខ្ញុំលែងបុគ្គលនេះ ដោយសារតែបុគ្គលនេះមិនដែលស្មោះត្រង់ តែងតែមានស្រីញី ធ្វើបាបចិត្តខ្ញុំ មានលុយតិចតួច ភ្លេចប្រពន្ធភ្លេចកូន។ ខ្ញុំបកស្រាយនេះឱ្យបងប្អូនអ្នកតាកែវ អ្នកភ្នំពេញ អ្នកកំពត អ្នកកែប ជាពិសេសអ្នកកំពង់ឆ្នាំង បានដឹង ចឹងបើទឹម សាវុធ នេះទៅនៅជាមួយអ្នកណា ហើយធ្វើបាបគេ កុំឆាតមកខ្ញុំអី ខ្ញុំមិនមែនប្រពន្ធគេទៀតទេ ខ្ញុំជូនដំណឹងនេះ ព្រោះអ្នកខេត្ត-ក្រុងដែលខ្ញុំលើកឡើងនេះ ភាគច្រើនស្គាល់គ្រួសារខ្ញុំច្បាស់ ហើយគេបានតេមកខ្ញុំជាច្រើនថា បុគ្គលនេះខូចរឿងអាស្រូវជាច្រើន តែខ្ញុំសុំវាជារឿងដែលគេទទួលកម្មពៀររបស់គេទេ ទឹម សាវុធ នេះគ្នាខ្មាសគេអស់ម៉ាប្រទេសហើយតើ រឿងគេយកប្រពន្ធវាយដំ សម្លាប់ ជារឿងរបស់គេ ព្រោះយើងបានបំភ្លឺហើយ ហើយក៏មិនបានជួយការពារដែរ ចឹងបើថៃ ស្រីនាង នៅតែទទួលបាន គឺជារឿងរបស់នាង ព្រោះពេលនេះ យើងបានជួយនាងហើយ នាងក៏បានដឹងឮប្រវត្តិទឹម សាវុធ កាន់តែច្បាស់ កុំទម្លាក់កំហុសមកលើខ្ញុំថា សរសេរសម្រាល ព្រោះសាវុធ នេះជាមនុស្សកំរោល បើនាងសាងអនាគតជាថ្មី ត្រូវទ្រាំនឹងទង្វើកំរោល និងក្បត់របស់គេ។ ខ្ញុំបំភ្លឺឱ្យអស់សេចក្តី កុំឱ្យខ្ញុំខុស មិនបកស្រាយ ចុះថ្ងៃក្រោយ បើគេវាយនាងស្លាប់ កុំខុសដោយមិនបានបកស្រាយឱ្យមហាជនដឹង ព្រោះសរសេរមិនក្បោះក្បាយ មានការយល់ច្រលំ មិនអាចស្គាល់មុខមាត់ព្រាន លាក់ក្រចក””