ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកបានបើករថយន្តទំនើប១គ្រឿង ដឹកស្រីស្នេហ៍ឡើងលើស្ពានជ្រោយចង្វា រួចក៏រេចង្កូតបុកខឿនស្ពានបាក់អស់៨កង់ មិនឈប់ដោះស្រាយ បែរជាព្យាយាមបើកទៅមុខទាំងបែកកង់ រហូតដល់ពាក់កណ្តាលស្ពាន ទើបទៅមុខលែងរួចផ្អើលដល់សមត្ថកិច្ចនិងអ្នកសារព័ត៌មានចុះទៅព្រោងព្រាត ស្រាប់តែបុរសស្រវឹងជាអ្នកបើកបររូបនោះ មួម៉ៅក្តៅក្រហាយចុះមកជេរប្រមាថអ្នកសារព័ត៌មានយ៉ាងចាស់ដៃ សូម្បីតែសមត្ថកិច្ចក៏មិនហ៊ានឃាត់ផងបានត្រឹមឈរមើលប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុំចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ និងជេរប្រមាថអ្នកសារព័ត៌មានខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ៣០ឆ្នាំ និងបើករថយន្តទំនើប១គ្រឿង ម៉ាក Mercedes-Bens ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប 2A- 8454 និងរួមដំណើរដោយស្រីស្នេហ៍ម្នាក់ផង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើបើករថយន្តទំនើបដឹកស្រីស្នេហ៍ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ដោយសារតែបើកឡើងស្ពានក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកខឿនដាក់ការពារសម្រាប់ផ្លូវម៉ូតូធ្វើដំណើរ បណ្តាលឱ្យបាក់អស់៨កង់ ហើយរថយន្តបង្កហេតុ មិនព្រមឈប់ដោះស្រាយនោះទេ បែរជាព្យាយាមបើកទៅមុខ ទាំងរថយន្តបែកកង់មុខទាំងសងខាង រហូតឡើងដល់ពាក់កណ្តាលស្ពាន ទើបទៅមុខលែងរួច។

ប្រភពដដែលបន្តថា ភ្លាមៗនោះ នារីជាស្រីស្នេហ៍របស់ម្ចាស់រថយន្តទំនើបខាងលើ បានចេញពីរថយន្ត រួចហៅម៉ូតូកង់បីជិះចេញទៅបាត់ស្រមោល។ លុះបន្តិចក្រោយមក ក៏មានសមត្ថកិច្ចនិងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះទៅដល់ថតផ្តិតយករូបភាពនៅនឹងកន្លែងកើតហេតុ ក្នុងករណីរថយន្តបុកខឿន បង្កគ្រោះថ្នាក់នៅលើស្ពានជាទីសាធារណៈ ស្រាប់តែម្ចាស់រថយន្តទំនងជាស្រវឹងស្រា បែរជាច្រឡោតខឹងសម្បាយ៉ាងខ្លាំង ក៏រករឿងជេរប្រមាថគំរាមវ៉ៃអ្នកសារព័ត៌មាន ដោយចង្អុលរុញដើមទ្រូង រួចទាញម៉ូតូផ្តួលថែមទៀត ខណៈដែលនៅជុំវិញកន្លែងកើតហេតុ គេឃើញមានសមត្ថកិច្ចប៉ុស្តិ៍និងជំនាញចរាចរណ៍នៅទីនោះដែរ តែគ្មានសមត្ថកិច្ចណាហ៊ានជួយអន្តរាគមន៍សោះ សុខចិត្តឈរមើលទៅវិញ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕