Sunday, November 23, 2025
Homeព័ត៌មានជាតិពូនេះមិនឲ្យប្រពន្ធ ទ្រាំបានតែម្តង... មុខចឹងមិនសមចេះឌឺខ្លាំង

ពូនេះមិនឲ្យប្រពន្ធ ទ្រាំបានតែម្តង… មុខចឹងមិនសមចេះឌឺខ្លាំង

ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់គ្រាន់តែបើកភ្នែកសឹងមិនទាន់ ក៏ដេកលើអង្រឹងរអ៊ូរទាំបង្កជម្លោះជាមួយប្រពន្ធ ប៉ុន្តែប្រពន្ធខ្ជិលមានរឿងវែងឆ្ងាយ ក៏ព្យាយាមគេចមុខពីប្តី ស្រាប់តែប្តីកាន់តែច្រឡោតខឹង ក៏ធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ និងថែមទាំងប្រមូលខោអាវយកមកដុតចោលអស់គ្មានសល់ទៀត ទើបធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។

ជនបង្កហេតុជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធឿន ធន អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះណន រឿន អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ។ ប្តីប្រពន្ធទាំង២នាក់នោះមានលំនៅក្នុងភូមិឃុំកើតហេតុខាលើ។ រីឯសម្ភារនិងទ្រព្យសម្បត្តិដែលទទួលរងការខូចខាត រួមមាន បែកពាងទឹក ចំនួន១, ក្រពឹតកាធុនដែក ចំនួន២, សម្លៀកបំពាក់ រួមនឹងសម្ភារមួយចំនួនទៀត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធបានរៀបចំអីវ៉ាន់ចាប់ហួយលក់ដូរនៅក្រោមផ្ទះដូចធម្មតា។ ចំណែកបុរសជាប្តីឈ្មោះ ធឿន ធន នៅដេកលើអង្រឹងក្រោមផ្ទះរអ៊ូរទាំតែម្នាក់ឯង។ បន្ទាប់មក ស្ត្រីជាប្រពន្ធក៏ចេញពីផ្ទះទៅទិញម្ហូបនៅផ្សារដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែល ទើបត្រឡប់មកពីផ្សារដល់ផ្ទះវិញ  និងរៀបចំធ្វើម្ហូបហូបបាយ។ រីឯបុរសជាប្តីនៅតែដេកលើអង្រឹងបន្តរអ៊ូរទាំគំរាមរករឿងប្រពន្ធដដែល។ ក្រោយមក ដោយសារតែខ្លាចប្តីប្រើហិង្សាវាយដំខ្លួន ទើបស្ត្រីជាប្រពន្ធបាននាំកូនដើរគេចចេញទៅអង្គុយនៅផ្ទះអ្នកជិត ខាងបាត់ទៅ។

ប្រភពដដែលបន្តថា ក្រោយពីរករឿងឈ្លោះជាមួយប្រពន្ធ តែប្រពន្ធមិនតមាត់ឈ្លោះជាមួយ រួចគេចមុខបាត់បែបនេះ ស្រាប់តែធ្វើឱ្យបុរសជាប្តីកាន់តែច្រឡោតខឹង មួម៉ៅក្តៅក្រហាយខ្លាំងឡើងៗ រហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែល ដោយសារខឹងប្រពន្ធមិននៅផ្ទះ បុរសជាប្តីរូបនេះក៏បានងើបពីអង្រឹងទៅទាញអីវ៉ាន់ចាប់ហួយដែលប្រពន្ធលក់ដូរ គប់និងចាក់ចោល បណ្តាលឱ្យកំពប់រាយប៉ាយ និងធ្វើឱ្យអីវ៉ាន់លក់ដូរមួយចំនួនទៀតខូចខាតផងដែរ។

ប្រភពខាងលើបញ្ជាក់ថា ដោយសារមិនទាន់បាត់ក្តៅចិត្ត បុរសជាប្តីរូបនេះថែមទាំងបានវាយកាធុនដែកក្រពឹតខូចខាតចំនួន២ រួចក៏យកដុំថ្មគប់ពាងទឹកបែកចំនួន១ ព្រមទាំងប្រមូលខោអាវដុតឆេះខូចខាតថែមទៀត បន្ទាប់មកនៅស្រែកគំរាមប្រពន្ធថា “បើមិនចូលផ្ទះវិញទេ អញនឹងដុតផ្ទះចោលហើយ” លុះនិយាយរួច បុរសជាប្តីនៅបានឡើងទៅលើផ្ទះរើកកាយខោអាវ និងច្រានទូ បណ្តាលឱ្យដួលទៀត។

ដោយសារតែឃើញសភាពឃោរឃៅរបស់ប្តី ទើបស្ត្រីជាប្រពន្ធសម្រេចចិត្តទូរស័ព្ទរាយ-ការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិល ទើបកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ  បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល អនុវត្តតាមនីតិវិធី៕

RELATED ARTICLES