ខេត្តកណ្តាល ៖ បុរសម្នាក់បានធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើគូទំនាស់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក៏ព្យាយាមរត់ទៅសម្ងំលាក់ខ្លួនអស់ជាច្រើនឆ្នាំ ស្រាប់តែក្រោយមកទំនងជាភ្លេចខ្លួន ក៏ត្រឡប់ចូលស្រុកកំណើតវិញ និងត្រូវបានសមត្ថកិច្ចប្រទះឃើញក៏ចុះឃាត់ខ្លួនតាមដីកាតុលាការតែម្តង។

ប្រតិបត្តិការចាប់ខ្លួនជនជាប់ចោទខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិកណ្តាលកោះធំ ឃុំកោះធំ (ក) ស្រុកកោះធំ។
មន្ត្រីនគរបាលស្រុកកោះធំ បានឱ្យដឹងថា ជនត្រូវចោទដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសារី សារ៉ាត់ ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅភូមិកណ្តាលកោះធំ ឃុំកោះធំ (ក) ស្រុកកោះធំ។ ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៨៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៦ ចុះហត្ថលេខាដោយលោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ស្ថិតក្នុងភូមិ កណ្តាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ។

ប្រភពដដែលបន្តថា បន្ទាប់ពីជនត្រូវចោទ ខាងលើបានធ្វើសកម្មភាពហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រួចជននេះបានរត់គេចខ្លួនបាត់ពីមូលដ្ឋានអស់រយៈៗពេលជាច្រើនឆ្នាំមកហើយ ដោយពុំដឹងថា ទៅរស់នៅឯខេត្តណានោះទេ ទើបចៅក្រមនៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាបញ្ជាឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវជននេះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៣រសៀល ស្រាប់តែសមត្ថកិច្ចឃើញជនត្រូវចោទនៅក្នុងមូលដ្ឋាន ភ្លាមនោះក៏ធ្វើការឃាត់ខ្លួនដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្តាល នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕