ខេត្តកណ្តាល ៖ យុវជនសង្ស័យជាចោរអំបុកចោរអំបែងលួចអាគុយគ្នាឯងផ្ទះក្បែរខាង ពេលម្ចាស់មិននៅផ្ទះ ក៏ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឱ្យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីធ្វើសកម្មភាពលួចបាន១ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអុន សុខនៅ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកឈ្មោះវឿន ឌីណេត ហៅចយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានលំនៅភូមិ-ឃុំកើតហេតុជាមួយគ្នា សមត្ថកិច្ចដកហូតបានអាំភ្លីសំឡេងចំនួន២គ្រឿង និងអាំភ្លីអេកូ ចំនួន១គ្រឿង។

ប្រភពពីសមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹក ឈ្មោះអុន សុខនៅ បាននាំប្តីរបស់ខ្លួនឈ្មោះអ៊ឹម ប៊ុនលី ជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅព្យាបាលភ្នែកនៅមន្ទីរពេទ្យភ្នែក ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លុះដល់វេលាម៉ោង៨ព្រឹក ឃើញម្ចាស់មិននៅ ឈ្មោះវឿន ឌីណេត បានចូលទៅលួចអាំភ្លីរបស់ឈ្មោះ អុន សុខនៅ ចំនួន៣គ្រឿង ដែលទុកនៅក្រោមសំយាបផ្ទះ ហើយយកទៅលាក់ទុកនៅលើផ្ទះរបស់ខ្លួន។ លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ឈ្មោះអុន សុខនៅ និងប្តីបានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែបាត់អាំភ្លីរបស់ខ្លួនចំនួន៣គ្រឿង។ ដោយមានការសង្ស័យលើឈ្មោះវឿន ឌីណេត ជនរងគ្រោះអុន សុខនៅ បានឡើងទៅមើលនៅលើផ្ទះរបស់ឈ្មោះវឿន ឌីណេត ក៏ឃើញអាំភ្លីរបស់ខ្លួនទាំង៣គ្រឿង នៅលើផ្ទះនោះ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកោះចូរ៉ាម ហើយកម្លាំងប៉ុស្តិ៍ចុះទៅដកហូតយកអាំភ្លីនោះមករក្សាទុក តែឈ្មោះ វឿន ឌីណេត គេចខ្លួនបាត់។

ប្រភពដដែលបានឱ្យដឹងថា រហូតដល់ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក កម្លាំងនគរបាលប៉ុស្តិ៍កោះចូរ៉ាម បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះវឿន ឌីណេត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធី៕

