ខេត្តព្រះវិហារ ៖ ក្មេងប្រុសឈាមរាវម្នាក់បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុ រហូតឈានដល់លួងលោមនាំយកទៅរួមរ័កមេត្រីបានម្តង លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវម្តាយរបស់ក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីល្បូងកូនស្រីគេយកទៅរួមរ័កនេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិសែនតេជោ ឃុំមរកត ស្រុកជាំក្សាន្ត។ រហូតមកដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ។
ជនសង្ស័យដែលល្បួងរួមរ័កកូនស្រីគេ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះស្រី សុផាត់ អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ផ.ស.ផ ជាអនីតិជន អាយុក្រោម១៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានទទួលបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះខាងលើ ពីករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ដោយជនសង្ស័យឈ្មោះស្រី សុផាត់ បានរួមភេទជាមួយកូនស្រីរបស់គាត់ជាអនីតិជន កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិសែនតេជោ ឃុំមរកត ស្រុកជាំក្សាន្ត។
ក្រោយទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងក្មេងស្រីរងគ្រោះពិតជាបានរួមភេទជាមួយគ្នាមែន តែដោយការព្រមព្រៀងទាំងសងខាង គ្មានការបង្ខិតបង្ខំនោះទេ។
ករណីនេះ ការិយាល័យជំនាញកំពុងបំពេញសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្ត៕