Sunday, November 23, 2025
Homeព័ត៌មានជាតិរឿងគងសម្តីសោះ... ក៏ក្លាយជាបែបនេះទៅ

រឿងគងសម្តីសោះ… ក៏ក្លាយជាបែបនេះទៅ

ខេត្តកំពង់ធំ ៖ បុរស២នាក់បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែនិយាយគងសម្តីគ្នាតែបន្តិចក៏ផ្ទុះជាជម្លោះឈានដល់អំពើហិង្សា ដោយភាគីម្ខាងបានទាញកាំបិតកាប់ប្រហារគូជំលោះចំនួន៥កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៥០នាទីយប់  ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក។

ជនសង្ស័យដែលផឹកស្រវឹងកាប់គូទំនាស់៥កាំបិត មានឈ្មោះកែវ រតនៈ អាយុ២៨ឆ្នាំ មុខរបរមេការធ្វើផ្លូវចាក់កៅស៊ូ ធ្វើការនិងស្នាក់នៅការដ្ឋានក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះអិត ដេន អាយុ៣៧ឆ្នាំ មុខរបរតៃកុងឡានចាក់កៅស៊ូ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា និងមានស្រុកកំណើតនៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនបង្កបានអង្គុយផឹកស៊ីជាមួយគ្នាធម្មតា លុះមកដល់វេលាម៉ោងកើតហេតុ ខណៈដែលផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន អ្នកទាំងពីរក៏ចាប់ផ្តើមនិយាយគងពាក្យសម្តីគ្នាតិចតួច តែមានចិត្តប្រកាន់ខឹងរៀងខ្លួន ទើបធ្វើឱ្យក្លាយជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ជនបង្កទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញកាំបិតប៉័ងតោមកកាប់ប្រហារជនរងគ្រោះ ចំនួន៥កាំបិត បណ្តាលឱ្យរងរបួសចំក្បាលក្រោមក្លៀកខាងឆ្វេង និងក្រោមដោះខាងស្តាំរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីព្យាបាល និងបានឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES