Sunday, November 23, 2025
Homeព័ត៌មានជាតិប្រពន្ធកោសខ្យល់មុខប្រុស ប្តីកើតរោគប្រចណ្ឌ... ប្រុសរត់ប្រូច ផ្ទុះរឿងប្រាវ

ប្រពន្ធកោសខ្យល់មុខប្រុស ប្តីកើតរោគប្រចណ្ឌ… ប្រុសរត់ប្រូច ផ្ទុះរឿងប្រាវ

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស៊ីស្រវឹងក៏ត្រូវមិត្តភក្តិម្នាក់ជូនមកផ្ទះ លុះមកដល់ស្ត្រីជាប្រពន្ធមិនសូវស្រួលខ្លួន ក៏កោសខ្យល់នៅចំពោះមុខមិត្តភក្តិប្តី ជាហេតុធ្វើឱ្យប្តីមានចិត្តប្រចណ្ឌក៏ចោទប្រពន្ធថាឱ្យដៃប្រុស រួចក៏កើតមានជម្លោះបែកផ្សែងរហូតដល់ប្រពន្ធខឹង នឹងប្តីចេះតែប្រចណ្ឌចោទប្រកាន់ទាំងទទឹងទិស   ក៏ទាញកាំបិតប្រុងកាប់ប្តី ប៉ុន្តែត្រូវប្តីប្រតាយប្រតប់ បណ្តាលឱ្យស្ត្រីជាប្រពន្ធបែកក្បាលហូរឈាមជោកខ្លួន រួចក៏រត់មកប្តីសមត្ថកិច្ចចាប់វាយខ្នោះប្តឹងនាំយកទៅសាកសួរ។

ករណីអំពើហិង្សាក្នុងគ្រួសារផ្តើមចេញពីភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីកំពុងសាងសង់ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីវ៉ៃរយះក្បាល មានឈ្មោះស ស្រីណែត អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកបុរសជាប្តី មានឈ្មោះហៃ សាវី អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។ ប្តីប្រពន្ធទាំងពីរនាក់នេះធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់បុរី ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់នាងនេះគឺជាមនុស្សចូលចិត្តផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងចេះតែរករឿងឈ្លោះប្រកែកជាមួយនាងមិនឈប់ ពិសេសតែងមានចិត្តប្រចែប្រចណ្ឌនាងមិនឈប់ ចោទថា នាងលួចមានសហាយជាមួយប្រុសនេះប្រុសនោះមិនចេះចប់។ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ ប្តីទើបនឹងមកពីផឹកស៊ីនៅឯណាមិនដឹង ស្រវឹងជោក និងត្រូវមិត្តភក្តិជូនមកផ្ទះវិញ។ លុះគាប់ជួនពេលនោះដោយសារតែនាងកើតមានអាការ មិនសូវស្រួលខ្លួនក៏ចោមពុងសារុងកោសខ្យល់ខ្លួនឯង ស្រាប់តែប្តីបែរជាផ្ទុះភ្លើងប្រចណ្ឌចោទថា នាងជាប្រពន្ធកោសខ្យល់ឱ្យដៃប្រុស (មិត្តភក្តិរបស់ប្តី) ទៅវិញ។

ស្ត្រីរងគ្រោះ បន្តថា ក្រោយពីមិត្តភក្តិរបស់ប្តីរូបនោះចេញទៅវិញបាត់ ស្រាប់តែប្តីរបស់នាងក៏ចាប់ផ្តើមមួម៉ៅក្តៅក្រហាយ រួចក៏សុំលុយពីនាង តែនាងបានប្រាប់ប្តីថា អត់មានលុយទេ ជាហេតុធ្វើឱ្យប្តីបានដៃចាប់កំហុសនាង ក៏រករឿងចោទប្រកាន់នាងថា ប្តីខំរកលុយឱ្យរាល់ថ្ងៃ   នៅតែមិនសល់លុយទៀត បែបនេះមានតែប្រពន្ធលួចមានសហាយជាមួយប្រុសផ្សេង។

ស្ត្រីរងគ្រោះខាងលើ បានឱ្យដឹងទៀតថា  ដោយសារតែត្រូវប្តីចោទប្រកាន់ទាំងបំពានម្តងជាពីរដងបែបនេះ ទើបធ្វើឱ្យនាងទប់កំហឹងមិនបានក៏កើតជាជម្លោះគ្នាមួយប្រាវ បន្ទាប់មកនាងក៏ស្ទុះទៅទាញកាំបិតបម្រុងកាប់ប្តី ក៏ត្រូវប្តីស្រវឹងស្រាប្រវាយប្រតប់ជាមួយនាងវិញ បណ្តាលឱ្យជ្រុលដៃចំនាងបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង ទើបធ្វើឱ្យនាងទ្រាំមិនបានក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានទៅដល់កន្លែងកើតហេតុ សួរនាំ ប៉ុន្តែត្រូវបុរសជាប្តីបានបដិសេធថា ខ្លួនមិនបានវ៉ៃប្រពន្ធទេ ចំណែករបួសរយះក្បាលនោះ គឺជារឿងអចេតនាប៉ុណ្ណោះ។

ក្រោយមក កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បាននាំភាគីទាំងសងខាងមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ម្តងទៀត  ដើម្បីធ្វើការអប់រំ។ ចំណែកភាគីស្ត្រីរងគ្រោះជាប្រពន្ធក៏សម្រេចមិនធ្វើការប្តឹងផ្តល់អ្វីដែរ  គ្រាន់តែស្នើឱ្យប្តីឈប់ប្រចណ្ឌចោទប្រកាន់សង្ស័យថា នាងមានសហាយតទៅទៀត ព្រោះនាងស្មោះចំពោះតែប្តីម្នាក់គត់ និងសុំឱ្យឈប់ប្រើហិង្សាដាក់នាងតទៅទៀត។

បន្ទាប់ពីសមត្ថកិច្ចសាកសួរនិងអប់រំរួចមក សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យប្តីប្រពន្ធទាំងពីរនាក់នេះវិលត្រឡប់ទៅផ្ទះវិញទៅ៕

RELATED ARTICLES