Sunday, November 23, 2025
Homeព័ត៌មានជាតិញឹកញាប់ណាស់ ម្តុំជួរមាត់ទន្លេហ្នឹង ពេលណាអស់???

ញឹកញាប់ណាស់ ម្តុំជួរមាត់ទន្លេហ្នឹង ពេលណាអស់???

ភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង ទៅឈប់អង្គុយផឹកស៊ីតាមដងទន្លេ ស្រាប់តែជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាមូរ៉ៃបានមកកាប់ប្លន់ម៉ូតូ តែមិនបានសម្រេច ព្រោះជនរងគ្រោះ ស្រែកឱ្យអ្នកជិតខាងជួយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមាត់ទន្លេត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៦នាក់ ជិះម៉ូតូចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីលេត និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១១០ សង់ប៊ិក បានមកអង្គុយ និងទិញស្រាបៀរមកផឹកជជែកគ្នាលេង ស្រាប់តែជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយដាវសាមូរ៉ៃចូលមកកាប់ប្លន់យកម៉ូតូ ភ្លាមនោះ  បក្ខពួកគេជាជនរងគ្រោះបានរត់ស្រែកឱ្យអ្នកភូមិជួយ ទើបក្រុមជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុនោះ គេឃើញវត្តមានលោកមេប៉ុស្តិ៍ជ្រោយចង្វា ដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ និងមានក្រុមអ្នកសារព័ត៌មានជាច្រើនចុះទៅផងដែរ ហើយក៏នាំជនរងគ្រោះទៅសាកសួរ  និងដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមជនល្មើស។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននិយាយថា តាមជួរមាត់ទន្លេ ពេលយប់ឡើងអនាធិបតេយ្យខ្លាំងណាស់ គឺសំបូរក្រុមបងតូចបងធំ និងប្លន់ជាញឹកញាប់ផងដែរ តែមិនដែលឃើញកម្លាំងនគរបាលបង្ក្រាបបានម្តងណាសោះ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅម្តុំនោះ លែងហ៊ានចេញក្រៅផ្ទះនាពេលរាត្រី ទើបពួកគាត់សំណូមពរឱ្យសមត្ថកិច្ចបង្កើនការល្បាតថែមទៀត៕

RELATED ARTICLES