ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់បានលបមើលស្ត្រីជាអ្នកភូមិម្នាក់ចោមពុងងូតទឹកនៅក្រោមផ្ទះ លុះគាប់ជួនក្មេងនៅក្បែរផ្ទះដួលបែកក្បាល ទើបស្ត្រីរូបនោះបានរត់ទៅជួយមើល ស្រាប់តែប្រុសព្រានមានឱកាសក៏លបឡើងទៅលើផ្ទះស្ត្រីរងគ្រោះ រួចលូនចូលទៅសម្ងំក្នុងមុងដេកចាំចាប់រំលោភស្ត្រីរងគ្រោះ តែចៃដន្យស្ត្រីរងគ្រោះប្រទះឃើញមុន ក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានលបចូលដេកក្នុងមុខប្រុងចាប់រំលោភស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង6និង30នាទីព្រលប់ ថ្ងៃទី06 ខែកក្កដា ឆ្នាំ2019 នៅចំណុចខាងលើផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកក្របៅទី2 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលន រ៉ា អាយុ39ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះអែល ស៊ីថាត អាយុ36ឆ្នាំ មុខរបរត្បាញ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង6ព្រលប់ ថ្ងៃទី06 ខែកក្កដា ឆ្នាំ2019 ស្ត្រីរងគ្រោះបានចងមុងរៀបចំកន្លែងដេកនៅលើផ្ទះរបស់ខ្លួនរួច ក៏ចោមពុងសារុងចុះមកងូតទឹកនៅក្រោមផ្ទះដូចសព្វដង ដោយមិនដឹងថា ត្រូវជនសង្ស័យល្មោភកាមឈ្មោះលន រ៉ា កំពុងលបមើលសកម្មភាពរបស់ខ្លួនចោមពុងងូតទឹកនោះទេ។

ប្រភពដដែលបន្តថា លុះគាប់ជួន ខណៈដែលស្ត្រីរងគ្រោះកំពុងងូតទឹកនោះ ស្រាប់តែផ្ទះអ្នកជិតខាងមានកូនដួលបែកក្បាល ទើបស្ត្រីរងគ្រោះបានដើរទៅជួយមើល។ ស្របពេលនោះ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏ធ្វើសកម្មភាពលបឡើងទៅលើផ្ទះរបស់ស្ត្រីរងគ្រោះ ហើយក៏ចូលទៅសម្ងំក្នុងមុងដេកចាំស្ត្រីរងគ្រោះពេល ងូតទឹករួចចូលមុងដេក នឹងធ្វើសកម្មភាពចាប់រំលោភបបោសអង្អែលឱ្យស្រែកថ្ងូរតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីទៅ មើលកូនអ្នកជិតខាង ដួលបែកក្បាលរួចហើយ ស្ត្រីរងគ្រោះក៏បានដើរត្រឡប់មកផ្ទះវិញ លុះពេលមកដល់ ប្រទះឃើញស្បែកជើងផ្ទាត់1គូ នៅកាំជណ្តើរ ទើបមានការសង្ស័យក៏ដើរឡើងទៅមើលនៅលើផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងដេកក្នុងមុងរបស់ខ្លួន (ជនរងគ្រោះ) ទើបភ្លាមនោះ ស្ត្រីរងគ្រោះបានស្រែកឆោឡោផ្អើលដល់ប្អូនថ្លៃជនសង្ស័យឈ្មោះរស់ ភា បាននាំជនសង្ស័យទៅផ្ទះវិញ។
ក្រោយកើតហេតុ នៅវេលាម៉ោង8ព្រឹក ថ្ងៃទី08 ខែកក្កដា ឆ្នាំ2019 ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ព្រែកអំពិល ឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍ បានចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕