Sunday, November 23, 2025
Homeព័ត៌មានជាតិប៉ូលិសចាប់ចោរមិនបាន ជនរងគ្រោះចាប់ឱ្យ

ប៉ូលិសចាប់ចោរមិនបាន ជនរងគ្រោះចាប់ឱ្យ

ភ្នំពេញ ៖ ជនសង្ស័យដែលនៅសេសសល់ម្នាក់ក្នុងចំណោម២នាក់ ធ្លាប់ធ្វើសកម្មភាពប្រើដាវភ្ជង់ប្លន់ម៉ូតូកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក តែបក្ខពួកម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ តាមឃាត់បានតាំងពីល្ងាចម៉ោង៦ ថ្ងៃទី០៣ ខែកក្កដា រហូតដល់វេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ម្ចាស់ម៉ូតូប្រទះឃើញជនសង្ស័យនៅផ្លូវបេតុង ក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណៈជនសង្ស័យចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង រ៉ានុត អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពេលដែលឃាត់ខ្លួននេះ ជនសង្ស័យបានបោះម្សៅក្រាមសថ្លា ចំនួន១កញ្ចប់ធំល្មម និងមួយកញ្ចប់តូច ត្រូវបានមេភូមិរើសប្រគល់ឱ្យសមត្ថកិច្ច និងដកហូតម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HI-8809។

គួរបញ្ជាក់ផងដែរថា វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចបុរីធូលន ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ មានករណីប្រើដាវ ភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះម៉ៅ ងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរី ធូ លន ខណៈងើបពីដេកចេញមកខាងក្រៅ ដើម្បីបត់ជើងតូច រួចក៏ដើរចូលផ្ទះវិញ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូចូលទាញដាវមកភ្ជង់ប្លន់យកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HH-8559 ដែលជនសង្ស័យឈ្មោះអេង រ៉ានុត ជាអ្នកជិះចេញទៅ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះសុវណ្ណ រតនា ហៅអាតាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីធូលន ជាអ្នកកាន់ដាភ្ជង់ជនរងគ្រោះជិះម៉ូតូចេញទៅតាមក្រោយ ហើយឈ្មោះសុវណ្ណ រតនា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីថ្ងៃទី០៣ ខែកក្កដា វេលាម៉ោង៦ល្ងាច។

ជនសង្ស័យឈ្មោះអេង រ៉ានុត ដែលទើបនិងឃាត់បានត្រូវប្រគល់ឱ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងបញ្ចូនឡើងតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES