ភ្នំពេញ ៖ ករណីហិង្សាវ៉ៃតប់គ្នាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ “ស្រីល័ក្ខ ៥៥៥៥” ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជិត១០នាក់ចូលផឹកស៊ីជាមួយគ្នា ក្នុងហាង “ស្រីល័ក្ខ ៥៥៥៥” លុះពេលផឹកស្រវឹង ស្រាប់តែទាស់សម្តីគ្នារហូតឈានដល់កើតមានហិង្សាវាយតប់គ្នាទៅវិញទៅមក ធ្វើឱ្យបុរសម្នាក់ទាញដបស្រាវាយទៅលើបុរសម្នាក់ទៀត ដែលជាមិត្តភក្តិនឹងគ្នាបណ្តាលឱ្យរងរបួសធ្ងន់ជិតដាច់សរសៃដៃ បង្កឱ្យមានការភ្ញាក់ផ្អើលពេញហាងនិងសមត្ថកិច្ចចុះមកសួរនាំ។

ប្រភពដដែលបន្តថា ជនរងគ្រោះនិងជនបង្កត្រូវជាមិត្តភក្តិនឹងគ្នា ហើយពួកគាត់បាននាំគ្នាមកផឹកស៊ីនៅក្នុងភោជនីយដ្ឋាន៥៥៥៥ តាំងពីម៉ោង៧ជិត៨យប់ឯណោះ រហូតដល់ម៉ោងកើតហេតុខាងលើ ជនរងគ្រោះស្រវឹង ហើយខាងជនបង្កក៏ស្រវឹងដូចគ្នាបានទាស់ពាក្យសម្តីគ្នា រហូតដល់ខាងជនបង្កយកដបស្រាបៀរទៅវាយក្បាលមិត្តភក្តិខ្លួនឯង បណ្តាលឱ្យរងរបួសរយះដៃស្ទើរតែដាច់សរសៃដៃ ហូរឈាមពេញតុ និងខូចខាតសម្ភារៈរាយប៉ាយពេញក្នុងហាងផ្អើលភ្ញៀវរត់ចេញ អ្នកខ្លះទាំងមិនទាន់ទាំងគិតលុយផង។

ភ្លាមៗនោះ រថយន្តសង្គ្រោះរបស់គ្លីនិក ហុងហាក់ បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល ខណៈដែលជនរងគ្រោះមិនបានដាក់ពាក្យប្តឹងនោះទេ សុខចិត្តព្យាបាលរួច ក៏ត្រឡប់ទៅផ្ទះដោយខ្លួនវិញ ពីព្រោះនឹកឃើញថា ជាមិត្តភក្តិនឹងគ្នា រាប់អានគ្នាយូរមកហើយ។ ក្រោយកើតហេតុ ម្ចាស់ហាងបានទាមទារសំណងចំនួន៥០០ដុល្លារ ប៉ុន្តែខាងជនបង្កមានតែ១១០ដុល្លារ ម្ចាស់ហាងក៏យក រួចបញ្ចប់រឿងនៅកន្លែងកើតហេតុទៅ៕