កណ្ដាល៖ បុរសម្នាក់ជាប្អូនថ្លៃម្នាក់ព្រោះតែខឹងបងថ្លៃបើកសំឡេងខារ៉ាអូខេខ្លាំងពេក ខ្លាចរំខានដល់អ្នកជិតខាង ក៏បានហាមបងថ្លៃ តែបងថ្លៃមិនព្រមស្តាប់ ក៏កើតទំនាស់ពាក្យសម្តីនឹងគ្នា ហើយត្រូវបុរសជាប្អូនថ្លៃទាញមែកស្វាយវាយរហូតដល់សន្លប់ ទើបអ្នកជិតខាងជួយឃាត់និងរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ។

ហេតុការណ៍ហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថអៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិកណ្ដាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល។
ជនសង្ស័យជាប្អូនថ្លៃ មានឈ្មោះរិន សុវណ្ណ ហៅណយ អាយុ៣៩ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មុខរបរជាងសំណង់ (ត្រូវជាប្អូនថ្លៃ)។ ចំណែកជនរងគ្រោះ មានឈ្មោះហ៊ិន គីម អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល រងរបួសក្បាលផ្នែកខាងមុខ លើផ្ទៃមុខ និងបបូរមាត់ (ត្រូវជាបងថ្លៃ)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោ១២និង០០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះជាបងថ្លៃនិងជនសង្ស័យជាបញអូនថ្លៃ រួមជាមួយមនុស្សជាច្រើននាក់ទៀត បានទិញស្រាបៀរនិងស្រាថ្នាំមកផឹកនៅកន្លែងរោងលក់គ្រឿងសង្ហារឹមរបស់ជនសងស្ស័យ ដោយសារទីនេះមានដាក់ខារ៉ាអូខេច្រៀងលេង ហើយពួកគេបានច្រៀរាំយ៉ាងសប្បាយរីករាយ។

ប្រភពពីសមត្ថកិច្ចបានបន្តថា លុះដល់វេលាកើតហេតុ ជនរងគ្រោះបានបើកសំឡេងខារ៉ាអូខេច្រៀងឮខ្លាំង ពេលនោះជនសង្ស័យប្រាប់កុំឲ្យបើកឮពេក ព្រោះអ្នកជិតខាងដេកពួន ប៉ុន្តែជនរងគ្រោះជាបងថ្លៃរឹងទទឹងនៅតែបើកខ្លាំងៗ មិនព្រមស្តាប់ ក៏កើតមានទំនាស់ពាក្យសំដីនឹងគ្នា ពេលនោះជនសង្ស័យបានដាល់មុខជនរងគ្រោះជាបងថ្លៃមួយដៃ បណ្ដាលឲ្យ ដួលផ្ងារក្រោយ ដោយមិនអស់ចិត្ត ជនសង្ស័យបានរត់ទៅយកដំបងមែកស្វាយពីក្រោយរោងផ្ទះ មកវាយបន្ថែមលើក្បាលជនរងគ្រោះជាច្រើនទៀត បណ្ដាលឲ្យមានរបួសស្នាម និងសន្លប់បាត់ស្មារតី ឃើញដូច្នេះ អ្នកដែលចូលរួមផឹកសុីជាមួយ ក៏បានចូលមកឃាត់ជនសង្ស័យ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច។ បន្ទាប់មក ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ចុះអន្តរាគមន៍ឃាត់ខ្លួន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការបន្តតាមនីតិវិធី៕