Sunday, November 23, 2025
Homeព័ត៌មានជាតិស្រលាញ់កូនស្រីគេពេញបេះដូង ក៏សុំម្តាយចូលស្តីដណ្តឹង ប៉ុន្តែដោយសាររឿងនេះ កូនប្រុសចាកចេញគ្មានប្រាប់១ម៉ាត់

ស្រលាញ់កូនស្រីគេពេញបេះដូង ក៏សុំម្តាយចូលស្តីដណ្តឹង ប៉ុន្តែដោយសាររឿងនេះ កូនប្រុសចាកចេញគ្មានប្រាប់១ម៉ាត់

ខេត្តមណ្ឌលគិរី ៖ យុវជនម្នាក់បានចាប់ចិត្តស្រលាញ់នារីម្នាក់ពេញបេះដូង លុះខ្លាចប្រុសផ្សេងបេះយកទៅបាត់ ក៏ទៅរំអុកឪពុកម្តាយរបស់ខ្លួនឱ្យចូលស្តីដណ្តឹងនារីម្នាក់នោះ មកធ្វើជាប្រពន្ធ ប៉ុន្តែឪពុកម្តាយសង្កេតឃើញអត្តចរិតកូនប្រុសមិនទាន់នឹងន គ្មានការងារធ្វើ ចូលចិត្តដើរលេងយប់ បំផ្លាញលុយកាក់ឪពុកម្តាយជាហូរហែ ទើបមិនព្រមចូលស្តីដណ្តឹងឱ្យ ស្រាប់តែកូនប្រុសឈឺចិត្តស្អិតទ្រូងរត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

ករណីយុវជនខូចចិត្តម៉ែអត់ដណ្តឹងប្រពន្ធឱ្យ បែរជាគិតខ្លីចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយវិហារយីស៊ូគ្រិស្ត ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលចងកសម្លាប់ខ្លួន ព្រោះតែខឹងម្តាយអត់ដណ្តឹងប្រពន្ធឱ្យនេះ មានឈ្មោះរៀម លីថូ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា យុវជនរូបនេះមិនទាន់មានការងារអ្វីធ្វើនឹងគេទេ រាល់ថ្ងៃចូលចិត្តដើរលេង ផឹកស៊ីយប់ព្រលប់ទើបចូលផ្ទះ និងចេះតែបង្ករឿងអុកឡុកក្នុងផ្ទះបំផ្លាញទ្រព្យសម្បត្តិលុយកាក់ឪពុកម្តាយជាហូរហែ។ លុះមកដល់ពេលថ្មីៗនេះ យុវជនខាងលើក៏ចាប់ចិត្តប្រតិព័ទ្ធលើនារីម្នាក់ លុះស្រលាញ់ពេញបេះដូងខ្លាំង ខ្លាចប្រុសផ្សេងមកឆក់យកនារីរូបនោះទៅបាត់ ទើបដាច់ចិត្តរំអុកឪពុកម្តាយ ឱ្យចូលស្តីដណ្តឹងប្រពន្ធឱ្យខ្លួន។ ចំណែកឪពុកម្តាយដោយសារតែឃើញកូនប្រុសអត់មានការងារធ្វើ ដើរលេងប៉ោឡែរាល់ថ្ងៃ ខ្លាចចិញ្ចឹមកូនស្រីគេមិនរស់ ទើបមិនព្រមស្តីដណ្តឹងប្រពន្ធឱ្យកូនប្រុសនេះឡើយ។

ប្រភពដដែលបន្តថា លុះមកដល់យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ឪពុកម្តាយក៏បានស្តីបន្ទោសឱ្យយុវជនរងគ្រោះជាកូនប្រុសពីរឿងដើរលេងយប់ លុះត្រូវឪពុកម្តាយស្តីបន្ទោសផង ណាមួយកំពុងអន់ចិត្តនឹងឪពុកម្តាយពីរឿងមិនព្រមស្តីដណ្តឹងប្រពន្ធឱ្យខ្លួនស្រាប់ផង ទើបកូនប្រុសរូបនេះបានសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារខឹងឪពុកម្តាយស្តីបន្ទោសរឿងដើរលេងយប់ផង និងមិនដណ្តឹងប្រពន្ធដែលខ្លួនស្រទ្បាញ់ឱ្យផង ទើបគិតខ្លីបែបនេះ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES