ភ្នំពេញ ៖ នាងថៃ ស្រីនាង អាយុ38ឆ្នាំ តារាហ្វេសប៊ុករូបស្រស់ស៊ិចសី លក់ផលិតផលដ៏ល្បីតាម Online បានទម្លាយរឿងពិតទាំងឈឺចាប់ថា នាងត្រូវបុរសជាប្តីអត់ខាន់ស្លាវ៉ៃនាងចំនួន130ដង ដោយសារតែភ្លើងប្រចណ្ឌ សូម្បីជាមួយឆ្កែចិញ្ចឹមក្នុងផ្ទះ ក៏ប្តីនេះប្រចណ្ឌសង្ស័យថា នាងដេកជាមួយឆ្កែដែរ ដែលធ្វើនាងទ្រាំលែងបាន ឈឺចាប់ខ្លាំងពេក ក៏ប្តឹងប្តីដែលមានឋានៈជាមន្ត្រីជលផល ឈ្មោះទឹម សាវុធ អាយុជាង40ឆ្នាំនេះ ឱ្យសមត្ថកិច្ចចាប់ដាក់គុក។
នាងថៃ ស្រីនាង បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី07 ខែកក្កដា ឆ្នាំ2019 ថា “លើកនេះទី130ហើយ ដែលអាថោកទាបនេះវ៉ៃខ្ញុំ ស្អែកខ្ញុំនឹងឡាយវីដេអូ សុំឱ្យសមត្ថកិច្ចចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង”។

ខាងក្រោមនេះ ជាបទសម្ភាសន៍លម្អិត រវាង “នគរធំ” ជាមួយនាងថៃ ស្រីនាង នៅថ្ងៃទី08 ខែកក្កដា ឆ្នាំ2019 ៖
នគរធំ ៖ ជម្រាបសួរនាងថៃ ស្រីនាង! តើមានអ្វីបញ្ជាក់បន្ថែមលើសំណេរឈឺចាប់របស់នាង?
នាងថៃ ស្រីនាង ៖ (យំ) ឈឺខ្លាំងណាស់ មួយតួខ្លួនបងទក់អស់ហើយ។ ការប្រើហិង្សាពេញមួយតួខ្លួននេះយូរហើយ ចូលចង់ពីរឆ្នាំហើយ។
នគរធំ ៖ តើបុរសដែលវ៉ៃបងស្រីហ្នឹងជា ប្តីរៀបការពេញច្បាប់ឬយ៉ាងណា?
នាងថៃ ស្រីនាង ៖ អត់ទេ! បងគ្រាន់តែរស់នៅជាមួយគ្នា អត់មានបានការទេ។ យើងរស់នៅជាមួយគ្នា មកដល់ឥឡូវ2ឆ្នាំហើយ។
នគរធំ ៖ ពេលរួមរស់ជាមួយគ្នាភ្លាម គាត់ចាប់ផ្តើមប្រើអំពើហិង្សាភ្លាមមែនទេ?
នាងថៃ ស្រីនាង ៖ អត់ទេ! ពីដំបូងអត់ទាន់ទេ កន្លងមកបានប្រហែល3ខែ ទៅ4ខែ ទើបចាប់ផ្តើម។ គាត់ប្រើដៃជើងវ៉ៃទាត់ធាក់តែម្តង។ គាត់អត់មានប្រើហិង្សាលើផ្លូវភេទបងទេ ប៉ុន្តែហិង្សាផ្លូវកាយពេញមួយតួខ្លួនតែម្តង។
នគរធំ ៖ អាចបញ្ជាក់បានទេថា មូលហេតុ អ្វីបានជាគាត់ ប្រើអំពើហិង្សាលើបងស្រីរហូតដល់130ដងនេះ? ដោយសារប្រចណ្ឌរឿងភាពសិចស៊ីលក់ផលិតតាមអនឡាញនោះ ឬយ៉ាងណា?
នាងថៃ ស្រីនាង ៖ គាត់ប្រចណ្ឌ! ហ្នឹងហើយ គាត់គិតថា អ្នកទាំងអស់គ្នាដែលឆាតមកលេង មកអី គិតថា ខ្ញុំហ្នឹងមានស្នេហាជាមួយគេអីអ៊ីចឹង។ ខ្ញុំថា ខ្ញុំអត់មានទេ ខ្ញុំគ្រាន់តែលក់ដូរតែប៉ុណ្ណឹងទេ មនុស្សប្រុសភាគច្រើនឆាតមកសួរសុខទុក្ខ ញ៉ាំបាយអីហើយឬនៅ? មានអ្នកខ្លះរហូតឈានដល់ថាស្រលាញ់ទៅចុះ ប៉ុន្តែយើងមិនបានទៅតបតជាមួយគេ ឬក៏ទៅស្រលាញ់គេស្អីវិញឯណា ហើយយើងទៅហាមឃាត់មិនឱ្យគេឆាតមកឯណា បើយើងប្លុកហើយ ជួនកាលផ្សេង អ្នកនេះ អ្នកនោះ តែគាត់ឃើញ ជួនណាជេរវិញអ៊ីចឹងទៅ ពេលខ្លះទៅ មិនជេរ គេវ៉ៃខ្ញុំយកតែម្តង បោកទូរស័ព្ទខ្ញុំខ្ទេចខ្ទីអស់ បោកអស់ច្រើនណាស់ រាប់មិនអស់ទេ។

នគរធំ ៖ អ៊ីចឹងបងស្រីមានបានប្រាប់គាត់ កុំឱ្យប្រចណ្ឌក្នុងរឿងហ្នឹងទេ?
នាងថៃ ស្រីនាង ៖ ប្រាប់ហើយប្រាប់ទៀតៗ ប្រាប់ថា ខ្ញុំអត់ទេ ខ្ញុំលក់ដូរ ហើយបើមនុស្សប្រុសគេឆាតមក គេគ្រាន់តែសួរថា ញ៉ាំបាយអីឬនៅ? ជាលក្ខណៈគួរសម មនុស្សធម្មតាទេ វាថា អ្នកខ្លះអាចដល់ស្រលាញ់ ប៉ុន្តែសួរថា ខ្ញុំទៅតបតជាមួយវិញមែនទេ? ខ្ញុំទៅស្នេហាជាមួយគេវិញមែនទេ? អត់មានទេ! អ្នកណានិយាយដល់រឿងស្នេហា ខ្ញុំក៏ឈប់និយាយទៅ បើគេសួរពីផលិតផល យើងនិយាយតាមហ្នឹងទៅ តែគាត់មិនជឿទេ គាត់គិតថា ខ្ញុំអីឯណាលួចមានអ្នកនេះ អ្នកនោះ គាត់គិតតែខ្លួនគាត់ ឯយើងអត់ដឹងខ្យល់អីផង។
នគរធំ ៖ តើអាចមកពីគាត់ប្រចណ្ឌរឿង ថតសិចស៊ីផងដែរឬយ៉ាងម៉េច?
នាងថៃ ស្រីនាង ៖ ហ្នឹងហើយ! មិនមែនតែថតរូបសិចស៊ីទេ សូម្បីនៅខាងក្រៅ ដើរលេងជាមួយគាត់ក៏ដោយ បើមានមិត្តគាត់ណា មើលខ្ញុំច្រើន ក៏មិនបានដែរ មិនមែនតែនៅក្នុងហ្វេសប៊ុកទេ ហើយនៅខាងក្រៅ ខ្ញុំមិនដែលសិចស៊ីផង ខ្ញុំសិចស៊ីតែក្នុងលក់ដូរហ្នឹង ខ្ញុំថតតែខោអាវសិចស៊ីដែលខ្ញុំលក់ហ្នឹងហើយ ខ្ញុំដោះចេញហើយ ខ្ញុំមិនដែលទៅពាក់ដើរឯណាឆ្កួតអ៊ីចឹងទេ ខ្ញុំពាក់ជិតៗទាំងអស់ហ្នឹង តែមិត្តភក្តិគាត់ណាម្នាក់ដែលស្គាល់ខ្ញុំ ហើយមើលខ្ញុំ គឺអត់បាន និយាយតែរាងគងពាក្យគេបន្តិច វ៉ៃដោយទាំងគេទៀត ជេរម្រាយគេ។
នគរធំ ៖ បានន័យថា វ៉ៃនៅតាមទីសាធារណៈដែរមែនទេ?
នាងថៃ ស្រីនាង ៖ វ៉ៃគ្រប់កន្លែង ទៅដល់ប្រទេសណា វ៉ៃប្រទេសហ្នឹង ឱ្យតែគាត់ទើសចិត្ត កណ្តាលចំណោមក្នុងកម្មវិធីអីក៏ដោយ វ៉ៃបោចសក់ពេញទឹកពេញដីនៅហ្នឹង មិត្តភក្តិគាត់ អ្នកណាក៏ដឹងដែររឿងនេះ មិត្តភក្តិគាត់ដឹងគ្រប់គ្នា គេក៏និយាយដែរថា អ្ហែងធ្វើអ៊ីចឹង អត់ត្រូវទេ អ្ហែងអត់ខ្លាចគុកទេអ្ហី? គេជួយប្រដៅ ជួយនិយាយគ្រប់គ្នា។ បងទ្រាំចង់ងាប់ហើយ!

នគរធំ ៖ ពេលគាត់វ៉ៃរួចហើយហ្នឹង គាត់ មាននិយាយអីទេ? ឬមានគំរាមអីថែមទេ?
នាងថៃ ស្រីនាង ៖ អត់ទេ! វ៉ៃហើយសុំទោសៗហើយវ៉ៃ។ សូម្បីតែឆ្កែផ្ទះខ្ញុំ ក៏គាត់វ៉ៃដែរ គាត់ប្រហែលជាឆ្កួតមើលរឿងសិចច្រើនពេកទៅ គិតថា អ្នកចិញ្ចឹមឆ្កែ ប្រហែលដេកជាមួយឆ្កែតែម្តង វ៉ៃឆ្កែខ្ញុំឡើងធ្លាក់ភ្នែកឡើង ចង់ងាប់គ្នាៗអត់ខ្យល់អីផង គ្រាន់តែលិទ្ធជើងវ៉ៃគ្នាចង់ងាប់។
នគរធំ ៖ ពីមុនមក តើគាត់ធ្លាប់មានប្រពន្ធឬទេ មុនមករួមរស់ជាមួយបងស្រី?
នាងថៃ ស្រីនាង ៖ មាន! តែគាត់លែងលះគ្នាត្រឹមត្រូវតាមច្បាប់អស់ហើយ បានគាត់មកយកខ្ញុំ។ ជាមួយប្រពន្ធមុនហ្នឹង ក៏មានហិង្សាដូចគ្នា។
នគរធំ ៖ ចុះសម្រាប់បងស្រីមុនមកជួបគាត់ តើធ្លាប់រៀបការ ឬមានស្វាមីទេ?
នាងថៃ ស្រីនាង ៖ ខ្ញុំអត់ដែលមានប្តីការពេញច្បាប់ទេ តែខ្ញុំធ្លាប់មានសង្សារ ប៉ុន្តែសង្សារមុនៗមិនដែលវ៉ៃធ្វើបាបខ្ញុំអ៊ីចឹងទេ ទោះបីខឹងខ្ញុំយ៉ាងណា អត់លុយ មានលុយយ៉ាងណា ក៏មិនដែលវ៉ៃខ្ញុំដែរ។

នគរធំ ៖ ក្នុងរយៈពេល2ឆ្នាំ ដែលបងស្រីរងគ្រោះដោយការប្រើអំពើហិង្សាពីគាត់ហ្នឹង តើមានដែលបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ឬមានការស្វែងរកអន្តរាគមន៍ពីអាជ្ញាធរទេ?
នាងថៃ ស្រីនាង ៖ អត់! បងអត់ហ៊ាន បងខ្មាស ខ្លាចគ្រប់យ៉ាង ខ្មាសក៏ខ្មាស ខ្លាចក៏ខ្លាច។
នគរធំ ៖ ប៉ុន្តែវ៉ៃលើកទី130នេះ បងស្រីសម្រេចចិត្តប្តឹងឬមិនហ៊ាន?
នាងថៃ ស្រីនាង ៖ បងនឹងប្តឹង តែគាត់វ៉ៃយប់មិញ បងឈឺទ្រមខ្លួន ងើបអត់រួច បងអត់ទាន់បានទៅដាក់ពាក្យបណ្តឹងទេ។ ងើបអត់ រួចដោយសារគាត់វ៉ៃត្រូវក្បាល ធ្មេញ ច្រមុះ ភ្នែក មាត់ ថ្ពាល់ ចង្កេះ ជង្គង់ កែងដៃ ស្មា ទាំងអស់។ យប់មិញ ពេលមានរឿងភ្លាមៗ ខ្ញុំទៅដាក់ពាក្យនៅប៉ុស្តិ៍បឹងកក់1ប៉ុស្តិ៍ គេថតរួចអីអស់ហើយ តែខ្ញុំអត់ទាន់បានដាក់ ដោយសារឥឡូវហ្នឹង ខ្ញុំងើបអត់រួច ទាល់ខ្ញុំងើបរួចសិន បានខ្ញុំទៅ។ រឿងប្តឹងនេះ ខ្ញុំអត់ទាន់ដឹងទេ តែសំខាន់ខ្ញុំអត់ចង់បានលុយទេ ខ្ញុំចង់យកគាត់ដាក់គុក ព្រោះខ្ញុំឈឺចាប់ពេក។

នគរធំ ៖ តើ130ដងហ្នឹង វ៉ៃរៀងរាល់ថ្ងៃ ឬមានថ្ងៃខ្លះខាន?
នាងថៃ ស្រីនាង ៖ មិនមែនវ៉ៃរាល់ថ្ងៃទេ បីបួនថ្ងៃ អ៊ីចឹងវ៉ៃខ្ញុំម្តងហើយ ជួនអីមួយអាទិត្យ ទៅ អត់ទៀងទេ តាមកំហឹងគាត់ ពេលណាគាត់មួម៉ៅអីមកពីក្រៅអ៊ីចឹង គឺគាត់តែងប៉ះសម្តីជាមួយខ្ញុំហើយៗបើខ្ញុំទប់បាន អាហ្នឹងអត់អីទេ តែបើខ្ញុំទប់អត់បាន នឹងតទៅជារឿង។ បើខ្ញុំអត់ត ខ្ញុំសុខចិត្តដើរចេញ អាហ្នឹងសុខ តែកន្លងមក ខ្ញុំតតើ! មិនដែលអត់តឯណា ពេលខ្លះវាខុសរបៀប មិនឱ្យតម៉េច។ មិនត្រឹមតែប្រចណ្ឌមួយមុខទេ ស្អីក៏ដោយ ឱ្យតែនិយាយទើសសម្តី ឱ្យតែគងពាក្យ គឺអត់បានតែម្តង គាត់បញ្ជាឱ្យធ្វើអី ត្រូវតែធ្វើហ្នឹង។ គ្រាន់តែស្បែកជើងពាក់ចូលបន្ទប់ទឹក ខ្ញុំពាក់ទៅផ្សារ មកវិញ យកមកដាក់ផ្ទះប្អូនខ្ញុំជាប់ហ្នឹងសោះ ជេរបញ្ចោរឡើងផ្អើលភូមិ។ គ្រាន់តែចានទឹកត្រីមួយ ដែលខ្ញុំចង់ញ៉ាំទឹកត្រី ហើយភ្លេចគិត ទៅចាក់ទឹកត្រីយកមកហ្នឹង ក៏ក្លាយទៅជារឿងមួយបានដែរ វាអស់និយាយហើយមនុស្សប្រុស។

នគរធំ ៖ តើចរិតរបស់គាត់អ៊ីចឹងតែម្តង ឬនៅខាងក្រៅ គាត់ជាមនុស្សស្លូតបូត?
នាងថៃ ស្រីនាង ៖ អូ! នៅក្រៅ គាត់រៀបឫកថ្លៃថ្នូរ គ្មានអ្នកណាដូចទេ នៅខាងក្រៅ មនុស្សធម្មតាធ្វើមិនបានទេ ចរិតគាត់នោះ ប៉ិនណាស់ផ្អែម សូម្បីតែអ្នកដើររើសសំរាមហ្នឹង ក៏ផ្អែមជាមួយគេដែរ តែបើចូលដល់ក្នុងផ្ទះ ដឹងតែមានរឿងតែម្តង។ ខ្ញុំអស់និស្ស័យជាមួយគាត់ហើយ ទោះបីគាត់ Call មកអង្វរឱ្យខ្ញុំលើកទោស ប៉ះប៉ូវស្អីក៏ដោយ ក៏ខ្ញុំលែងទទួល ហើយខ្ញុំឆ្អែតហើយ ខ្ញុំអត់ចរចាទៀតទេ ខ្ញុំបិទទូរស័ព្ទ ហើយដាក់ពាក្យបណ្តឹង ប្តឹងឱ្យគេចាប់ចុះ។ គាត់ Call មកមួយថ្ងៃហើយ សុំទោសៗៗៗ រូបភាពហ្នឹងវាដដែលពេក វ៉ៃចង់ងាប់ ចង់រស់ សល់ដង្ហើមចង្រិត សុំទោសរហូត ហើយសុំទោសមានឈប់ឯណា បើសុំទោស 5ទៅ6ដងហើយឈប់ក៏មិនអីដែរ នេះមករាប់រយដង ដល់ថ្នាក់កន្លែងណាក៏ឃើញស្នាមវ៉ៃគ្រប់កន្លែងពេកទៅ។ សុំទោសហើយ បើខ្ញុំនៅជាមួយអត់យូរ មួយអាទិត្យ ប្រាកដជាវ៉ៃទៀត។ ខ្ញុំគិតថា មនុស្សទូទៅ សូម្បីតែមនុស្សលក់ត្រកួននៅតាមស្រែ ក៏គេនៅយល់ដឹងពីការវ៉ៃដំច្រំធាក់ប្រពន្ធកូន ឬក៏ស្រីញីអីអ៊ីចឹងដែរ ប៉ុន្តែមនុស្សនេះមិនដឹងថា ហេតុអីបានជាខួរក្បាលគាត់ទៅជាអ៊ីចឹង ខួរឡប់អស់។

នគរធំ ៖ បើឈឺងើបមិនរួចអ៊ីចឹង តើការលក់ផលិតផលតាមអនឡាញរបស់បងស្រីយ៉ាង ម៉េចទៅវិញ?
នាងថៃ ស្រីនាង ៖ មួយរយៈនេះ ខ្ញុំអត់បានលក់ទេ ដោយសារមានរឿងមកផ្ទួនៗ វ៉ៃទៅហើមមុខរហូត ដល់ពេលអ៊ីចឹង ខ្ញុំខានលក់ជាងកន្លះឆ្នាំហើយ ខ្ញុំអត់បានលក់ទេ ខ្ញុំសុខចិត្តអត់ស៊ី មានស៊ីនៅផ្ទះ មានប៉ុនណាស៊ីប៉ុណ្ណឹង ដោយសារបីថ្ងៃ បួនថ្ងៃវ៉ៃហើមមុខរហូត ឱ្យខ្ញុំទៅ Live ម៉េច។ តាំងពីខ្ញុំជួបគាត់មក ខ្ញុំអត់សូវបានលក់ដូរអីទេ តែមុនជួបគាត់ ខ្ញុំលក់8ឆ្នាំ ហើយតែខ្ញុំមិនលក់ធំដុំដូចគេទេ ។
នគរធំ ៖ តើអាសយដ្ឋានបងស្រីសព្វថ្ងៃ នៅឯណា?
នាងថៃ ស្រីនាង ៖ នៅខុនដូ 999 សាខាទី3 ទួលគោក ខ្ញុំទិញនៅក្នុងការបង់រំលស់ តែប៉ុន្មានថ្ងៃនេះ ខ្ញុំអត់មានលុយបង់ឱ្យគេទេ ចង់ចូល3ខែហើយ ដោយសារតែអត់បានលក់ដូរ រកស៊ីស្អី ហើយគាត់ក៏មិនបានផ្តល់លុយឱ្យខ្ញុំដែរ គឺផ្តល់តិចតួចណាស់…។
ទោះបីយ៉ាងណា ជុំវិញបញ្ហាខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺឆ្លើយតបពីលោក ទឹម សាវុធ បានទេ កាលពីម្សិលមិញ។

គួរបញ្ជាក់ថា ជុំវិញករណីខាងលើនេះ នៅរសៀលថ្ងៃទី08 ខែកក្កដា ឆ្នាំ2019 សមត្ថកិច្ចស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះទៅជួយធ្វើពាក្យបណ្តឹងឱ្យនារីរងគ្រោះ ថៃ ស្រីនាង ដល់ផ្ទះរបស់នាងតែម្តង តាមសំណូមពររបស់នាង ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឱ្យនារីរងគ្រោះអស់កម្លាំងខ្លាំង មិនអាចចេញពីផ្ទះ ទៅដាក់ពាក្យបណ្តឹងបាន។
យោងតាមទំព័រហ្វេសប៊ុកស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសរសេរនៅល្ងាច ថ្ងៃទី08 ខែកក្កដា ឆ្នាំ2019 ថា “បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ Account Facebook របស់ជនរងគ្រោះឈ្មោះថៃ ស្រីនាង ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មានជាច្រើន នៅលើបណ្តាញសង្គមក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយប៉ុស្តិ៍នគរបាលបឹងកក់1 ខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះ ដើម្បីធ្វើការសាកសួរបន្ថែម ទាក់ទងទៅនឹងករណីហិង្សានេះ ដោយស្ថានភាពរងរបួសធ្ងន់ ធ្វើឱ្យជនរងគ្រោះអស់កម្លាំងខ្លាំង ដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន គាត់ក៏បានសំណូមពរឱ្យសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ និងបន្តចាត់ការតាមនីតិវិធីច្បាប់។ សូមអរគុណនូវការផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងខ្ញុំ”៕