ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានចងមុងនៅលើផ្ទះ រួចបានស្លៀកចោមពុងចុះងូតទឹក ស្រាប់តែមានបុរសកំហូចម្នាក់ បានលបឡើងចូលដេកក្នុងមុង លុះស្ត្រីរងគ្រោះមកវិញឃើញ បានស្រែកឆោឡោផ្អើលដល់ប្អូនថ្លៃចាប់ខ្លួនបុរសកំហូចនោះទៅផ្ទះរបស់ខ្លួនវិញ លុះនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចាត់ខ្លួនជនសង្ស័យនាំយកមកសួរនាំ។

ហេតុការណ៍បុរសកំហូចលបបើកមុងបម្រុងចាប់រំលោភប្រពន្ធគេនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យមានឈ្មោះលន រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ អែល ស៊ីថាត ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត្បាញ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានចងមុងរៀបចំកន្លែងដេក បន្ទាប់មកនារីរងគ្រោះបានស្លៀកចោមពុងចុះមកងូតទឹកនៅក្រោមផ្ទះ ស្រាប់តែកូនផ្ទះអ្នកជិតម្នាក់បានដួលបែកក្បាល ភ្លាមនោះ ស្ត្រីរងគ្រោះបានដើរទៅមើល។

ប្រភពដដែលបានបន្តថា លុះពេលទៅមើលរួច ស្ត្រីរងគ្រោះបានដើរត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញស្បែកជើងផ្ទាត់នៅកាំជណ្តើរ ដោយមានការសង្ស័យ ស្ត្រីរងគ្រោះក៏ដើរឡើងទៅលើផ្ទះ ស្រាប់តែឃើញជនសង្ស័យដេកក្នុងមុងរួចទៅហើយ ពេលនោះស្ត្រីរងគ្រោះស្រែកឆោឡោ ផ្អើលឮដល់ប្អូនថ្លៃក៏បានឡើងមកចាប់ជនសង្ស័យនាំទៅផ្ទះរបស់ខ្លួនវិញ។

ប្រភពបានបន្ថែមថា លុះនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍បានដឹកនាំកម្លាំងចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕