Sunday, November 23, 2025
Homeព័ត៌មានជាតិអស់ពីចិន ដល់កូរ៉េខាងត្បូង... យកមកអីក៏ច្រើនខ្លាំងម្ល៉េះ?

អស់ពីចិន ដល់កូរ៉េខាងត្បូង… យកមកអីក៏ច្រើនខ្លាំងម្ល៉េះ?

ខេត្តសៀមរាប ៖ បុរសជាជនជាតិកូរ៉េខាងត្បូងចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជនជាតិកូរ៉េទាំង២នាក់ខាងលើបានព្យាយាមនាំប្រាក់ដុល្លារ (លុយសុទ្ធ) មិនស្របច្បាប់ រហូតដល់ទៅជាង២លានដុល្លារ ចូលមកក្នុងប្រទេសកម្ពុជា។

ជនជាតិកូរ៉េខាងត្បូងទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ និងទី២-ឈ្មោះ SONG HYUNHOO អាយុជាង៤០ឆ្នាំ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជនជាតិកូរ៉េខាងត្បូងទាំង២នាក់ ដែលត្រូវចាប់ខ្លួន បានធ្វើដំណើរតាមជើងហោះហើរលេខ  UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន។ លុះពេលមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក៏ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ធ្វើការឃាត់ជនជាតិកូរ៉េខាងត្បូងទាំង២នាក់នោះតែម្តង។

របាយការណ៍ដដែលបន្តថា បុរសបរទេសទាំង២នាក់នេះបាននាំចូលប្រាក់ដុល្លារខុសច្បាប់ ចំនួន២លាន២សែនដុល្លារ នាំយកមកពីទីក្រុងហុងកុង ប្រទេសចិន។ ក្នុងនោះរួមមានក្រដាសប្រាក់ប្រភេទ១០០ដុល្លារ ចំនួន២១៩០០សន្លឹក និងក្រដាសប្រាក់ប្រភេទ៥០ដុល្លារ ចំនួន២០០សន្លឹក។

យោងតាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ជនជាតិកូរ៉េទាំង២នាក់ខាងលើ ត្រូវបានប្រគល់ជូនក្រុមប្រតិបត្តិ ការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចំណែកឯប្រាក់ដុល្លារចំនួន២លាន២សែនដុល្លារ ត្រូវរក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES