ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ និងគ្មានផ្ទះសំបែងស្នាក់នៅសមរម្យនោះទេ ២នាក់ប្តីប្រពន្ធនាំគ្នាសង់កូនខ្ទមដេកក្រោមដើមឈើ រស់នៅទាំងត្រដាបត្រដួស ស្រាប់តែពេលបុរសជាប្តីចេញទៅស៊ីឈ្នួលបាញ់ថ្នាំស្រូវឱ្យគេបាត់ ត្រឡប់មកផ្ទះវិញក៏ប្រទះឃើញប្រពន្ធស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះសយ ឡូន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (រស់នៅអនាថា) មានប្តីឈ្មោះចន សុខ អាយុ៣៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់បានមករស់នៅទីកន្លែងកើហេតុនេះ រយៈពេលប្រហែល៣ឆ្នាំមកហើយ ដោយមិនមានផ្ទះសម្បែងពិតប្រាកដទេ រស់នៅតាមផ្លូវលំកាត់ភូមិជាប់នឹងរបងភោជនីយដ្ឋានរស្មីច័ន្ទពេញវង់ ក្នុងសង្កាត់ដំរីជាន់ខ្លា។ ចំណែកប្រពន្ធរបស់គាត់មានជំងឺប្រចាំកាយរហូតមានដំបៅនៅនឹងខ្លួន ដោយមិនមានលទ្ធភាពព្យាបាលបានចេះតែទ្រាំទុកនៅរហូត។

បុរសជាប្តីស្ត្រីរងគ្រោះ បន្តថា នៅថ្ងៃកើតហេតុ ប្រពន្ធគាត់ដេកឈឺនៅនឹងខ្ទម ហើយគាត់ជាប្តីបានចេញទៅស៊ីឈ្នួលបាញ់ថ្នាំស្រូវឱ្យគេ ដើម្បីបានប្រាក់ទិញថ្នាំឱ្យប្រពន្ធ។ លុះនៅម៉ោងប្រមាណជា១០និង១២នាទី គាត់ត្រឡប់មកវិញដល់ខ្ទមប្រពន្ធគាត់បានដេកស្លាប់រឹងស្តូកបាត់ទៅហើយ មិនដឹងស្លាប់តាំងពីថ្មើរណាទេ ទើបអ្នកនៅជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានខាងលើ កំលាំងជំនាញក្រុង និងខេត្ត ព្រមទាំងប៉ុស្តិរដ្ឋបាល ពេទ្យមណ្ឌលសុខភាព្ប លោកចៅសង្កាត់ និងប្រជាពលរដ្ឋចូលរួមពិនិត្យសពឃើញថានៅលើដងខ្លួន និងអវៈយវៈសពមានស្នាមជាំខ្មៅមូលៗ ដែលជាស្នាមមិនមែនរបួស ជារោគសញ្ញា ក្រៅពីនោះមិនមានស្លាកស្នាមអ្វីទេ រួចសន្និដ្ឋានថា ការស្លាប់នេះដោយសារជំងឺខ្លួនឯង (ជំងឺថ្លើមរ៉ាំរៃ)។

សាកសពជនរងសេគ្រាះខាងលើ ត្រូវបានសមត្ថកិច្ច្ចប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕