ភ្នំពេញ ៖ ពិធីបង្កក់កូនមួយកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ដោយមានការផឹកស៊ីរាំលេងយ៉ាងកងរំពង ស្រាប់តែលេចមុខបុរស១ក្រុម អះអាងថា ជាកម្លាំងបង្ក្រាបគ្រឿងញៀន បានប្រដេញគ្នារត់ចូលចាប់មុខសញ្ញាដល់ក្នុងរោងពិធី រហូតឈានដល់ការផ្ទុះអាវុធផ្អើលដល់ភ្ញៀវដែលកំពុងរាំលេងសប្បាយរត់ជាន់ជើងគ្នា ទាំងព្រលឹងចុងសក់។

ហេតុការណ៍ផ្ទុះអាវុធកណ្តាលពិធីបង្កក់កូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់គ្រឿងសំណង់មួយកន្លែងយីហោ ប៉ុន សាមួន ស្ថិតនៅអគារលេខ៧៨ ផ្លូវលេខ ៣២BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

តាមប្រភពពីភ្ញៀវម្នាក់ដែលបានចូលរួមក្នុងពិធីបង្កក់កូនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ខណៈរូបគាត់និងភ្ញៀវជាច្រើននាក់ទៀតកំពុងចួលរួមក្នុងពិធីខាងលើ ស្រាប់តែមានបុរស២នាក់ស្លៀកពាក់ស៊ីវិល បានប្រដេញចាប់បុរស២នាក់ ដែលមិនដឹងថាជាករណីអ្វីឱ្យពិតប្រាកដនោះទេ។ ភ្លាមនោះ បុរស២នាក់ដែលត្រូវគេដេញចាប់បានរត់គេចចូលក្នុងរោងពិធី ធ្វើឱ្យផ្អើលឆោឡោតែម្តង លុះពេលម្ចាស់កម្មវិធីឃាត់សួរនាំ ខាងបុរស២នាក់ដែលដេញចាប់គេនោះ បានប្រាប់ថា ពួកគាត់ជាកងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) តែមិនមានការបង្ហាញដីកាចាប់ខ្លួនទេ ដោយឃើញចាប់បានស្ត្រីម្នាក់នៅលើរថយន្តនិងបន្តចាប់បក្សពួកផ្សេងទៀត។

ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យរត់ចូលក្នុងរោងពិធីហើយផ្លោះរបងផ្ទះរត់គេចខ្លួនបាត់ទៅ ស្រាប់តែក្រុមអ្នកដេញចាប់នោះ បែរជាខឹងចោទប្រកាន់ថា អ្នកដែលចូលរួមក្នុងពិធីនោះជាបក្ខពួកជនសង្ស័យ និងបណ្តោយឱ្យជនសង្ស័យរត់គេចខ្លួនបាន។ លុះឮការចោទប្រកាន់បែបនេះ ធ្វើឱ្យអ្នកចូលរួមពិធីខួបកំណើតខឹងក៏តបតវិញ រហូតកើតជាអំពើហិង្សាបណ្តាលឱ្យបុរស២នាក់ ម្នាក់ជាក្រឡាបញ្ជីនៅសាលាដំបូងរាជធានីភ្នំពេញ និងម្នាក់ទៀតជានគរបាលរងរបួស ចំណែកភ្ញៀងផ្សេងទៀត រងការភ័យខ្លាចមិនតិចទេ។

ក្រោយពីផ្ទុះហិង្សានោះ ដោយតាមរកអ្នកដៃដល់មិនឃើញ ស្រាប់តែមានជនស៊ីវិល២នាក់ទៀត ជិះម៉ូតូមកដល់អះអាងថា ជានគរបាលបានផ្ទុះអាវុធ១គ្រាប់ ដើម្បីបញ្ឈប់ហិង្សា ព្រោះខ្លាចកើតមានអំពើហិង្សាកាន់តែធ្ងន់ជាងនេះ។

លោកឃុន ឡេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានករណីជនស៊ីវិលផ្ទុះអាវុធភ្លាម កម្លាំងប៉ុស្តិ៍ក៏ចុះដល់ទីតាំងកើតហេតុភ្លាម លុះសួរនាំ ទើបដឹងថា ម្ខាងជាកងកម្លាំងខាងមន្ទីរប្រឆាំងគ្រឿងញៀន ចំណែកម្ខាងទៀតជា នគរបាលចារកម្មនៅក្រសួងមហាផ្ទៃ ដែលជាភ្ញៀវចូលរួមកម្មពិធីខួបកំណើត និងបានទាស់ពាក្យសម្តីគ្នា រហូតឈានដល់ប្រើហិង្សា បណ្តាលឱ្យរងរបួសស្រាលទាំងសងខាង ទើបសមត្ថកិច្ចបាននាំភាគីទាំង២ ទៅដោះស្រាយនៅប៉ុស្តិ៍។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍រួចមក ភាគីទាំងសងខាងមិនបានធ្វើការប្តឹងផ្តល់គ្នានោះទេ គ្រាន់ធ្វើកិច្ចសន្យាកុំឱ្យភាគីណារករឿងភាគីណាប៉ុណ្ណោះ។ ចំណែកខាងកម្លាំងដែលតាមប្រមាញ់ជនសង្ស័យជួញដូរគ្រឿងញៀន បានទទួលស្គាល់ថា ពិតជាបានបាញ់គំរាម១គ្រាប់មែន ពោលគឺស្របទៅនឹងស្ថានភាពជាក់ស្តែង ដែលសមត្ថកិច្ចរកឃើញសម្បកគ្រាប់១ និងអំបែងកែវស្រា១ដែលគប់ទៅលើក្រឡាបញ្ជី ម្នាក់ដែលបានចូលរួមបណ្តាលឱ្យរងរបួសមិនធ្ងន់ធ្ងរទេ៕