ភ្នំពេញ ៖ ជនសង្ស័យជាចោរគាស់ផ្ទះវៃឆ្លាតខាងខូច តែគេចមិនរួចពីខ្នោះរបស់ប៉ូលិស បន្ទាប់ពីជននេះបានធ្វើសកម្មភាពគាស់បន្ទប់ជួល៣យប់ផ្ទួនៗគ្នា លួចលុយនិងទ្រព្យសម្បត្តិបានសម្រេចរួចហើយ ទៅបបួលម្ចាស់ផ្ទះដែលរងគ្រោះផឹកស៊ី ទីបំផុត ស្គាល់មុខមាត់ភិនភាគច្បាស់តាមរយៈកាមេរ៉ាសុវត្ថិភាព ប្តឹងប៉ូលិសឱ្យចាប់ខ្លួន គ្រាដែលកំពុងផឹកស៊ីនៅផ្ទះជួល កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យឈ្មោះវង់ គង់សម្បត្តិវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខយាមរោងចក្រ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ មានលំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមម្ចាស់ផ្ទះជួលបានឱ្យដឹងថា ៣យប់ផ្ទួនគ្នាហើយ ផ្ទះជួលរបស់គាត់ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់សោទ្វារចូលលួចទ្រព្យសម្បត្តិ ហើយនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូមួយគ្រឿងទៅបាត់ ដោយមិនអស់ចិត្ត គាត់ក៏ឆែកពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញមុខមាត់ភិនភាគជនសង្ស័យ ជាមនុស្សធ្លាប់ចេញចូលមកលេងផ្ទះជួលខាងលើ មកដល់វេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដានេះ ជនសង្ស័យលេចមុខមកផឹកស៊ីជាមួយអ្នកស្គាល់គ្នានៅចំណុចបន្ទប់ ដែលគេធ្វើសកម្មភាពដដែល ទើបគាត់ស្គាល់ច្បាស់ហើយក៏បានប្តឹងប៉ូលិសចាប់ខ្លួនភ្លាមៗ។

ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថាពិតជាបានលួចគាស់ទ្វារបន្ទប់ជួលចំណុចខាងលើចំនួន៣លើក ពិតមែន ដោយលួចបានលុយមកបបួលទាំងម្ចាស់បន្ទប់ទាំងម្ចាស់ផ្ទះ អ្នកស្គាល់គ្នាកន្លែងផ្ទះជួល ក្នុងគោលបំណងបង្វែងដានកុំឱ្យគេចាប់អារម្មណ៍ តែដឹងអី! គេដាក់កាមេរ៉ា ចាប់បានរូបច្បាស់ឥតប្រកែកបាន ក៏ត្រូវគេប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


