ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ដែលប្រើល្បិចហៅម៉ូតូឌុបបុរសចំណាស់ជិះលុះដល់កន្លែងស្ងាត់ក៏ចាប់អាករប្លន់យកម៉ូតូទៅបាត់ កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចព្រៃរណ្តៅថ្ម ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ត្រូវបានសមត្ថកិចស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្ស័យបានព្យាយាមយកម៉ូតូជនរងគ្រោះទៅឈូសលេខតួចោល រួចដោះដូរស្លាកលេខ និងថែមទាំងបាញ់ថ្នាំ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចទៀត តែទីបំផុត ក៏នៅតែគេចមិនផុតពីគុកដដែល។
លោកឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ថា ជនសង្ស័យដែលប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុប១គ្រឿងកាលពីប៉ុន្មានថ្ងៃមុន និងទើបត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះ មុំ សុខន អាយុ៣១ឆ្នាំ មានលំនៅភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យចាប់អារកប្លន់យកម៉ូតូ មានឈ្មោះម៉ាត់ សូហ៊្វីយ៉ា អាយុ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាអតីតគ្រូបង្រៀនចូលនិវត្តន៍ សព្វថ្ងៃប្រកបរបររត់ម៉ូតូឌុប មានលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រងរបួសធ្ងន់ត្រង់បំពង់ក ភ្នែកខាងស្តាំ និងក្បាលជាច្រើនកន្លែង។

លោកឌុច ចំរើន បានស្រង់ចម្លើយសារភាពរបស់ជនសង្ស័យថា នៅថ្ងៃកើតហេតុ រូបគេយកកាំបិតចិតបន្លែដងខ្មៅ១ ពូថៅ១ ដាក់ក្នុងការ៉ុងខ្មៅ១ រួចសំដៅទៅកំពង់ផែផ្សារក្រោម បន្ទាប់មកហៅម៉ូតូឌុបជិះទៅភ្នំសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយប្រាប់ថា ទៅរកមិត្តភក្កិ ប៉ុន្តែជិះមួយជុំភ្នំសន្ទូច រកឱកាសធ្វើសកម្មភាពមិនបាន ក៏ឱ្យអ្នករត់ម៉ូតូឌុបបន្តដឹកទៅផ្លូវលេខ៥៣ សំដៅទៅផ្សាររមាស ស្រុកទឹកផុស។ ពេលទៅដល់ចំណុចកើតហេតុ ឃើញឱកាសស្ងាត់ល្អ ក៏ហៅម៉ូតូឌុបឱ្យឈប់ រួចប្លន់យកម៉ូតូបានសម្រេច និងជិះម៉ូតូដែលប្លន់បានត្រឡប់មកខេត្តកំពង់ឆ្នាំងវិញ បានប៉ុន្មានថ្ងៃ ក៏ត្រូវសមត្ថកិច្ចនគរបានចាប់ខ្លួនបាន។

លោកឌុច ចំរើន បន្តថា ក្រោយពេលកើតហេតុ លោកស្នងការ លោកស្នងការរងបានដាក់បញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវរកមុខសញ្ញា ហើយក៏ឃើញជនសង្ស័យជិះម៉ូតូគួរឱ្យសង្ស័យ ខណៈដែលជនសង្ស័យរូបនោះមិនដែលមានម៉ូតូសោះពីមុនមក។ ពេលឃើញបែបនេះ សមត្ថកិច្ចក៏ហៅធ្វើការសាកសួរ និងឆែកឆេរលេខតួលេខម៉ាស៊ីនម៉ូតូ ឃើញដូចកាតគ្រីម៉ូតូរបស់ជនរងគ្រោះ ដែលចោរប្លន់យកទៅ ទើបសម្រេចចាប់ខ្លួនតែម្តង។ ចំណែកម៉ូតូដកហូតបាន គឺត្រូវជនសង្ស័យដោះស្លាកលេខចេញ និងឈូសលេខម៉ាស៊ីនអស់ខ្លះ រួមទាំងបាញ់ពណ៌ថ្នាំលើម៉ូតូ ដោយកន្លែង ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីអារកប្លន់ម៉ូតូមួយបានកើតឡើងនៅត្រង់ចំណុចព្រៃរណ្តៅថ្ម ស្ថិតក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយបុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់កំពុងឈប់ចាំម៉ូយសុខៗ ក៏លេចមុខជនសង្ស័យម្នាក់ប្រើល្បិចធ្វើជាហៅម៉ូតូជិះ លុះដឹកទៅដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់បុរសចំណាស់អារកប្លន់យកម៉ូតូទៅបាត់ ប៉ុន្តែសំណាងល្អ បុរសចំណាស់រងគ្រោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរបួសធ្ងន់។

តាមការរៀបរាប់ពីជនរងគ្រោះ បានឱ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឌុបយុវជនម្នាក់ដែលទើបនឹងឆ្លងសាឡាង មកពីស្រុកកំពង់លែង ដោយបានជួលម៉ូតូគាត់ ឱ្យឌុបមកចំណុចចម្ការអំពៅ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ដើម្បីមកធ្វើការនៅទីនោះ ដោយឱ្យតម្លៃ ២ម៉ឺនរៀល ដោយដឹកចេញពីចំណុចកំពង់ផែផ្សារក្រោម ក្រុងកំពង់ឆ្នាំង។ លុះដឹកមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់បោចសក់ក្បាលគាត់ពីក្រោយ រួចទាញកាំបិតបម្រុងអាករសម្លាប់គាត់ចោលតែម្តង តែសំណាងល្អ ត្រូវគាត់ដឹងខ្លួនទាន់ ក៏បានផ្តួលម៉ូតូហើយប្រឹងរើបំរាស់ និងបានចាប់ចុងផ្លែកាំបិតរបស់ជនសង្ស័យ ធ្វើឱ្យមុតបាតដៃស្តាំ ហើយជនសង្ស័យក៏បានចាក់គាត់ត្រូវមួយកាំបិត បណ្តាលឱ្យរងរបួសលើភ្នែកផ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកគាត់ក៏បានរត់ទៅឱ្យអ្នកធ្វើចម្ការនៅក្បែរនោះជួយ ពេលនោះជនល្មើសបានឱកាសក៏លើកម៉ូតូជិះចេញទៅបាត់ទៅ។ តែទីបំផុត ឈាមស្រែកស្បែកហៅ ទោះជាខំគេចខ្លួននិងព្យាយាមដូរស្លាកលេខ បាញ់ថ្នាំ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណា ក៏នៅតែរត់មិនរួច ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានដដែល៕