ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់រួមរស់នឹងគ្នាជួបតែរឿងរកាំរកូស ឈ្លោះប្រកែកគ្នាសឹងរាល់ថ្ងៃ ដោយសារតែបុរសជាប្តីប្រចណ្ឌហួងហែងប្រពន្ធហួសហេតុពេក រហូតឈានដល់ការប្រើអំពើហិង្សាវាយដំប្រពន្ធសឹងរាល់ថ្ងៃ ទីបំផុត ប្រពន្ធទ្រាំលែងបានក៏ប្តឹងឡើងតុលាការ ដើម្បីលែងលះគ្នាឱ្យដាច់ស្រេច ស្រាប់តែបុរសជាប្តីខឹងសម្បា ក៏តាមរករឿងគំរាមសម្លាប់ប្រពន្ធជាញឹកញាប់ រហូតប្រពន្ធភ័យក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីយកទៅចាត់ការតាមច្បាប់។

ករណីប្តីខឹងប្រពន្ធប្តឹងលែងលះ ក៏តាមរករឿងគំរាមសម្លាប់ប្រពន្ធ រហូតត្រូវប្រពន្ធប្តឹងប៉ូលិសនេះ បានធ្វើឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
ជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះចាន់ សុធី អាយុ៣៦ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ធ្វើការនិងស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិក្រោលគោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះអ៊ីវ សុភី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកជនសង្ស័យនិងជនរងគ្រោះដែលជាប្តីប្រពន្ធនឹងគ្នា បានស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីប្រកបការងារ។ តែអំឡុងពេលរួមរស់ជាមួយគ្នានោះ ប្តីប្រពន្ធមួយគូនេះពុំចុះសម្រុងនឹងគ្នាទេ ដោយសារតែបុរសជាប្តី មានចិត្តប្រចែប្រចណ្ឌប្រពន្ធខុសរឿង និងឧស្សាហ៍រករឿងឈ្លោះប្រកែក ប្រើអំពើហិង្សាដាក់ប្រពន្ធជាញឹកញាប់ រហូតដល់ប្រពន្ធទ្រាំលែងបានក៏រត់ចេញមកធ្វើការ និងជួលផ្ទះនៅក្រុមហ៊ុន 7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ដោយទុកឱ្យជនសង្ស័យជាប្តីនៅធ្វើជាជាងជួសជុលម៉ាស៊ីនត្រជាក់នៅរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា លុះក្រោយមក ជនសង្ស័យជាប្តីតែងតែតេទូរស័ព្ទជេរប្រមាថ និងគំរាមកំហែងស្ត្រីរងគ្រោះជាប្រពន្ធជាញឹកញាប់ ហើយក៏ធ្លាប់តាមមករករឿងដល់បន្ទប់ជួលប្រពន្ធទៀតផង។ ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានមកផ្ទះជួល ស្ត្រីរងគ្រោះជាប្រពន្ធដោយនិយាយគំរាមថានឹងសម្លាប់ ហើយចាក់សោរបន្ទប់បង្ខាំងស្ត្រីរងគ្រោះជាប្រពន្ធទៀតផង។ ដោយស្ត្រីរងគ្រោះមានការភ័យខ្លាច ក៏បានទៅដាក់ពាក្យបណ្តឹងសុំលែងលះជាមួយជនសង្ស័យជាប្តីនៅសាលាដំបូងរាជធានីភ្នំពេញ ធ្វើឱ្យប្តីកាន់តែខឹង ចេះតែតាមរករឿងគំរាមប្រពន្ធមិនឈប់។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានមកផ្ទះជួលរបស់ស្ត្រីរងគ្រោះជាប្រពន្ធម្តងទៀត ហើយចូលទៅអុកឡុករករឿងប្រចណ្ឌនិងគំរាមសម្លាប់ប្រពន្ធសាជាថ្មី ទើបធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធទ្រាំលែងបាន ក៏ទូរស័ព្ទទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ ឱ្យជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ បានចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាប្តីនាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕