ភ្នំពេញ ៖ យុវជនម្នាក់បានខ្ចីម៉ូតូមិត្តភក្តិរបស់ខ្លួនជិះ រួចក៏បែកគំនិតយកទៅដាក់បញ្ចាំ បន្ទាប់មកក៏ព្យាយាមគេចខ្លួនអស់រយៈពេលជាង១០ថ្ងៃ ទីបំផុត ក៏ត្រូវម្ចាស់ម៉ូតូតាមរកមុខឃើញក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសេង សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបិតតែមម៉ូតូ ស្នាក់នៅផ្ទះលេខ៣៥E៣ ភូមិ២ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះមានឈ្មោះហែម សុគន្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៧ ភូមិចុងថ្នល់ខាងលិច ស្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ រីឯសម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាក Honda Moove ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GB-3332។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ជនសង្ស័យបានមកខ្ចីម៉ូតូរបស់ជនរងគ្រោះជិះចេញពីផ្ទះសំណាក់ ហេង ហោង នៅចំណុចផ្ទះលេខ២៩ ផ្លូវលេច២២១ ក្រុមទី២ ភូមិ១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រយចក៏បានយកទៅបញ្ចាំបាត់។ បន្ទាប់មក ជនសង្ស័យក៏ចេះតែព្យាយាមគេចវេសគេចមុខពីជនរងគ្រោះរហូត។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងប្រមាណ២និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រទះឃើញជនសង្ស័យក៏ប្តឹងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ឃាត់ខ្លួនជនសង្ស័យពីបទរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូជិះរួចយកទៅបញ្ចាំ)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
