ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍កណ្តែក សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត បានចុះបង្ក្រាបករណីឆក់កាបូបភ្ញៀវទេសចរណ៍ ត្រង់ចំណុចផ្លូវវត្តបូព៌ ក្រុងសៀមរាប ដែលជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីធ្វើសកម្មភាពរួច ក៏គេចខ្លួនមកផ្ទះ ទើបត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន នៅចំណុចភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មាឈ្មោះរស់ សុជាតិ អាយុ១៩ឆ្នាំ ស្នាក់នៅភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួន និងមានស្រុកកំណើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ Solaishan ភេទស្រី អាយុ២០ឆ្នាំ និងទី២-ឈ្មោះ Tsaikayi ភេទស្រី អាយុ២០ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ជាជនជាតិចិន។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះទាំង២នាក់កំពុងដើរនៅត្រង់ចំណុចផ្លូវវត្តបូព៌ កណ្តាលក្រុងសៀមរាប ក៏ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់យកកាបូប ដែលក្នុងនោះ មានទូរស័ព្ទដៃទំនើបចំនួន២គ្រឿងផង បន្ទាប់មកក្រុមជសង្ស័យក៏បានជិះម៉ូតូគេចបាត់ស្រមោលអស់។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបឈានដល់ការតាមប្រមាញ់ចាប់ខ្លួន ជនសង្ស័យខាងលើបានដល់ផ្ទះ ខណៈបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ទៅហើយ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន ទូរស័ព្ទចំនួន២គ្រឿង ម៉ាក Samsung ១គ្រឿង និងម៉ាក iPhone ១គ្រឿង ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាកស្កុបពី១គ្រឿង ពណ៌ស ពាក់ស្លាកលេខសៀមរាប 1AD-0354 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ បន្ទាប់មកកម្លាំងអន្តរាគមន៍ខេត្ត បានបញ្ជូនទៅឱ្យការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប៕