ខេត្តកណ្តាល ៖ ព្រះសង្ឃ១អង្គ ត្រូវសិស្សគណទាញចបកាប់វាយសំពងចំនួន៥ចប បណ្តាលឱ្យរងរបួសយ៉ាងដំណំ ខណៈដែលព្រះសង្ឃរងគ្រោះខឹងរឿងប្រើសិស្សគណទៅទិញសាប៊ូមិនព្រមទៅ ក៏ជេរស្តីតិចតួច ស្រាប់តែកូនសិស្សរមិលគុណទាញចបកាប់មកវាយសំពងលើព្រះសង្ឃទាំងកំរោល។

ករណីអំពើហិង្សា សិស្សគណវ៉ៃព្រះសង្ឃ៥ចបនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចកុដិព្រះសង្ឃរងគ្រោះ ក្នុងបរិវេណវត្តស្តៅកន្លែង ស្ថិតក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

ជនរងគ្រោះជាព្រះសង្ឃព្រះនាម ឃីន ខុនណា ព្រះជន្ម៣៤វស្សា គង់នៅទីអារាមវត្តស្តៅកន្លែង ស្ថិតក្នុងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ រងរបួសលើផ្ទៃមុខខាងស្តាំក្រោមភ្នែកចំនួន១កន្លែង ដៃខាងស្តាំចំនួន៣កន្លែង។ ចំណែកជនសង្ស័យជាទមិឡឥតសាសនា មានឈ្មោះផល សំណាង ហៅសឹង្ហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកូនសិស្សលោក ស្នាក់នៅពឹងលើបាយបាតក្នុងទីអារាម វត្តស្តៅកន្លែងខាងលើ និងមានស្រុកកំណើតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យក ចបកាប់ចំនួន១ មានដងឈើ ផ្លែដែកប្រវែង១,២៥ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ព្រះសង្ឃរងគ្រោះ បានប្រើជនសង្ស័យជាកូនសិស្ស ឱ្យទៅទិញសាប៊ូម្សៅ តែជនសង្ស័យមិនទៅ ទើបធ្វើឱ្យព្រះអង្គខឹងក៏ស្តីបន្ទោសឱ្យជនសង្ស័យបន្តិចបន្តួច ស្រាប់តែជនសង្ស័យខឹងច្រឡោត ក៏ស្ទុះទៅទាញចបកាប់វាយសំពងទៅលើព្រះសង្ឃរងគ្រោះ ចំនួន៥ចប បណ្តាលឱ្យរងរបួសផ្ទៃមុខ ភ្នែក និងដៃតែម្តង។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើសិស្សគណមិនបាន ទើបព្រះសង្ឃរងគ្រោះបាននិមន្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានបណ្តឹងពីព្រះសង្ឃរងគ្រោះរួចហើយ កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ ព្រមទាំងងដកហូតវត្ថុតាងយកមកកាន់ប៉ុស្តិ៍ ដើម្បីសួរនាំនិងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់ការបន្តនីតិវិធី។/