Sunday, November 23, 2025
Homeព័ត៌មានជាតិកំពុងតែធ្វើការ ម្តាយខលប្រាប់រឿងនេះ... ចេញមកទាំងទឹកភ្នែក

កំពុងតែធ្វើការ ម្តាយខលប្រាប់រឿងនេះ… ចេញមកទាំងទឹកភ្នែក

ខេត្តកណ្តាល ៖ ក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ ឆ្លៀតពេលជីដូនរវល់ការងារក្នុងផ្ទះភ្លេចខ្លួន ក៏ដើរលេងតែម្នាក់ឯងទៅខាងក្រោយផ្ទះ រួចក៏រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាងក្រោយផ្ទះក្មេងប្រុសរងគ្រោះ ចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិទន្លាប ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះរ៉ា ណារាជ្យ អាយុ១ខួប៥ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីឈ្មោះចាន់ សារុំ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាម្តាយរបស់ក្មេងប្រុសរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅមុនពេលកើតហេតុ នាងរវល់ចេញទៅធ្វើការរោងចក្រ ទើបទុកកូនឱ្យម្តាយបង្កើតដែលរស់នៅផ្ទះជាមួយគ្នា ជួយមើលថែ រួចក៏ចេញទៅធ្វើការបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោងប្រហែល១និង៣០នាទីរសៀល ម្តាយបានទូរស័ព្ទមកប្រាប់នាងថា បាត់កូនឯងហើយ ដើររកអត់ឃើញទេ ពេលនោះនាងក៏ចេញពីរោងចក្រមកដល់ផ្ទះនៅម៉ោង១និង៥០នាទី ហើយក៏នាំគ្នាដើររក និងចុះទៅរាវក្នុងស្រះទឹក ស្រាប់តែប្រទះឃើញសាកសពកូនប្រុសនៅក្រោមដើមកញ្ឆែតក្នុងស្រះខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដំណាក់អំពិល លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងឪពុកម្តាយបងប្អូននៃសព បានធ្វើការពិនិត្យ លើក្មេងប្រុសរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES